បុរស​ខ្មែរ​ម្នាក់​ត្រូវ​សង្ស័យ​ថា​វៀតណាម​វាយ​សម្លាប់

បុរស​ម្នាក់​នៅ​ខេត្ត​កំពត ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនង​ជា​ត្រូវ​ជនជាតិ​វៀតណាម​ព្រួត​គ្នា​វាយ​សម្លាប់​នៅ​ក្នុង​ទឹក​ដី​វៀតណាម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​បាន​យក​សាកសព​ទៅ​បោះ​ចោល​ក្រោយ​ពី​ឃាតកម្ម​នោះ។

0:00 / 0:00

សមាគម​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពត នៅ​ថ្ងៃ​ច័ន្ទ ១១ មករា​នេះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ផ្តល់​យុត្តិធម៌​ឲ្យ​បុរស​ខ្មែរ​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា ត្រូវ​ជនជាតិ​វៀតណាម​វាយ​សម្លាប់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​គ្រា​ដែល​បុរស​រូប​នោះ​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម​ដើម្បី​ធ្វើ​កម្មករ​សំណង់។

អ្នកស្រី ទ្រី ឈូន មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជាក់​ថា ការ​ស្លាប់​នោះ​មិន​មែន​ចៃដន្យ​ឡើយ។ អ្នកស្រី​គិត​ថា វា​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​យ៉ាង​ច្បាស់​លាស់ បើ​សិន​ជា​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ ការ​ឈឺ​ចាប់​នឹង​ការ​រើស​អើង​ពូជ​សាសន៍​នឹង​បន្ត​កើត​ឡើង​គ្មាន​ពេល​ឈប់។

អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ដ៏​ធំណាស់។ ហេតុ​អី​បាន​ខ្ញុំ​យល់​ឃើញ​អ៊ីចឹង? ដោយសារ​ថា ប្រវត្តិសាស្រ្ដ​ខ្មែរ​យើង​ជាមួយ​វៀតណាម​វា​រអូម​រអាម​យូរ​ហើយ។ ដោយសារ​តែ​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ទាំង​សងខាង​នេះ ធ្វើ​ឲ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍​កាន់​តែ​ខ្លាំង​ទៅ»

ប្រភព​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដដែល​បាន​អះអាង​ថា បុរស​ខ្មែរ​រូប​នោះ​ឈ្មោះ ថន បាន អាយុ​២៤​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​កោះចំការ ឃុំ​បឹងសាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត តែង​បាន​ជិះ​កង់​ចូល​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ទឹក​ដី​វៀតណាម​ជា​រៀងរាល់​ថ្ងៃ។

នៅ​ថ្ងៃ​៧ មករា កន្លង​ទៅ​ថ្មីៗ​នេះ នៅ​វេលា​ដែល ថន បាន និង​មិត្ត​ភក្ដិ​របស់​ខ្លួន​បាន​ត្រឡប់​មក​ពី​ធ្វើការ​វិញ វេលា​ប្រហែល​ម៉ោង​១០​យប់ តាម​ផ្លូវ​ក្នុង​ស្រុក​ហាទៀង ខេត្ត​គានយ៉ាង ប្រទេស​វៀតណាម ក៏​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ត្រូវ​ម៉ូតូ​ជនជាតិ​វៀតណាម​បុក​ខ្ទេច​កង់។ នៅ​ក្រោយ​គ្រោះថ្នាក់​នោះ ជនជាតិ​វៀតណាម​មាន​គ្នា​ជា​ច្រើន​នាក់​ដេញ​មក​តាម​ពី​ក្រោយ។ ថន បាន និង​មិត្តភក្ដិ​ក៏​នាំ​គ្នា​លី​កង់​រត់​បែក​ផ្លូវ​គ្នា។ មក​ដល់​ផ្ទះ​ក្នុង​ទឹក​ដី​ខ្មែរ​វិញ គេ​មិន​បាន​ឃើញ ថន បាន មក​វិញ​ទេ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​សៅរ៍​មុន​នេះ ទើប​គេ​ប្រទះ​ឃើញ​សាកសព ថន បាន អណ្តែត​ទឹក ដោយ​មាន​ក្រុម​អ្នក​ភូមិ​និង​ក្រុម​ពេទ្យ​វៀណាម បាន​រក​ឃើញ​ថា ថន បាន បាក់​ធ្មេញ​មុខ​អស់​រលីង មាន​ស្នាម​ជាំ​នៅ​ក​ផ្នែក​ខាង​ក្រោយ​និង​មាន​ស្នាម​ជាំ​នៅ​លើ​ដើម​ទ្រូង។

លោក អ៊ុន ខេត មេ​ឃុំ​សាលា​ខាង​ត្បូង បាន​ថ្លែង​ថា លោក​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​រឿង​នេះ​ដែរ ៖ «ឥឡូវ​ហ្នឹង​វៀតណាម​និង​ខ្មែរ​យើង​កំពុង​តែ​ចរចា​គ្នា ពិភាក្សា​គ្នា​អំពី​រឿង​ហ្នឹង។ ខ្ញុំ​កំពុង​រក​ហេតុផល​ហ្នឹង​ដែរ»

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ​ជាមួយ ថន បាន បាន​សម្ដែង​ថា ថន បាន ច្បាស់​ជា​ត្រូវ​ជន​ជាតិ​វៀតណាម​វាយ​សម្លាប់។ លោក​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ការពារ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ជា​ពិសេស​ថ្នាក់​ដឹកនាំ​ទាំង​ប្រទេស​ខ្មែរ ក៏​ដូច​ជា​ប្រទេស​វៀតណាម​ដែរ ធ្វើ​យ៉ាងណា​ការពារ​យុត្តិធម៌​ឲ្យ​ជន​ស្លូត​ត្រង់​ផង ជន​ក្រីក្រ​ផង»

គួរ​ជម្រាប​ជូន​ថា កាល​ពី​ឆ្នាំ​មុន​មន្ត្រី​ជលផល​ខ្មែរ​ម្នាក់​ត្រូវ​បាន​ទាហាន​វៀតណាម​បាញ់​សម្លាប់ នៅ​គ្រា​ដែល​មន្ត្រី​រូប​នោះ​បាន​ចូល​ទៅ​អន្តរាគមន៍​ចាប់​ជនជាតិ​វៀតណាម ដែល​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឮ​ថា រឿង​នោះ​មាន​ការ​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕