ថៃ​មួយ​ក្រុម​ព្រួត​គ្នា​វាយ​កម្មករ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ខែត្រ​ស្រះកែវ

2009-10-24

កម្មករ​ខ្មែរ​ស៊ីឈ្នួល​កាប់​ជ្រូក​ឲ្យ​ថៅកែ​ថៃ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ថៃ បន្ទាប់​ពី​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ជន​អន្ធពាល​ថៃ​ស្ទាក់​ផ្លូវ​យក​ដប​ស្រា​ព្រួត​គ្នា​វាយ នៅ​លើ​កំណាត់​ផ្លូវ​មួយ​ជិត​អគារ​ធនាគារ​កណ្តាល ស្រុក​អារ៉ាញ់ប្រាថេត ខេត្ត​ស្រះកែវ​ថៃ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ។

ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែ​តុលា ជន​រង​គ្រោះ​ឈ្មោះ កុសល អាយុ​២៤​ឆ្នាំ និង​ជនជាតិ​ថៃ​ម្នាក់​ទៀត​ជា​កម្មករ​កាប់​ជ្រូក​ឲ្យ​ថៅកែ​ថៃ ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ធ្វើការ​ដល់​ពាក់​កណ្តាល​ផ្លូវ​ជិត​អគារ​ធនាគារ​មួយ​នៅ​កណ្តាល​ទីក្រុង​អារ៉ាញ់ប្រាថេត ស្រាប់​តែ​ថៃ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៧​នាក់​ជិះ​ម៉ូតូ​ស្ទាក់​ពី​មុខ ហើយ​ព្រួត​គ្នា​វាយ​ដោយ​មិន​ដឹង​ពី​មូលហេតុ ៖ «ថៃ​ហ្នឹង​វា​គុំ​អ្នក​ដែល​លួច​ទូរស័ព្ទ​វា ប៉ុន្តែ​បង​ខ្ញុំ​ឌុប​អា​ថៃ​មួយ​ទៀត​ពាក់​អាវ​ដូច​អា​វ៉ៃ​វា​យក​ទូរស័ព្ទ ដល់​ទៅ​វា​ថា អា​ណា​ពាក់​អាវ​ពណ៌​ហ្នឹង​វា​វ៉ៃ​ទាំង​អស់។ ដល់​ពេល​វា​មក វា​វ៉ៃ​ថៃ​មុន ហើយ​បង​ខ្ញុំ​ក៏​ឃាត់ អត់​ដឹង​គេ​នៅ​ពី​ក្រោយ​ទេ គេ​ដើរ​មក​គេ​ដាក់​ផូសៗ​បណ្តោយ»

ប្រភព​បន្ត​ថា កុសល បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស្រុក​អារ៉ាញ់ នា​ថ្ងៃ​ទី​២១ ខែ​តុលា ដោយសារ​របួស​ធ្ងន់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​មិន​អាច​សង្គ្រោះ​បាន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើ​បុណ្យ​នៅ​ភូមិ​និម្មិត សង្កាត់​និម្មិត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​១២ នា​ថ្ងៃ​ទី​២២ ខែ​តុលា។

ពៅ ចំរើន ឪពុក​ជន​រង​គ្រោះ​បាន​ស្នើ​ឲ្យ​ភាគី​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ និង​ទារ​សំណង​ចំពោះ​ការ​ស្លាប់​កូន​របស់​ខ្លួន។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​២២ តម្រួត​ថៃ​បាន​ហៅ​លោក​ឲ្យ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជន​សង្ស័យ​នៅ​ក្នុង​ទឹក​ដី​ថៃ​សម្រួល​គ្នា ក្រោយ​ពី​ថៃ​៣​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បាន។

មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ថៃ​និង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ។

លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង សញ្ញាតិ​ថៃ ដើម​កំណើត​ខ្មែរ និង​ជា​ភរិយា​នាយ​ឧត្តមសេនីយ៍​យោធា​ថៃ​ម្នាក់​នៅ​ស្រុក​អារាញ់​ប្រាថេត បាន​ចាត់ទុក​ជន​សង្ស័យ​ថៃ​ទាំង​នោះ​ថា​ជា​ក្រុម​ចោរ​ប្លន់ ៖ «ពួក​ថៃ​ហ្នឹង​ភាគ​ច្រើន​ចោរ ករណី​អ៊ីចឹង​ខ្មែរ​យើង​ព្រហើន ទៅ​ណា​អត់​គ្នា​ទេ ម្នាក់​ឯង​ម៉ង់ៗ»

លោក​ឧត្តមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ជំរុញ​ឲ្យ​ភាគី​ថៃ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ស៊ុម ចាន់គា មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​បាន​អំពាវនាវ​ឲ្យ​ថៃ​ចេះ​អត់​ឱន គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​មនុស្ស​ជាតិ​ដូច​គ្នា​កុំ​បង្ក​អរិភាព។

លោក ស៊ុម ចាន់គា បាន​បញ្ជាក់​ថា ៖ «ថៃ​គួរតែ​មាន​ការ​អត់​ឱន មិន​គួរ​ណា​ប្រើ​ហិង្សា​អី​អាក្រក់ អាក្រី​ដល់​អ៊ីចឹង​ទេ»

ជា​រឿយៗ​ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​រង​គ្រោះ​ជា​បន្ត​បន្ទាប់ ទាំង​ការ​វាយ​ដំ ការ​បាញ់​ប្រហារ​ពី​សំណាក់​ភាគី​ថៃ ដោយសារ​ការ​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​ទាំង​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់ ប៉ុន្តែ​ករណី​ព្រហ្មទណ្ឌ​ដែល​បង្ក​ឡើង​ដោយ​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ គេ​មិន​ឃើញ​មាន​ជន​ល្មើស​ថៃ​ណា​ត្រូវ​បាន​ផ្តន្ទា​ទោស​នោះ​ឡើយ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ខែត្រ​មណ្ឌលគិរី​តាម​ចាប់​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​ប្លន់

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ