កម្ពុជា-វៀតណាម គ្រោង​សម្ពោធ​បង្គោល​ព្រំដែន​ថ្មី​មួយ​ទៀត

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ង្វៀន តាន់យ៉ុង (Nguyen Tan Dung) គ្រោង​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣១៤ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា បង្គោល​ព្រំដែន​នោះ គឺ​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង​នៃ​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ១៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ផលិត និង​បោះ​បង្គោល​ព្រំដែន​ទាំង​អស់​តាម​គម្រោង​ដែល​មាន​នៅ​តាម​ព្រំដែន រួម​ទាំង​បង្គោល​ព្រំដែន​លេខ​៣១៤ នោះ។

ការ​សម្ពោធ​បង្គោល​ព្រំដែន​ខាង​មុខ​នេះ គឺ​មិន​មែន​មាន​ន័យ​ថា ជា​បង្គោល​ព្រំដែន​ចុង​ក្រោយ​ដែល​ប្រទេស​កម្ពុជា និង​វៀតណាម ឈប់​បន្ត​បោះ​បង្គោល​ព្រំដែន​ដី​គោក​ទៀត​នោះ​ទេ។

មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​វាស់​វែង និង​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ៨០%​ហើយ គឺ​នៅ​សល់​បង្គោល​ព្រំដែន​មួយ​ចំនួន​ទៀត នៅ​ខេត្ត​រតនគីរី និង​ខេត្ត​មណ្ឌលគីរី ដែល​ភាគី​កម្ពុជា និង​វៀតណាម មិន​ទាន់​បាន​ឯកភាព​គ្នា​នៅ​ឡើយ។

ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា មាន​ការ​ងារ​ស្មុគស្មាញ​មួយ​ចំនួន ក្នុង​ការ​ផលិត​បោះ​បង្គោល​ព្រំដែន​នោះ ៖ "បង្គោល​លេខ​៣១៤ ជា​បង្គោល​មាន​សារៈសំខាន់​ក្នុង​ការ​កំណត់​ព្រំដែន​សមុទ្រ... បើ​យើង​ឯកភាព​គ្នា​លើ​កន្លែង​ទីតាំង​បង្គោល​៣១៤ នៅ​លើ​ដី​គោក​ហើយ... នៅ​ព្រំដែន​សមុទ្រ​យើង​អាច​ចាប់​ផ្ដើម​ថ្ងៃ​ណា​ក៏​ចាប់​ផ្ដើម​បាន... ប៉ុន្តែ​មាន​ចំណុច​ដែល​ចេញ​ហើយ… ចេញ​ហើយ​ព្រោះ​យើង​មាន​ឯកសារ​ដែល​បារាំង​ទុក​ឲ្យ​ហៅ​ថា (ខ្សែ​ប្រេវីយ៉េ) ខ្សែ​ប្រេវីយ៉េ​ឆ្នាំ​១៩៣៩ ដែល​ចេញ​ពី​ចំណុច​ហ្នឹង ចំណុច​ដែល​យើង​សម្ពោធ​ថ្ងៃ​ទី​២៤ ហ្នឹង... ប្រេវីយ៉េ ត្រូវ​ចេញ​ពី​កន្លែង​ហ្នឹង"

ការ​សម្ពោធ​បោះ​បង្គោល​ព្រំដែន​លេខ​៣១៤ ខាង​មុខ​នេះ គឺ​មន្ត្រី​ជំនាញ​ព្រំដែន​កម្ពុជា និង​វៀតណាម ផ្អែក​លើ​ផែនទី​សម័យ​អាណានិគម​បារាំង ដែល​បាន​បន្សល់​ទុក​កន្លង​មក និង​បាន​ផ្អែក​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន ចំពោះ​ខ្នាត ១​លើ ១​រយ​ពាន់ បាន​ឯកភាព​ដោយ​ក្រុម​ប្រឹក្សា​ឥណ្ឌូចិន និង​សន្ធិ​សញ្ញា​កូសាំងស៊ីន ឆ្នាំ​១៨៧៣ កន្លង​ទៅ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ទៀត​ថា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុក​ត្រាច នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម​របស់​លោក ហេង សំរិន ប្រធាន​សភា​ជាតិ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​វៀតណាម គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះ​ដូរ​ដី​ពី​វៀតណាម ឲ្យ​មក​កម្ពុជា​វិញ នៅ​ចំណុច​ផ្សេង​មួយ​ទៀត ជា​មួយ​ភូមិ​នេះ។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​បាត់​បង់​ដីធ្លី​ទេ​ជា​មួយ​ការ​ដោះ​ដូរ​នេះ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​សម​រង្ស៊ី​មិន​ទទួល​ស្គាល់​បង្គោល​ព្រំដែន​ខាង​មុខ​នេះ​ទេ ៖ "ហើយ​គណ​បក្ស​សម​រង្ស៊ី ជា​ពិសេស ឯកឧត្ដម​ប្រធាន សម រង្ស៊ី បាន​តស៊ូ​ប្រឆាំង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​ដល់​ដី​ខ្មែរ។ ពី​ព្រោះ​រឿង​នេះ មក​ទល់​ពេល​នេះ ស្ថានភាព​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ គណ​បក្ស​សម​រង្ស៊ី​ក៏​មិន​ទទួល​ស្គាល់​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ដែល​ចុះ​នៅ​ក្រោម​របប​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម កាល​ពី​ទសវត្ស​ឆ្នាំ​១៩៨០ នោះ"

ការ​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣១៤ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ គឺ​ជា​លើក​ទី​២​ហើយ ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​សម្ពោធ​បង្គោល​ព្រំដែន​លើក​ដំបូង លេខ​១៧១ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០០៦ កន្លង​ទៅ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។

ប្រទេស​កម្ពុជា និង​វៀតណាម​មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក​សរុប ២.៥៧២​គីឡូ​ម៉ែត្រ។ មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ចំនួន​ជាង ២៨០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដី​គោក​សរុប ៣១៤​បង្គោល៕

កំណត់​ចំណាំចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។