អ្នកជំនាញរិះគន់ថា ចំណុចដែលសំខាន់បំផុតបណ្ដាលឲ្យយុវជនរៀនខ្សោយផ្នែកអក្សរសាស្ត្រជាតិ គឺគោលនយោបាយរបស់ក្រសួងអប់រំ និងវិធីសាស្ត្របង្រៀនរបស់គ្រូនៅតាមសាលារៀន។
ប្រធានសមាគមយុវជនខ្មែរ លោក ម៉ាក ចំរើន មានប្រសាសន៍ថា បច្ចុប្បន្នយុវជនខ្មែរជាច្រើនរៀនខ្សោយផ្នែកអក្សរសាស្ត្រជាតិ។ លោកបន្តថា ការរៀនខ្សោយជំនាញនេះមកពីក្រសួងអប់រំមិនមានយុទ្ធសាស្ត្រខ្លាំងក្លា ដើម្បីជំរុញការអាន ការសិក្សាស្រាវជ្រាវភាសាខ្មែរ និងមិនបានបង្ហាញច្បាស់ពីអត្ថប្រយោជន៍នៃការរៀនភាសាខ្មែរ។
លោក ម៉ាក ចំរើន បញ្ជាក់ថា មានវិធីសាស្ត្រជាច្រើនសម្រាប់លើកស្ទួយការសិក្សាផ្នែកអក្សរសាស្ត្រជាតិដែលក្រសួងអប់រំមើលរំលង៖ «យើងអាចនៅតាមសាលាមួយៗពង្រឹងគុណភាពបណ្ណាល័យ ទី២ គឺយន្តការជំរុញទឹកចិត្តឲ្យសិស្សចូលចិត្តអាន ប្រកួតប្រជែងផ្នែកភាសាខ្មែរ។ ការប្រកួតប្រជែងទាំងនេះមានកម្រិតទាប»។
ទន្ទឹមនឹងនេះ និស្សិតសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ លោក សេង សុធី ប្រាប់ថា សព្វថ្ងៃលោកពឹងផ្អែកទាំងស្រុងលើភាសាបរទេស ទាំងការងារទាំងការសិក្សា។ លោកបន្តថា ចំពោះអក្សរសាស្ត្រខ្មែរវិញលោកមិនសូវសរសេរត្រូវប៉ុន្មានទេលើពាក្យពិបាកៗ។
ចំណែកឯនិស្សិតសកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង យុវជន ជើត រស្មី មានប្រសាសន៍ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់អក្សរសាស្ត្រជាតិ។
រស្មី បន្តថា នៅសហគមន៍លោករស់នៅមានយុវជនជាច្រើនដែលមិនអាចចេះសរសេរ និងអានអក្សរខ្មែរ៖ «មានគគោក គាត់ចូលថ្នាក់ទី៨ហើយ អានអក្សរអត់ទាន់ដាច់។ ជីដូនមួយខ្ញុំមួយអានអក្សរអត់ដាច់ រួចហើយឈប់រៀន។ បើសិនគាត់រៀននៅតែជាប់ដោយសារគាត់ប្រើប្រាស់ថវិកាអ៊ីចឹង...»។
យុវជន រស្មី បន្តថា ការមិនចេះអាន និងសរសេរអក្សរសាស្ត្រជាតិ នាំឲ្យយុវជនជាច្រើនមិនមានសមត្ថភាពទទួលបានព័ត៌មាន នាំឲ្យចាញ់បោកគេធ្វើចំណាកស្រុកដោយប្រថុយប្រថានជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានទេ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១២។
ទោះជាយ៉ាងនេះក្តី នាយកវិទ្យាស្ថានភាសាជាតិកម្ពុជា និងសមាជិករាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត អ៊ីវ ច័ន្ទ មានប្រសាសន៍ថា យុវជនបច្ចុប្បន្នប្រើប្រាស់អក្សរសាស្ត្រជាតិមិនសូវល្អ ដោយសារតែគុណភាពគ្រូបង្រៀន។
លោកបន្តថា គ្រូបង្រៀនកាលពីសម័យមុនយកចិត្តទុកដាក់ខ្លាំងក្នុងការតាមដានការសិក្សារបស់សិស្ស ដែលនាំឲ្យសិស្សមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់អក្សរសាស្ត្រជាតិខ្មែរ៖ «គ្រូខ្លះខ្វះឧត្ដមគតិ គ្រូខ្លះទៀតឆ្លៀតទៅរកស៊ីក្រៅ ហើយមិនបានតាមដានការសិក្សារបស់សិស្ស»។
លោកបន្តថា ក្រសួងអប់រំបានធ្វើការងារពង្រឹងគុណភាពអប់រំច្រើនដែរហើយក្នុងការជំរុញការសិក្សាអក្សរសាស្ត្រជាតិ។
កាលពីសម័យអាណានិគមនិយមបារាំង បារាំងបង្ខំឱ្យខ្មែររៀនភាសាបារាំង ជាភាសាយានផ្លូវការ ដែលជាបុព្វហេតុនាំឱ្យខូចប្រយោជន៍ដល់ភាសាជាតិ។ ប៉ុន្តែការសិក្សាភាសាខ្មែរនៅតែមានជីវិតក្នុងទីវត្តអារាមនានា ដែលជាសាលារៀនលេខ រៀនអក្សរ វិជ្ជាជីវៈ សីលធម៌ ហើយជាពិសេសសិក្ខាកាមនៅតាមសាលាវត្តនេះហើយដែលជាអ្នកផលិតអក្សរសាស្ត្របន្សល់ទុកសម្រាប់កូនចៅសិក្សារៀនសូត្ររហូតមកដល់បច្ចុប្បន្ន។
គ្រូបង្រៀនមួយចំនួនឲ្យដឹងថា សព្វថ្ងៃសិស្សរៀននៅអនុវិទ្យាល័យមួយចំនួនមានសមត្ថភាពទាបក្នុងការអាន និងសរសេរអក្សរសាស្ត្រជាតិ បើប្រៀបធៀបទៅនឹងសិស្សដែលរៀននៅចន្លោះទសវត្សទី៨០ និងដើមទសវត្សទី៩០។ ក្រុមគ្រូបង្រៀនទាំងនោះអះអាងថា មូលហេតុនេះមកពីការផ្លាស់ប្ដូរកម្មវិធីសិក្សារបស់ក្រសួងអប់រំ។
គ្រូបង្រៀនទាំងនោះពន្យល់ថា កាលពីសម័យនោះ សិស្សថ្នាក់ទី១ រៀនអក្សរខ្មែរពីព្យញ្ជនៈ ទៅស្រៈនិស្ស័យ ស្រៈពេញតួ ហើយបានផ្សំព្យញ្ជនៈជាមួយស្រៈ បង្កើតជាពាក្យ ជាប្រយោគ នាំឲ្យសិស្សងាយអាន និងសរសេរ។ ប៉ុន្តែវិធីសាស្ត្របច្ចុប្បន្ន គេបង្រៀនសិស្សថ្នាក់ទី១ ជាប្រយោគ បន្ទាប់មកបំបែកជាពាក្យ ជាព្យាង្គ និង ស្រៈ នាំឲ្យសិស្សពិបាករៀន ហើយរៀនក៏មិនងាយចេះដែរ។
ទន្ទឹមនឹងនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កត្តាបីយ៉ាងដែលនាំឲ្យយុវជនសម័យទំនើបប្រើប្រាស់ភាសាខ្មែរមិនស្ទាត់ជំនាញ មានដូចជា បច្ចេកវិទ្យាសម័យនេះគេប្រើភាសាបរទេស កត្តាទីផ្សារការងារ និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ។
លោកបន្តថា កម្មវិធីសិក្សារបស់ក្រសួងអប់រំបច្ចុប្បន្ន ច្រើនតែធ្វើសំណួរងាយៗ (QCM) បាត់អស់ការសរសេរតាមអាន និងតែងសេចក្ដី ដែលប្រការនេះយុវជនមិនសូវយកចិត្តទុកដាក់រៀនអក្សរសាស្ត្រជាតិ។
លោក សុខ ទូច បន្ថែម៖ «មានលក្ខណៈសំខាន់ពីរ។ ទី១ យើងត្រូវធ្វើយ៉ាងណាឲ្យតាមសាលាបំផុសកម្មវិធីសិក្សាភាសា ទី២ ការបំពេញបែបបទនៅគ្រប់ក្រុមហ៊ុន ត្រូវតែធ្វើឡើងជាពីរភាសា មានភាសាខ្មែរ និងបរទេស ដូចហ្នឹងយើងត្រូវរៀបចំប្រព័ន្ធច្បាប់ ការអនុវត្តច្បាប់ហ្នឹងហើយធ្វើឲ្យគេចូលចិត្តភាសាខ្មែរ»។
លោកបន្តថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បញ្ហានេះ នឹងត្រូវឲ្យមានការសរសេរតាមអាន និងតែងសេចក្ដីខ្មែរឲ្យបានច្រើនឡើងវិញ ដើម្បីជំរុញការសិក្សាអក្សរសាស្ត្រខ្មែរ។
កន្លងមកក្រសួងអប់រំបានរៀបចំការប្រលងជ្រើសរើសសិស្សពូកែភាសាខ្មែរនៅថ្នាក់មធ្យមសិក្សាទូទាំងប្រទេស ដែលជាការជំរុញឲ្យមានការចូលចិត្តសិក្សាអក្សរសាស្ត្រជាតិដែរ ប៉ុន្តែការយល់ដឹងអក្សរសាស្ត្រខ្មែរនៅតែខ្សោយ។
របាយការណ៍របស់ក្រសួងអប់រំឆ្នាំ២០១០-២០១១ បង្ហាញថា ចំនួនសិស្សបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យមានចំនួនជាង ២១ភាគរយ ដែលជាការដើរផ្ទុយពីគោលដៅរបស់ក្រសួងអប់រំ។
ក្រុមអ្នកវិភាគយល់ឃើញថា ការមិនចេះអាន និងសរសេរអក្សរសាស្ត្រជាតិជាមូលហេតុមួយដែលនាំឲ្យសិស្សថ្នាក់អនុវិទ្យាល័យបោះបង់ការសិក្សា។ ម៉្យាងទៀត គ្រូបង្រៀនភាគច្រើននៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាមិនដែលបានបង្ហាញសិស្សថា អ្នកពូកែអក្សរសាស្ត្រជាតិ នឹងអាចចាប់យកឱកាសការងារណាមួយបាននោះឡើយ។
ក្រុមអ្នកជំនាញឲ្យដឹងថា អ្នកពូកែអក្សរសាស្ត្រជាតិ អាចក្លាយជាអ្នកនិពន្ធអ្នកសារព័ត៌មានអ្នកនយោបាយអ្នកគ្រប់គ្រងសាស្ត្រាចារ្យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។