មន្រ្តី​យោធា​ខ្មែរ​ចាប់​ផ្ដើម​បង្ក្រាប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ព្រំដែន

មេ​បញ្ជាការ​យោធា​ប្រចាំ​ព្រំដែន​ខ្មែរ​ភាគ​ខាង​លិច​ជាប់​ព្រំដែន​ថៃ បាន​អះអាង​ថា គេ​កំពុង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​តាម​បង្ក្រាប​ក្រុម​អ្នក​កាប់​ឈើ​និង​ពួក​ឈ្មួញ​ដឹក​​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​តាម​តំបន់​ព្រំដែន​ចាប់​ពី​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្ត​ព្រះវិហារ។

0:00 / 0:00

មន្ត្រី​យោធា​ជាន់​ខ្ពស់​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ចាប់​ផ្តើម​ប្រើ​កម្លាំង​យោធា​និង​អាវុធ​​ស្វ័យប្រវត្តិ​ចាប់​ភ្ជាប់​លើ​រថយន្ត​ចល័ត​មួយចំនួន​ដើម្បី​ធ្វើ​យុទ្ធនាការ​តាម​បង្រ្កាប​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ក្រុម​អ្នក​កាប់ឈើ​និង​ពួក​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​តាម​តំបន់​ព្រំដែន​ក្នុង​រយៈពេល​ជាង​២​សប្តាហ៍​កន្លង​មក​នេះ។

អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​នៅ​តំបន់​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​លោក​ឧត្តមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​កុម្ភៈ ថា លោក​បាន​រៀបចំ​កម្លាំង​កងទ័ព​ដែល​កំពុង​ការពារ​នៅ​តាម​ព្រំដែន​ឲ្យ​ធ្វើការ​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​កាប់ឈើ​និង​ឈ្មួញ​ដឹក​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ចាប់​ពី​តំបន់​ព្រំដែន​នៃ​ខេត្ត​ព្រះវិហារ​រហូត​ដល់​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។

លោក ជា តារា បាន​មាន​ប្រសាសន៍​ថា ឲ្យ​តែ​បទល្មើស​កាប់​និង​ដឹក​ជញ្ជូន​ឈើ​កើត​ឡើង​នៅ​តំបន់​ណា គឺ​លោក​នឹង​បញ្ជា​ទៅ​កង​ទាហាន​នៅ​ក្បែរ​នោះ​ឲ្យ​បង្រ្កាប​ភ្លាមៗ។ លោក​ឧត្តមសេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ថា កម្លាំង​ចល័ត​មួយ​ក្រុម​របស់​លោក​បាន​រៀបចំ​អាវុធ​ស្វ័យប្រវត្តិ​តាម​រថយន្ត​ចល័ត​មួយចំនួន​ផង​ដែរ​ក្នុង​ការ​តាម​បង្រ្កាប​ទៅ​លើ​អាជីវកម្ម​ខុស​ច្បាប់​ណា​ដែល​មាន​ទ្រង់ទ្រាយ​ធំ។

លោក ជា តារា មាន​ប្រសាសន៍​ដូច្នេះ ៖ «បទល្មើស​វា​នៅ​តំបន់​ណា​គឺ​យើង​ហៅ​កម្លាំង​ក្បែរ​ហ្នឹង​អនុវត្ត​ភ្លាម មាន​ប្រសិទ្ធភាព​ណាស់។ អនុវត្ត​បទ​បញ្ជា​របស់​សម្តេច​តេជោ​ក្នុង​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ដែល​អ្នក​ណា​ក៏ដោយ ក្នុង​រូបភាព​ណា​ក៏ដោយ ឲ្យ​តែ​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​បង្ក្រាប។ ចំពោះ​មុខ​យើង​រក​អ្នក​ល្មើស​ធំៗ ផ្ទាល់​ដៃ ល្មើស​ធំ​ដុំ​គឺ​ត្រូវ​តែ​បង្រ្កាប​​រូបភាព​ណា​ក៏​ត្រូវ​បង្រ្កាប​ដែរ»

លោក​ឧត្តមសេនីយ៍ ជា តារា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​បង្រ្កាប​មួយរយៈ​នៅ​មាន​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​រូបភាព​តូចៗ​កំពុង​គេច​​ធ្វើ​សកម្មភាព​នៅ​ឡើយ​ដែល​កង​ទាហាន​បង្រ្កាប​កំពុង​តាម​រក។

ចំណែក​នៅ​ឯ​តំបន់​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​តែង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​មក​លក់​ឲ្យ​ឈ្មួញ ហើយ​ត្រូវ​ទាហាន​ថៃ​បាន​ស្លាប់​និង​រង​របួស​ជា​ហូរហែ​កន្លង​មក ឥឡូវ​មាន​សេចក្តី​រាយ​ការណ៍​ថា បាន​ស្ងប់ស្ងាត់​ការ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នោះ​ហើយ។

អភិបាល​ស្រុក​ត្រពាំងប្រាសាទ លោក វណ្ណ កុសល បាន​មាន​ប្រសាសន៍​ថា តំបន់​របស់​លោក​បាន​ស្ងប់ស្ងាត់​សកម្មភាព​ប្រជាពលរដ្ឋ​នាំ​គ្នា​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​មក​លក់​ឲ្យ​ឈ្មួញ​នោះ ក៏​ប៉ុន្តែ​នៅ​មាន​អ្នក​មក​ពី​ឆ្ងាយ​លប​លួច​ឆ្លង​ដែន​កាប់​ឈើ​ម្តងម្កាល​ដែរ។

លោក វណ្ណ កុសល បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «តាំង​ពី​កង​កម្លាំង​អគ្គ​បញ្ជាការ​ជួយ​ចុះ​បង្រ្កាប​មក កង​កម្លាំង​ប្រដាប់​អាវុធ​ក៏​គាត់​ខំ​ពង្រឹង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទៅ ឥឡូវ​ហ្នឹង​គឺ​ជ្រៀត​ចូល​លែង​រួច​ហើយ។ វា​ធូរ​ស្រាល​ជាង​មុន​ច្រើន​មែន​ទែន»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មី​ថា ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១០ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ជាយ​ដែន​ចំនួន​១០​នាក់​ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ដោយ​ចោទ​ប្រកាន់​ថា បាន​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ខុស​ច្បាប់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លង​មក ​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ទៅ​បើក​សម្ពោធ​បន្ទាយ​យោធា​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ព្រមាន​ចំពោះ​ការ​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ដោយ​លោក​បាន​បញ្ជា​ឲ្យ​កង​ទាហាន​បង្រ្កាប​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តាម​តំបន់​ព្រំដែន​ទាំង​នោះ៕