នៅក្នុងសន្និសីទកាសែតបន្ទាន់មួយដែលធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈនេះ លោក ហោ ណាំហុង បានបញ្ជាក់ថា ការឡើងទៅប្រាសាទតាមាន់របស់នាយឧត្តមសេនីយ៍ ខាន់ សាវឿន គឺជាកិច្ចការផ្ទាល់ខ្លួនរបស់លោកទេ មិនទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រាសាទតាមាន់នោះឡើយ។
នៅក្នុងសន្និសីទកាសែតដដែលនេះ លោក ហោ ណាំហុង បានហៅមេដឹកនាំថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ក្នុងការជំទាស់ទៅនឹងការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅគ្រាដែលមានកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកនៅខែកក្កដាខាងមុខនេះថា ជាជនឆោតល្ងង់ ដោយសារតែប្រាសាទព្រះវិហារត្រូវបានគេដាក់ជាបេតិកភណ្ឌពិភពលោករួចទៅហើយកាលពីឆ្នាំមុន៕
