កិច្ចប្រជុំនេះ ខាងកម្ពុជាដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សក់ សេដ្ឋា។ ចំណែកភាគីថៃ ដឹកនាំដោយលេខាធិការរងអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ លោក ស៊ូរ៉ាពុល ពង្សថាត សិរីកុល (Surapol Pongtad Sirikul)។
បញ្ហាសំខាន់នៃកិច្ចប្រជុំនោះ គឺផ្ដោតលើបញ្ហាមួយចំនួន ដូចជាការរត់ពន្ធមនុស្សឆ្លងដែនចូលក្នុងទឹកដីថៃ កម្មករខ្មែរចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយត្រូវបានទាហានថៃ បាញ់សម្លាប់ ការរត់គ្រឿងញៀនឆ្លងដែន ការពង្រឹងការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន ការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្ម និងចងសម្ពន្ធមេត្រីរវាងខេត្តនិងខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ មន្ត្រីនានាដែលមកចូលរួមក្នុងកិច្ចប្រជុំនេះ គឺមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សក់ សេដ្ឋា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កិច្ចប្រជុំនេះគឺមានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខនានា៖ «មានបញ្ហាច្រើនដែលយើងលើកមកជជែកគ្នាទាក់ទិននឹងសហប្រតិបត្តិការនៅតាមព្រំដែននេះ។ យើងនឹងជួយពង្រឹងឲ្យមានសន្តិភាព និងស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អថែមទៀតនៅតាមព្រំដែន»។
ដូចគ្នានេះដែរ លេខាធិការរងអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ លោក ស៊ូរ៉ាពុល ពង្សថាត សិរីកុល បានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងជួយឲ្យអភិបាលខេត្តនានានៅជាប់ព្រំដែនកម្ពុជា-ថៃ បានយល់គ្នាជាងមុន៖ «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហាបាញ់សម្លាប់កម្មករខ្មែរនោះទេ ពីព្រោះរឿងអភិបាលខេត្ត គឺខុសពីរឿងយោធាថៃ ប៉ុន្តែកិច្ចប្រជុំនេះនឹងជួយឲ្យមានសន្តិសុខនៅតាមព្រំដែនរវាងកម្ពុជា និងថៃ»។
ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍ថា លោកចង់ឲ្យកិច្ចប្រជុំនេះដោះស្រាយជាបន្ទាន់ ដើម្បីបញ្ឈប់ការបាញ់សម្លាប់កម្មករខ្មែរចូលក្នុងទឹកដីថៃ ខុសច្បាប់៖ «ទទូចហើយទទូចទៀតថា សុំឲ្យមានវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់នូវការបាញ់សម្លាប់កម្មករ ឬពលករខ្មែរ ដែលគាត់ឆ្លងដែនទៅកាប់ឈើ ឬឆ្លងដែនផ្សេងៗទៀតនោះ ...ហើយមួយទៀត ក៏សុំឲ្យមានការទប់ស្កាត់ជាបន្ទាន់ដែរ ពាក់ព័ន្ធនឹងបញ្ហានៃការជួញដូរមនុស្សឆ្លងដែននោះ»។
លោកបានប៉ាន់ស្មានថា កម្មករខ្មែរចំនួនជាង ១០នាក់ ត្រូវបានទាហានថៃ បានបាញ់សម្លាប់នៅដើម្បីឆ្នាំ២០១២។
អភិបាលខេត្តកម្ពុជា ទាំង ៨ខេត្ត នៅជាប់ព្រំដែនកម្ពុជា-ថៃ ក៏មកចូលរួមក្នុងកិច្ចប្រជុំនោះដែរ គឺមានដូចជា៖ ទី១ ខេត្តកោះកុង ទី២ ខេត្តព្រះសីហនុ ទី៣ ខេត្តពោធិ៍សាត់ ទី៤ ខេត្តបាត់ដំបង ទី៥ ខេត្តប៉ៃលិន ទី៦ ខេត្តបន្ទាយមានជ័យ ទី៧ ខេត្តឧត្តរមានជ័យ ទី៨ ខេត្តព្រះវិហារ។
តាមការអះអាងរបស់លោក សក់ សេដ្ឋា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវឆ្លងអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅឯវិមានសន្តិភាព នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។
នៅពេលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ យ៉ុងយុទ្ធ វីឆៃឌិត (Yongyuth Wichaidit) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
