រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង នៅថ្ងៃអាទិត្យ ទី៧ មីនានេះ បានបដិសេធថា ការសាកល្បងបាញ់កាំជ្រួចហ្វូងនៅកម្ពុជាកាលពីពេលថ្មីៗនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខសម្រាប់ប្រទេសក្នុងតំបន់ឡើយ។
មានប្រសាសន៍តបទៅតាមលិខិតផ្លូវការមួយទៅអគ្គលេខាធិការអាស៊ាន គឺលោក សូរិន ពិតសូវ៉ាន់ (Surin Pitsuwan) ដែលថ្លែងថា "កម្ពុជាអាចផ្តល់សញ្ញាថា គ្មានស្ថិរភាពនៅក្នុងតំបន់និងធ្វើឱ្យអាស៊ានមានការព្រួយបារម្ភខ្លាំង" លោក ហោ ណាំហុង បានសរសេរពន្យល់ថា ដើម្បីចៀសវៀងការយល់ច្រឡំនិងការធ្វើអត្ថាធិប្បាយណាមួយខុស ប្រទេសកម្ពុជាសម្រេចធ្វើការសាកល្បងបាញ់កាំជ្រួចឆ្ងាយពីព្រំដែនថៃ។
សេចក្តីក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្តថា ក្នុងនាមជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក សូរិន ពិតសូវ៉ាន់ យល់ច្បាស់ហើយថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសណាមួយនៅក្នុងពិភពលោកគឺជារឿងធម្មតា។ សូម្បីតែលោកនាយករដ្ឋមន្ត្រី អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ក៏បានថ្លែងដែរថា ប្រទេសថៃមិនមានបញ្ហាអ្វីជាមួយការធ្វើសមយុទ្ធនេះទេ ព្រោះវាជាការអនុវត្តធម្មតារបស់ប្រទេសមួយដែលធ្វើសមយុទ្ធយោធា។ លោក អាភីស៊ិត បានថ្លែងទៀតថា ការធ្វើសមយុទ្ធយោធាគឺជាការអនុវត្តធម្មតា។ យើងក៏បានធ្វើសមយុទ្ធយោធារបស់យើងដែរកាលពីពេលថ្មីៗនេះ។
សេចក្តីក្នុងលិខិតបានបញ្ជាក់ទៅលោក សូរិន ពិតសូវ៉ាន់ ទៀតថា លោកអាចនៅចាំដែរថា មិនយូរប៉ុន្មានកន្លងទៅនេះ ទាហានថៃបានធ្វើសមយុទ្ធយោធាមួយនៅក្បែរព្រំដែនកម្ពុជា ជាពិសេសនៅទន្ទឹមគ្នានឹងតំបន់កំពុងមានជម្លោះ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបាញ់គ្រាប់ផ្លោងរបស់ខ្លួនចូលទឹកដីកម្ពុជាទៀតផង។ ប្រទេសកម្ពុជាមិនបានធ្វើប្រតិកម្មអ្វីទេ។
ជាមួយគ្នានេះដែរ មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងដូច្នេះថា ៖ «ការលើកឡើងរបស់លោកបណ្ឌិត សូរិន ពិតសូវ៉ាន់ គឺជារឿងចម្លែកណាស់ ដែលលោកជាអគ្គលេខាធិការអាស៊ាន លោកមិនគួរនិយាយដល់បញ្ហាផ្ទៃក្នុងនៃប្រទេសជាសមាជិកអាស៊ានទេ»។
កាលពីថ្ងៃទី៤ មីនាកន្លងទៅ កម្ពុជាបានសាកល្បងធ្វើសមយុទ្ធយោធារបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង ដោយបានបាញ់កាំជ្រួចម៉ាក BM21 ចំនួនជាង២០០គ្រាប់ បន្ទាប់ពីការហ្វឹកហ្វឺនយោធារួចមក។
តាមប្រសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងប៉ុន្មានម៉ោងក្រោយពីការសាកល្បងថា ការសាកល្បងបាញ់កាំជ្រួចនោះមិនមែនជាការបង្ហាញសាច់ដុំដល់ប្រទេសណាមួយនោះទេ។
នៅក្នុងលិខិតនៅថ្ងៃដដែលនេះរបស់លោក ហោ ណាំហុង បានសរសេរថែមទៀតថា លោកមានជំនឿមុតមាំថា ក្នុងសមត្ថកិច្ចរបស់លោក សូរិន ពិតសូវ៉ាន់ ជាអគ្គលេខាធិការអាស៊ាន លោកមិនគួរធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលនាំរូបភាពមិនល្អដល់ប្រទេសសមាជិកអាស៊ានទេ ក៏ដូចជាសមាគមអាស៊ានទាំងមូលផងដែរ។ លើសពីនេះទៀត លោកមិនគួរធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលអាចចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាសមាជិកអាស៊ានមួយដែរ។
វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីលោកអគ្គលេខាធិការអាស៊ាននៅឡើយទេក្នុងថ្ងៃអាទិត្យ ទី៧ ខែមីនានេះ៕
