ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានត្អូញត្អែរថា ពួកគេត្រូវចំណាយប្រាក់ទៅឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះពី ៧០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុងការពន្យារលិខិតឆ្លងដែន ឬធ្វើលិខិតឆ្លងដែនសាឡើងវិញ។
ពលករម្នាក់ឈ្មោះ សូនី បានផ្ដល់សម្ភាសន៍ពីប្រទេសកូរ៉េមកវិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី២៩ ខែមីនាថា ពលករខ្មែរដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនូវបញ្ហាមួយចំនួនពីមន្ត្រីស្ថានទូតខ្មែរប្រចាំរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលបានទារប្រាក់ពីពួកគាត់ក្នុងចំនួនច្រើន នៅពេលពួកគាត់ដាក់ពាក្យសុំពន្យារលិខិតផ្សេងៗ។
លោក សូនី មានបញ្ជាក់ថា ៖ «រឿងនេះវាមានពិតមែន គេធ្វើអ៊ីចឹង។ ដូចថា ករណីបាត់អីអ៊ីចឹង យើងទៅធ្វើថ្មី តាមខ្ញុំឮ អស់ប្រហែល ៨០ម៉ឺន ៦០ម៉ឺនកូរ៉េហ្នឹង វាស្មើ ៦០០ ទៅ ៨០០ដុល្លារ គឺលេខស្ថានទូតគេដាក់បង្ហោះតាម Website (គេហទំព័រ) ហ្នឹងតែម្ដង ស្ថានទូតខ្មែរយើង។ ខ្ញុំគ្រាន់តែសួរគាត់ថា ពន្យារម្ដងបានប៉ុន្មានឆ្នាំ? អ៊ីចឹងគេថា បាន ២ឆ្នាំម្ដង ក្នុង ១ឆ្នាំ ៥ម៉ឺនវ៉ុន ស្មើប្រហែល ៥០ដុល្លារ។ ពលករក្នុងប្រាក់ខែគាត់ បើសិនជាស្ថានទូតគេយកប៉ុណ្ណឹង គាត់មានលទ្ធភាពឲ្យ ប៉ុន្តែយកប្រហាក់ប្រហែលហ្នឹងវាចង់ស្មើប្រាក់ខែគាត់ហើយ»។
បុរសរូបនេះបានសំណូមពរដូច្នេះ ៖ «ករណីនេះខ្ញុំវាអត់បានដឹងច្បាស់ថា ខាងស្ថានទូត គោលការណ៍គេឲ្យយកប៉ុន្មានពន្យារហ្នឹង ហើយធ្វើថ្មីនោះគេយកប៉ុន្មាន អត់មានព័ត៌មានតម្លៃហ្នឹងឲ្យបានច្បាស់លាស់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងបានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាម កម្ពុជា (CARAM Cambodia) មានប្រសាសន៍ថា កន្លងមកលោកពុំដែលបានទទួលព័ត៌មាននេះពីប្រទេសកូរ៉េខាងត្បូងនោះទេ។ ក៏ប៉ុន្តែប្រសិនបើមានករណីដូច្នេះមែន លោកសុំឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់។
លោក យ៉ា ណាវុធ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ត្រូវមានការបំភ្លឺពីស្ថានទូតខ្មែរនៅប្រទេសកូរ៉េហ្នឹង តើមានបញ្ហាអ៊ីចឹងដែរ ឬយ៉ាងម៉េច? ហើយសុំឲ្យពលករបញ្ជាក់វិញថា អ្នកណាជាអ្នកយកលុយ ជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក។ បើសិនជាដូចការចោទប្រកាន់របស់ពលករមែន បញ្ហាហ្នឹងគួរតែមានការដោះស្រាយជាបន្ទាន់ ពីព្រោះវាធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសរបស់ទូតយើងផង»។
យ៉ាងនេះក្ដីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយលោកបានអះអាងថា ក្រសួងនឹងបើកការស៊ើបអង្កេតជាផ្លូវការចំពោះករណីនេះ ៖ «ពីព្រោះកន្លងមកមានអ្នកខិលខូចមួយចំនួន អ្នករត់ការប៉ាសស្ព័រអីហ្នឹង គឺមិនបានឆ្លងកាត់ស្ថានទូតយើងទេ បានរត់ការក្រៅផ្លូវការ គេបានបោកបញ្ឆោតពលករមួយចំនួន ហើយគេយកលិខិតឆ្លងដែននេះយកមកពន្យារពេលនៅក្នុងប្រទេសខ្មែរយើង។ ការពន្យារពេលលិខិតឆ្លងដែន ជាក់ស្ដែងនៅស្ថានទូតយើង ១ខែៗមានតិចតួចបំផុត មានម្នាក់ពីរនាក់ប៉ុណ្ណោះដែលបានមកធ្វើផ្ទាល់»។
នៅក្នុងសប្ដាហ៍នេះ មានកាសែតក្នុងស្រុកក៏បានចុះផ្សាយលិខិតមួយច្បាប់របស់ពលករថា យើងខ្ញុំទាំងអស់គ្នាជាពលករ ពលការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន នៅក្នុងសាធារណរដ្ឋកូរ៉េ។ យើងទាំងអស់គ្នាមិនមែនមានន័យបង្កាច់បង្ខូច ឬក៏ជាក្រុមបក្សពួកនិយមនោះឡើយ ប៉ុន្តែគ្រាន់តែចង់ទម្លុះរឿងរ៉ាវមួយចំនួនដែលមន្ត្រីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េសព្វថ្ងៃមិនដែលធ្វើការបម្រើផលប្រយោជន៍ដល់ពួកយើងទេ។ ផ្ទុយទៅវិញ គឺមានតែប្រើវិធីគាបសង្កត់យកលុយពីពួកយើងទៅវិញ ដូចជាពលករម្នាក់បើយកលិខិតឆ្លងដែនទៅពន្យារបន្តត្រូវបង់លុយពី ១៥ម៉ឺនវ៉ុន ទៅ ២០ម៉ឺនវ៉ុន ឬពី ១៥០ដុល្លារ ទៅ ២០០ដុល្លារ ហើយបើមានទារកដែលសម្រាលនៅប្រទេសកូរ៉េ ហើយចង់បញ្ជូនទារកនោះមកកម្ពុជា គឺត្រូវមកទាក់ទងជាមួយស្ថានទូតខ្មែរ ដើម្បីសុំធ្វើលិខិតបញ្ជាក់ ហើយលិខិតមួយច្បាប់នេះ មន្ត្រីស្ថានទូតខ្មែរយកតម្លៃពី ៨០ម៉ឺនវ៉ុន ទៅ ៩០ម៉ឺនវ៉ុន ឬប្រហែល ៨០០ដុល្លារ ទៅ ៩០០ដុល្លារ៕