នាយក​រដ្ឋមន្ត្រី​ខ្មែរ​នឹង​ជួប​ក្រៅ​ផ្លូវ​ការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ប្រទេស​វៀតណាម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នឹង​ជួប​ក្រៅ​ផ្លូវការ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ស៊ុមឆៃ វង់សាវ៉ាត់ ផង​ដែរ។

0:00 / 0:00

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ស្រ៊ី ថាមរង្គ មិន​បាន​បញ្ជាក់​ថា​តើ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​អាច​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ជម្លោះ​ព្រំដែន​ឬ​យ៉ាងណា​នោះ​ទេ។

លោក ស្រី ថាមរង្គ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កន្លង​មក​នេះ មិន​ទាន់​មាន​កម្មវិធី​ទេ ក៏​ប៉ុន្តែ​យើង​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​វា​មាន​ពេល​សម្រាក បាយ​ការងារ វា​មាន​ជប់លៀង ដូច្នេះ​វា​ជៀស​មិន​ផុត ហើយ​យើង​ឃើញ​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ថា កន្លង​មក ការងារ​នៅ​ព្រំដែន យើង​ឃើញ​ថា មាន​សភាពការណ៍​ល្អ​ប្រសើរ​ណាស់ សភាពការណ៍​មិន​មាន​អី​គួរ​ឲ្យ​បារម្ភ​ដូច​លើក​មុន​ទេ។ យ៉ាង​ហោច​ណាស់ ក៏​មាន​ការជួប​គ្នា​ជជែក ប៉ុន្តែ​គ្រាន់​តែ​ថា កម្មវិធី​ជួប​ដោយ​ឡែក យើង​អត់​ទាន់​មាន​ទេ»

នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ស៊ុមឆៃ វង់សាវ៉ាត់ ធ្លាប់​បាន​ជួប​ប្រជុំ​ក្រៅ​ផ្លូវការ​ម្ដង​រួច​មក​ហើយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ភាគី​ទាំង​ពីរ​បាន​តាំង​ចិត្ត​ថា នឹង​ការពារ​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​ព្រំដែន​នោះ​ឡើយ។

ក្រសួង​ការបរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​ថា មន្ត្រី​គណៈកម្មការ​ព្រំដែន​គោក​កម្ពុជា​-ថៃ​នឹង​ជួប​ប្រជុំ​ពិសេស​នៅថ្ងៃ​ទី​១០ និង ១១ វិច្ឆិកា នៅ​ខេត្ត​សៀមរាប ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ គឺ​លោក ហោ ណាំហុង និង​លោក សំភុង អៈម៉នវីវ៉ាត់ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ដើម្បី​ជំរុញ​ល្បឿន​នៃ​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ គេ​សង្កេត​ឃើញ​ថា នៅ​មុន​ការ​ចរចា​រាល់​លើក​រវាង​ភាគី​ទាំង​ពីរ រដ្ឋាភិបាល​ថៃ​តែង​តែ​បាន​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា តែ​ភាគី​ខ្មែរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ព្រងើយ​កន្តើយ​ចំពោះ​ស្ថាប័ន​កំពូល​របស់​រដ្ឋ​នេះ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មិន​មាន​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន ហើយ​ថា រដ្ឋាភិបាល​បាន​មើល​រំលង​ស្ថាប័ន​ព្រះ​មហាក្សត្រ​និង​រដ្ឋសភា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ព្រំដែន។

លោក សុន ឆ័យ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ព្រះមហាក្សត្រ​លោក​ទទួល​ខុស​ត្រូវ​កំពូល រាជរដ្ឋាភិបាល​ត្រូវ​តែ​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ​លើ​បញ្ហា​អធិបតេយ្យ បូរណភាព​ទឹក​ដី​នេះ គឺ​រាយការណ៍​និង​សុំ​រាជ​យោបល់​ពី​មហាក្សត្រ ហើយ​រាល់​ការសម្រេច​ព្រមព្រៀង​ណា​ក៏​ដោយ ត្រូវ​តែ​មាន​ការអនុម័ត​យល់ព្រម​ពី​សភា​ដូច​គ្នា។ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា កន្លង​ទៅ រដ្ឋាភិបាល​ហាក់​ដូចជា​មិន​បាន​គោរព​ស្ថាប័ន​ដទៃ​ទេ ដូចជា​ស្ថាប័ន​ព្រះ​មហាក្សត្រ ក៏​ដូចជា​ស្ថាប័ន​សភា»

លោក សុន ឆ័យ បាន​បន្ត​ថា លោក​នឹង​សរសេរ​លិខិត​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ឲ្យ​មក​បំភ្លឺ​នៅ​រដ្ឋសភា​ជុំវិញ​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ព្រម​រាយការណ៍​ពី​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​ស្ថាប័ន​អន្តរជាតិ។

ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ ៣​នាក់​និង​ទាហាន​ថៃ​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត៕