មន្ត្រី​ខ្មែរ​បដិសេធ​ព័ត៌មាន​ថា​ថាក់ស៊ីន​នៅ​កម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គួង បាន​ថ្លែង​ប្រតិកម្ម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០១០​នេះ ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពុំ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ពេល​នេះ។

ប្រតិកម្ម​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ថៃ The Nation ផ្សព្វផ្សាយ​ថា លោក ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​ថៃ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​ថា កំពុង​បញ្ជា​ក្រុម​អាវ​ក្រហម​យ៉ាង​ពេញ​ទំហឹង។

លោក កុយ គួង មាន​ប្រសាសន៍​បន្ត​ថា បើសិន​លោក ថាក់ស៊ីន នៅ​ក្នុង​ប្រទេស​កម្ពុជា​មែន​នោះ កម្ពុជា​គ្មាន​អ្វី​ដែល​ត្រូវ​លាក់លាម​ឡើយ ព្រោះ​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា​ផង។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ធ្លាប់​បាន​លើក​ឡើង​ហើយ​ថា ដំណើរ​ចេញ​ចូល​របស់​ឯកឧត្ដម ថាក់ស៊ីន មក​កម្ពុជា គឺ​ជា​រឿង​មិន​មាន​ភាព​សម្ងាត់ ឬ​ក៏​លាក់​កំបាំង​អ្វី​ទេ។ គឺ​ថា រាល់​ពេល​ឯកឧត្ដម​ចេញ​ចូល​ប្រទេស​កម្ពុជា​តែងតែ​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍ តាម​បណ្ដាញ​សារព័ត៌មាន តាម​វិទ្យុ គឺ​គ្រប់​ទាំង​អស់ ដោយសារ​ឯកឧត្ដម​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្ដេច​តេជោ​ផង ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង។ ដូច្នេះ​មក​ដល់​ពេល​នេះ​គឺ​ឯកឧត្ដម ថាក់ស៊ីន មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ដូច្នេះ​ការ​លើក​ឡើង​របស់​កាសែត The Nation ថ្មីៗ​នេះ Online (តាម​ប្រព័ន្ធ​អ៊ិនថឹណិត) នេះ គឺ​ជា​រឿង​មិន​ពិត​ទាល់​តែ​សោះ! ដូច្នេះ​ហើយ​ចំពោះ​ព័ត៌មាន​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​សូម​ធ្វើ​ការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ»