ការមានប្រតិកម្មនេះធ្វើឡើងដោយលោក កុយ គួង ជាមន្រ្តីនាំពាក្យក្រសួងការបរទេសខ្មែរ ដើម្បីឆ្លើយបំភ្លឺទៅចំពោះរដ្ឋមន្រ្តីបរិស្ថាននិងធនធានធម្មជាតិថៃ លោក ស៊ូវិត ឃុនគិទិ (Suwit Khunkitti) ដែលថា ការលើកឡើងរបស់លោកគឺជាការបំផ្លើសការពិតដែលមិនអាចលើកលែងឲ្យបាន។
លោក កុយ គួង បានមានប្រសាសន៍ដោយបដិសេធថា ការលើកឡើងរបស់រដ្ឋមន្រ្តីថៃ គឺជារឿងភូតភរ ព្រោះប្រាសាទព្រះវិហារខ្មែរត្រូវបានចុះបញ្ជីដាក់ជាបេតិកភណ្ឌពិភពលោកបានចប់សព្វគ្រប់ទាំងស្រុងចាប់តាំងពីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨មក។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «បញ្ហានេះមិនដូចជាការលើកឡើងរបស់រដ្ឋមន្រ្តីថៃរូបនេះទេ ហើយខ្ញុំសូមបញ្ជាក់ថា នៅពេលនេះគឺថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ គេចូលចិត្តនិយាយបំផ្លើសការពិត និយាយភូតភរបោកប្រាស់សាធារណមតិ។ ខ្ញុំសូមបញ្ជាក់ថា នេះជាការលើកឡើងរបស់គេ គេមិនបានធ្វើជាលាយលក្ខណ៍អក្សរកំណត់ទូតអីផ្ញើមកកម្ពុជា ដើម្បីជូនដំណឹងបញ្ហានេះទេ ដូច្នេះហើយគេគ្រាន់តែលើកឡើងបែបនេះ ដូច្នេះយើងគ្រាន់តែមានប្រតិកម្មតាមរបៀបនេះត្រឡប់ទៅវិញ»។
លោករដ្ឋមន្រ្តីបរិស្ថាននិងធនធានធម្មជាតិថៃ ស៊ូវិត ឃុនគិទិ បានមានប្រសាសន៍ក្នុងកាសែតឈ្មោះ The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈថា ការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅមិនទាន់បានចប់សព្វគ្រប់នៅឡើយទេ ពីព្រោះប្រទេសកម្ពុជាមិនទាន់បានបំពេញគម្រោងគ្រប់គ្រងប្រាសាទព្រះវិហារដែលភា្ជប់ទៅនឹងការបោះបង្គោលព្រំដែននៅឡើយ ហើយភាពមិនប្រាកដប្រជាស្តីពីការចុះបញ្ជីប្រាសាទព្រះវិហារនឹងត្រូវដោះស្រាយលើកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃក្នុងការបោះបង្គោលព្រំដែន។
លោក កុយ គួង បានបញ្ជាក់ថា នេះជាចេតនាមួយរបស់ភាគីថៃដែលចង់បង្វែរបញ្ហានេះឲ្យប្រជាពលរដ្ឋថៃ មកចាប់អារម្មណ៍នឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅខណៈដែលទីក្រុងបាកក ប្រទេសថៃ កំពុងជួបនឹងភាពវឹកវរដោយក្រុមអាវក្រហមប្រឆាំងនឹងរដ្ឋាភិបាលថៃនោះ។
លោក ផៃ ស៊ីផាន ជាមន្រ្តីនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការផងនោះ ក៏បានមានប្រតិកម្មដែរថា នេះជារឿងគួរឲ្យសោកស្តាយចំពោះមន្រ្តីរដ្ឋាភិបាលថៃ មិនគួរព្យាយាមបំផ្លើសការពិតដូច្នេះទេ។
លោក ផៃ ស៊ីផាន បានប្រតិកម្មថា ៖ «ចារិត គិទិ គឺជាចារិតកុហក មិនថ្លៃថ្នូរ មិនស៊ីវីល័យ ដោយសារប្រឌិតព័ត៌មានក្នុងការបោកប្រាស់មតិសាធារណៈ មិនថាប្រជាជាតិថៃ ក៏ដូចជាអន្តរជាតិ ដូច្នេះជាចារិតលក្ខណៈមនុស្សបោកប្រាស់ មនុស្សឈ្លានពាន»។
លោក ផៃ ស៊ីផាន បានបន្ថែមថា នេះជាចរិតចង់ឈ្លានពានទឹកដីកម្ពុជារបស់ថៃ ដែលយកការងារវប្បធម៌ទៅបូកផ្សំនឹងមហិច្ឆតារបស់ខ្លួនក្នុងការវាតទីនិយមនោះ៕
