លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជា បានថ្លែងថា ការធ្វើបត្យាប័ននានាក៏ត្រូវផ្អែកទៅលើករណីទោសនៃបុគ្គលដែលនឹងត្រូវធ្វើបត្យាប័ននោះដែរ។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថា កន្លងមកវាមានបត្យាប័នហ្នឹងហើយ ដែលថាបញ្ជូនជនល្មើសអីអ៊ីចឹង ប៉ុន្តែក្នុងច្បាប់ហ្នឹងគេបានបញ្ជាក់ហើយ ក្នុងករណីប្រទេសបញ្ជូនហ្នឹងរកហេតុផលខាងលក្ខណៈនយោបាយ លក្ខណៈប្រឆាំងពូជសាសន៍អីហ្នឹង គេមានសិទ្ធិមិនបញ្ជូនទេ។ ខាងណោះ(ថៃ)គេថា គេនឹងប្រើច្បាប់អន្តរជាតិដទៃទៀត ខ្ញុំក៏អត់យល់ដែរ មិនដឹងគេប្រើច្បាប់អីគេ។ ប្រសិនបើប្រើច្បាប់ផ្សេងអីទៀតបាន គេមិនបាច់ធ្វើសន្ធិសញ្ញាបត្យាប័ននៃកិច្ចព្រមព្រៀងបត្យាប័នហ្នឹងទេ»។
បើទោះបីជាមានការឆ្លើយឆ្លងពាក្យសម្តីរវាងប្រទេសទាំងពីរ និងមានបាតុកម្មពីប្រជាពលរដ្ឋថៃមួយចំនួននៅឯមុខស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក ប្រទេសថៃ ក៏ដោយ លោក កុយ គួង បានថ្លែងថា ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដែលមានគ្រប់វិស័យនោះ នៅតែមានភាពល្អដដែល ហើយជំហររបស់រដ្ឋាភិបាលកម្ពុជា គឺនឹងនៅតែធ្វើឲ្យទំនាក់ទំនងបន្តជាធម្មតា។
លោក កុយ គួង បានមានប្រសាសន៍ឲ្យដឹងដូច្នេះថា ៖ «ករណីដែលសម្ដេចអាចទទួលលោក ថាក់ស៊ីន ហ្នឹង ក្នុងនាមជាឯកជនដែលសម្ដេចរាប់អានលោក ថាក់ស៊ីន ជាមិត្តជិតស្និទ្ធរបស់សម្ដេចតែប៉ុណ្ណោះឯង មិនបានប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-ថៃទេ»៕
