កម្ពុជា-​ថៃ​នឹង​បើក​កិច្ច​ប្រជុំ​ចរចា​ស្ដីពី​ការ​ដក​កងទ័ព​នៅ​ដើម​ខែ​មិថុនា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក សូខាមផាន សុវណ្ណាថាត (Sukamphan Sovannathat) ដែល​ឡើង​មក​ជំនួស​លោក យុទ្ធសាក់ សាស៊ីប្រាផា (Yuthasak Sasiprapha) ថ្មីៗ​នេះ បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន (Asean) លើក​ទី​៦ នៅ​កម្ពុជា។

0:00 / 0:00

ឆ្លៀត​ពេល​នេះ​ដែរ លោក សូខាមផាន សុវណ្ណាថាត ក៏​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​ការពារ​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក សូខាមផាន សុវណ្ណាថាត នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ឯកភាព​គ្នា​ថា នឹង​បើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម​លើក​ទី​២ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​ភ្នំពេញ នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

កិច្ច​ប្រជុំ​នោះ គឺ​ផ្ដោត​លើ​ការ​ដក​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដែល​បាន​បង្គាប់​ឲ្យ​កម្ពុជា និង​ថៃ ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ទំហំ​ជាង ១៧​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា យើង​បន្ត​ការ​ចរចា​លើ​ការ​ដក​កងទ័ព​នោះ​ទៀត នៅ​គ្រា​ដែល​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​នៃ​ក្រុម​ការងារ​រួម​គ្នា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ដើម​ខែ​ក្រោយ​នេះ៖ «ក្រុម​ការងារ​ហ្នឹង ដើម្បី​លំអិត​បញ្ហា​ហ្នឹង​ឲ្យ​បាន​លំអិត​ថែម​ទៀត ក្នុង​ការ​ដែល​អនុវត្ត​នូវ​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ។ ខិតខំ​រក​ការ​ដោះស្រាយ​ឲ្យ​វា​បាន​លឿន»

ទាក់ទង​នឹង​ការ​ដកទ័ព​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក សូខាមផាន សុវណ្ណាថាត បាន​មាន​ប្រសាសន៍​ដែរ​ថា យើង​បន្ត​ការ​ចរចា​តាម​រយៈ​ក្រុម​ការងារ​រួម​រវាង​កម្ពុជា និង​ថៃ ដែល​បាន​បង្កើត​ហើយ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ជា​ភាសា​ថៃ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​ចរចា​នោះ​ផ្ដោត​លើ​ប្រធាន​បទ​សំខាន់ៗ៖ «ប្រទេស​ថៃ បាន​កត់​សំគាល់​ឃើញ​យ៉ាង​ច្បាស់លាស់​ហើយ​ថា ដំណើរ​ការ​កាន់​តែ​យឺតយ៉ាវ​នោះ វា​អត់​បង្ក​នូវ​ផល​ល្អ​ដល់​ប្រទេស​ថៃ​ណោះ​ទេ។ ប្រទេស​ថៃ មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​អនុវត្ត​ចំពោះ​បញ្ហា​នោះ។ ទី​១​នោះ ដោយសារ​តែ​តំបន់​នោះ​មាន​មីន​កប់​នៅ​ក្រោម​ដី​ច្រើន​ណាស់ …នោះ​ជា​បញ្ហា​មួយ​ដែរ»

ក្រុម​ការងារ​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) បាន​ជួប​ប្រជុំ​គ្នា​លើក​ដំបូង​រួច​ម្ដង​ហើយ នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ (Bangkok /Thailand)។

ក្រុម​ការងារ​រួម​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ចំនួន ៨​ចំណុច ក្នុង​នោះ​មាន​ដូច​តទៅ៖ ភាគី​ទាំង​ពីរ​កម្ពុជា និង​ថៃ បាន​ឯកភាព​លើ​គោលការណ៍​កែ​សម្រួល​កងទ័ព ឬ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន និង​អញ្ជើញ​អ្នក​សង្កេតការណ៍​រួម​ពី​ប្រទេស​កម្ពុជា ថៃ និង​ឥណ្ឌូនេស៊ី ដើម្បី​បន្ត​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ក្រោយ​ទៀត។ ការ​ឯកភាព​លើ ៨​ចំណុច​នោះ មិន​ទាន់​បាន​បញ្ជាក់​ថា តើ​ថ្ងៃ​ខែ​ណា​ត្រូវ​កងទ័ព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។