កងការពារព្រំដែនខ្មែរបានថ្លែងថា ភាគីថៃបានបដិសេធមិនព្រមប្រគល់សាកសពប្រជាពលរដ្ឋខ្មែរម្នាក់ដែលទាហានថៃបាញ់សម្លាប់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍កន្លងមកនេះទេ ដោយចោទថា បុរសខ្មែរដែលបានស្លាប់នោះគឺជាចោរចូលទៅធ្វើសកម្មភាពប្លន់ទាំងឯកសណ្ឋានកងទ័ពក្នុងទឹកដីថៃ។
លោក ប៉ុក ប៉ូច មេបញ្ជាការកងអនុសេនាតូចលេខ៣ ប្រចាំនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរខ្មែរកំពុងធ្វើការទំនាក់ទំនងជាមួយភាគីថៃ ដើម្បីយកសាកសពបុរសខ្មែរនោះមកវិញ។
លោក ប៉ុក ប៉ូច មានប្រសាសន៍ថា ៖ «ខ្ញុំកំពុងបន្តស្រាវជ្រាវនៅចំណុចភ្នំដីទៀត វានៅក្នុងដីថៃទេ មិនមែននៅម្តុំខ្មែរយើងទេ ប៉ុន្តែខ្ញុំកំពុងស្រាវជ្រាវរកអ្នករកស៊ីខាងហ្នឹង»។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា ទាហានឈុតខ្មៅថៃបានបាញ់សម្លាប់បុរសខ្មែរម្នាក់មានឯកសណ្ឋានប៉ារ៉ា កាលពីរំលងអធ្រាត្រថ្ងៃទី៣ ខែមករា នៅចំណុចលូ៤ ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវថៃ។
ប្រភពដដែលបានបញ្ជាក់ថា ភាគីថៃបានបដិសេធមិនព្រមប្រគល់សាកសពបុរសខ្មែរដែលមានឯកសណ្ឋានកងទ័ពឲ្យអាជ្ញាធរខ្មែរទេ ៖ «ទៅប្លន់គេ ដល់ពេលហើយគេឲ្យទាហានគ្នាគេស្ទាក់ចាំ វាចេញមកគេសម្លាប់ទៅ។ ខាងគ្រោះថ្នាក់គេប្រាប់ថា មិនបាច់យកខ្មោចចេញតទៀតទេ ព្រោះខ្មោចនេះគេទុកតាមដានតទៅទៀត គេថាខ្មែរខូច»។
លោក គាង សុធី អធិការរងនគរបាលស្រុកសំពៅលូន បានថ្លែងថា ករណីខាងលើនេះប៉ូលិសបានដឹងដែរ ប៉ុន្តែលោកមិនបានធ្វើការងារជុំវិញបញ្ហានេះទេ ដោយសារតែសាកសពស្ថិតក្នុងទឹកដីថៃ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងភាគីថៃដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញករណីខាងលើនេះទេ។
លោក អាន សារ៉ាយ ប្រធានទំនាក់ទំនងខ្មែរថៃនៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងថា លោកដឹងថា មានបុរសម្នាក់ត្រូវថៃបាញ់សម្លាប់ ប៉ុន្តែមិនមានអ្នកណាស្គាល់ពីអត្តសញ្ញាណឡើយ។
លោក អាន សារ៉ាយ បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំដឹងថាបាញ់ងាប់មែន ប៉ុន្តែមិនស្គាល់អត្តសញ្ញាណថាជាខ្មែរឬអីទេ ហើយមិនដឹងថា គេពាក់ឯកសណ្ឋានទាហាន។ បើថាជាទាហាន តើទាហានខាងណា? យើងអាចទំនាក់ទំនងទៅខាងទាហានគេហ្នឹង ព្រោះខ្ញុំអត់ស្គាល់ បើយើងរាយការណ៍ទៅវាមិនទាន់ច្បាស់លាស់»។
បើទោះបីក្រុមទាហានខ្មែរបានព្យាយាមលាក់បាំងអំពីអត្តសញ្ញាណនៃបុរសរងគ្រោះនោះក្តី ប៉ុន្តែប្រភពពីក្រុមអ្នកភូមិឲ្យដឹងថា បុរសខ្មែរដែលស្លាប់នោះទំនងគឺកងទាហានខ្មែរ ព្រោះមានឯកសណ្ឋានកងទ័ពជាប់នឹងខ្លួន។
មកដល់ពេលនេះគេនៅមិនទាន់ដឹងថា បុរសខ្មែរដែលស្លៀកសម្លៀកបំពាក់កងទ័ពខ្មែរ ត្រូវក្រុមទាហានថៃបាញ់សម្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ដោយឡែកកងទាហានខ្មែរហាក់ដូចព្យាយាមបិទព័ត៌មាននេះខ្លាំងណាស់ដែរ៕