ទស្សនៈ​មន្ត្រី​ខ្មែរ​ចំពោះ​ជោគជ័យ​របស់ Barack Obama

ស្រប​ពេល​ដែល​លោក Barack Obama ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៤ មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ខ្មែរ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រឆាំង រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្ដែង​ការអបអរ​សាទរ ហើយ​ថា លោក Barack Obama នឹង​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ដ៏​សំខាន់​ក្នុង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក នយោបាយ​ពិភពលោក និង​នយោបាយ​របស់​កម្ពុជា។

0:00 / 0:00

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​គឺ​លោក កឹម សុខា ដែល​លោក​ធ្លាប់​ប្រើ​វោហាសាស្ត្រ​ឲ្យ​មាន​ផ្លាស់ប្តូរ​នៅ​កម្ពុជា ដូច​ដែល​លោក Barack Obama (បារ៉ាក់ អូបាម៉ា) ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅ​សហរដ្ឋ​អាមេរិក​នោះ លោក​បាន​ថ្លែង​ចំពោះ​ជោគជ័យ​របស់​លោក Barack Obama យ៉ាង​ដូច្នេះ​ថា ៖ «នេះ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​អាមេរិក​គេ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​គេ​មាន​សំណាង អ្វី​ដែល​គេ​ចង់​ផ្លាស់​ប្ដូរ គេ​បាន​ប្ដូរ។ ឃើញ​លោក អូបាម៉ា សារ​នយោបាយ​របស់​គាត់​គឺ​ប្ដូរ ឥឡូវ​នេះ​គេ​ប្ដូរ​បាន គឺ​គេ​ធ្វើ​បាន​ទាំងអស់ ដោយសារ​ប្រជាពលរដ្ឋ​គេ​មាន​ការយល់​ដឹង ហើយ​ដោយសារ​របប​គ្រប់គ្រង​របស់​គេ​ជា​របប​មួយ​ដែល​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ឲ្យ​អំណាច​ទៅ​ប្រជារាស្រ្ដ។ ហើយ​ការដូរ​បាន​នេះ​គឺ​ដោយសារ​ការបោះឆ្នោត​គេ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តែ​អភ័ព្វ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ប្ដូរ​ដែរ​តែ​ដូរ​មិន​បាន។ ខ្ញុំ​សូម​សរសើរ​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ដែល​បាន​ជោគជ័យ​ក្នុង​ការផ្លាស់ប្ដូរ​តាម​ប្រាថ្នា​របស់​គេ»

ជាមួយ​គ្នា​នេះ លោក កឹម សុខា ដែល​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​មាន​បី​សំឡេង​នៅ​ក្នុង​សភា​ជាតិ​ខ្មែរ​នោះ​ក៏​បាន​ថ្លែង​ឲ្យ​រដ្ឋាការ​ថ្មី​របស់​លោក Barack Obama ជួយ កែ​ទម្រង់​នីតិរដ្ឋ​នៅ​កម្ពុជា​ផងដែរ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «កាលណា​សហរដ្ឋ​អាមេរិក​គ្រាន់តែ​មក​ដាក់​ទូត ឬ​ក៏​មក​សហប្រតិបត្តិការ​ចំណង​មិត្តភាព​ដោយ​គ្មាន​នីតិរដ្ឋ​ទេ ទុក​អំណាច​នៅ​លើ​បុគ្គល​ដដែល ប្រជាពលរដ្ឋ​អត់​អំណាច គឺ​សហរដ្ឋ​អាមេរិក​នឹង​បាក់​មុខ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​អស់​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​លើ​នយោបាយ​អាមេរិក ប៉ុន្តែ​ខ្ញុំ​ជឿ​ថា លោក អូបាម៉ា នឹង​ផ្លាស់ប្ដូរ​នយោបាយ​នេះ»

ចំណែក​ឯ​លោក​តំណាង​រាស្ត្រ សុន ឆ័យ ជា​សមាជិក​នៃ​គណបក្ស​សមរង្ស៊ី​ក៏​បាន​ថ្លែង​ដែរ​ថា ការ​ដែល​លោក Barack Obama បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​របស់​ពិភពលោក។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «ពីព្រោះ​យើង​ឃើញ​ថា អ្វី​ដែល​លោក អូបាម៉ា ទទួល​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​នេះ​ធ្វើ​ឲ្យ​មាន​ការសប្បាយ​រីករាយ​ពេញ​ពិភពលោក ព្រោះ​គេ​មាន​ជំនឿ​ថា លោក អូបាម៉ា នឹង​នាំ​មក​នូវ​ស្ថានភាព​ប្រសើរ​មួយ​ក្នុង​ពិភពលោក ហើយ​និង​ជួយ​ទៅ​ដល់​ការបញ្ចប់​នូវ​ភាព​រើសអើង​ចំពោះ​មនុស្ស​ជាតិ»

ក៏ប៉ុន្តែ​លោក​តំណាង​រាស្ត្រ សុន ឆ័យ ដែល​ជា​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​សភា​ធំ​ជាង​គេ​នោះ​ថ្លែង​ថា នយោបាយ​របស់​កម្ពុជា​នឹង​មាន​ការផ្លាស់​ប្តូរ​ច្រើន​ជាង​នេះ ប្រសិន​បើ​លោក​ព្រឹទ្ធ​សមាជិក​សភា​អាមរិក គឺ​លោក John McCann ដែល​ជា​គូ​ប្រជែង​របស់​លោក Barack Obama បាន​ជាប់​ឆ្នោត​វិញ​នោះ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «សម្រាប់​ប្រទេស​កម្ពុជា ប្រហែល​ជា​លោក McCann ឈ្នះ​ឆ្នោត អាច​នឹង​មាន​ការគិតគូរ​ទៅ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ច្រើន​ជាង​លោក អូបាម៉ា»

សម្រាប់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​វិញ លោក​ក៏​បាន​ថ្លែង​អបអរ​សាទរ​ចំពោះ​លោក Barack Obama ដែល​ត្រូវ​ពលរដ្ឋ​អាមេរិក​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​នោះ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​អំពី​នយោបាយ​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច្នេះ​ថា ៖ «តាំង​ពី​មុន​បោះ​ឆ្នោត​យើង​បាន​និយាយ​ថា ការបោះ​ឆ្នោត​នេះ​ជា​ការបោះឆ្នោត​ផ្លាស់​ប្ដូរ ដោយសារ​ថា​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មាន​បេក្ខជន​ប្រធានាធិបតី​ជា​មនុស្ស​មិន​មែន​ស ប៉ុន្តែ​ក្នុង​គណបក្ស​សាធារណរដ្ឋ​មាន​អនុ​ប្រធានាធិបតី​ជា​នារី។ យើង​សង្ឃឹម​ថា ដោយសារ​ទី​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អាមេរិក យើង​បាន​សហការ​ល្អ​ណាស់ អ៊ីចឹង​យើង​សង្ឃឹម​ថា​នឹង​បន្ត​ការងារ​ទៀត។ ទី​២ យើង​សង្ឃឹម​ថា ពេល​ដែល​លោក អូបាម៉ា ជា​ប្រធានាធិបតី​ហើយ នឹង​កែប្រែ​រូបភាព​របស់​អាមេរិក​ឲ្យ​មាន​វិជ្ជមាន​ជាង​មុន​នៅ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ»

ជាមួយ​គ្នា​នេះ លោក ខៀវ កាញារីទ្ធ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា និង​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​អាណត្តិ​ទី​៤​នេះ​ផង ក៏​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​កិច្ច​សហការ​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ទាំង​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​គិត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​រក្សា​ស្តង់ដារ​ពលកម្ម​ល្អ​បំផុត អ៊ីចឹង​ទោះ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ដែល​តែងតែ​មាន​គោល​នយោបាយ​គាំពារ បាន​ន័យ​ថា​គាត់​មិន​សូវ​ចង់​ទិញ​អីវ៉ាន់​ពី​ក្រៅ​ទេ គាត់​ចង់​បង្កើន​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក ប៉ុន្តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​តាម​ស្តង់ដារ​អង្គការ​ពលកម្ម​អន្តរជាតិ ជា​ប្រទេស​មាន​ស្តង់ដារ​ខ្ពស់​បំផុត​នោះ គឺ​នឹង​បន្ត​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា»

ចំណែក​ឯ​មន្ត្រី​អង្គការ​សង្គមស៊ីវិល​គឺ​លោក សុក សំអឿន ដែល​ជា​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក៏​បាន​ថ្លែង​សង្ឃឹម​ទុក​ជា​មុន​ថា លោក Barack Obama នឹង​ជួយ​កែ​លម្អ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​នៅ​ក្មេង​ខ្ចី​នៅ​កម្ពុជា។

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ថា ៖ «ទី​មួយ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​អត់​ទាន់​រឹង​មាំ អត់ទាន់​មាន​ស្ថិរភាព ហើយ​ទី​២ មិន​ទាន់​ពេញលេញ ដែល​ហៅ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​នៅ​ឡើយ​ទេ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា សហរដ្ឋ​អាមេរិក​នឹង​ជួយ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​នៅ​កម្ពុជា​ហ្នឹង​មាន​ពិត​ប្រាកដ»

ភ្លាមៗ​នៅ​ក្រោយ​ការជាប់​ឆ្នោត លោក Barack Obama បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ហើយ​ដែល​ការថ្លែង​នោះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ CNN ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ៖ "ចំពោះ​ជន​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​ខ្ញុំ​មិន​ទាន់​ធ្វើ​ឲ្យ​ជឿ ខ្ញុំ​បាន​ដឹង​ច្បាស់​និង​ឮ​នូវ​សេចក្ដី​ត្រូវការ​របស់​អ្នក ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​ក្លាយ​ជា​ប្រធានាធិបតី​របស់​អ្នក ខ្ញុំ​ត្រូវការ​កិច្ច​គាំទ្រ​ពី​អ្នក។ ហើយ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​មើល​ឃើញ​នូវ​យប់​នេះ​ពី​ទី​កន្លែង​នានា​នៅ​លើ​សកលលោក ពី​សភា ពី​ទី​វិមាន​នានា ហើយ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ប្រមូល​ផ្ដុំ​គ្នា​ស្ដាប់​វិទ្យុ​នៅ​តាម​ទី​កន្លែង​ដែល​គេ​មិន​បាន​នឹក​នា​ទៅ​ដល់ រឿងរ៉ាវ​ទាំង​អស់​របស់​យើង គឺ​មាន​ច្រក​តែ​មួយ​គត់​ដែល​គ្មាន​អ្វី​ប្រៀប​ប្រដូច​បាន​ទេ ប៉ុន្តែ​ជោគវាសនា​របស់​យើង គឺ​យើង​ត្រូវ​ដោះស្រាយ​រួម​គ្នា។ នេះ​មាន​ន័យ​ថា ការដឹកនាំ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ហើយ"។

ការជាប់​ឆ្នោត​ថ្មី​ហើយ​ការឈាន​ចូល​ទៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឯ​សេតវិមាន ឬ White House នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ លោក Barack Obama ត្រូវ​បាន​ពលរដ្ឋ​អាមេរិក​ចាត់ទុក​ថា លោក​គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សហរដ្ឋ​អាមេរិក​ក្នុង​យុគសម័យ​ថ្មី​នេះ៕