ខៀវ​សំផន​រង​ការ​ចោទ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​បន្ថែម​ទៀត

2009-12-18

មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា លោក ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ជា​ការ​ចោទ​បន្ថែម​ទៅ​លើ​បទ​ចោទ​ពី​ពេល​មុន​ដែល​មាន​ចំនួន​ពីរ​រួច​មក​ហើយ។

Pool Photo/Vannara

ខៀវ សំផន (រូប​ស្ដាំ) អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​សវនាការ នាថ្ងៃ​ទី ២៣ មេសា ២០០៨។

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចោទ​លោក ខៀវ សំផន ពី​បទ​ប្រល័យ​ពូជ​សាសន៍​នេះ​ជា​ការ​ចោទ​មួយ​ថ្មី​ទៀត ក្រោយ​ពី​មន្រ្តី​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជា​យូរ​មក។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «អា​នេះ​ឈរ​លើ​ភស្តុតាង​ថ្មី​ដែល​បាន​រក​ឃើញ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក។ សម្រាប់​លោក ខៀវ សំផន គឺ​ពី​ថ្ងៃ​សុក្រ​ហ្នឹង​ទៅ គាត់​គឺ​ជា​ជន​ក្នុង​ចំណោម​មេ​ដឹកនាំ​ជាន់​ខ្ពស់»

លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ថា លោក ខៀវ សំផន ជា​ជន​ទី​៣​ហើយ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍​នេះ បន្ទាប់​ពី​មាន​ការ​ចោទ​ទៅ​លើ​រូប​លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​លោក អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម។

លោក ស សូវ៉ាន សហ​មេធាវី​លោក ខៀវ សំផន មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ទាក់ទង​ជាមួយ​បទ​ចោទ​ថ្មី​ទៅ​លើ​កូន​ក្តី​របស់​លោក​បាន​ឡើយ។

លោក ឡុង បញ្ញាវុឌ្ឍន៍ មន្រ្តី​កម្មវិធី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ថ្មី​នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ តែ​ក៏​អាច​ធ្វើ​ឲ្យ​សំណុំរឿង​ក្តី​លោក ខៀវសំផន កាន់តែ​ត្រូវការ​ពេល​វេលា​ស្រាវជ្រាវ​ច្រើន​ថែម​ទៀត។

លោក ឡុង បញ្ញាវុឌ្ឍន៍ បាន​អះអាង​ថា ៖ «ខ្ញុំ​គិត​ថា វា​ជា​ជំហាន​មួយ​វិជ្ជមាន​ទៅ​មុខ​ដែរ ព្រោះ​អី​បទ​ប្រល័យ​ពូជ​សាសន៍​កន្លង​មក​វា​ហាក់​ដូច​ជា​មិន​ទាន់​បាន​ស៊ើប​នៅ​ឡើយ ដោយ​ចៅក្រម​កម្ពុជា។ ដូច្នេះ​នៅ​ពេល​ដែល​មាន​អ៊ីចឹង ខ្ញុំ​គិត​ថា វា​អាច​ជា​ជំហាន​រីក​ចម្រើន​ទៅ​មុខ​ដែរ ហើយ​វា​អាច​ធ្វើ​ឲ្យ​ដំណើរការ​ហ្នឹង​អាច​យឺតយ៉ាវ​ដែរ ពីព្រោះ​អី​នេះ​គឺ​ជា​លើក​ដំបូង​ដែល​ជន​ជាប់​ចោទ​អាច​នឹង​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​ប្រាប់​អំពី​បទ​ចោទ​ប្រល័យ​ពូជ​សាសន៍។ ដូច្នេះ​តាម​ផ្លូវ​ច្បាប់​ក៏​ទាមទារ​ឲ្យ​ជន​ជាប់​ចោទ​ទាំង ៤​នាក់​ហ្នឹង​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ត្រៀម​រៀបចំ​ការពារ​ខ្លួន។ ដូច្នេះ​ខ្ញុំ​ជឿ​ថា អាច​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ដែរ​ដែល​ថា មេធាវី​ការពារ​ជន​ជាប់​ចោទ​អាច​ជូន​ដំណឹង​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​បទ​ប្រល័យ​ពូជ​សាសន៍​ហ្នឹង​មាន​រយៈពេល​ខ្លី​ពេក»

លោក ប៊ូ ម៉េង ជន​រងគ្រោះ​ដែល​ធ្លាប់​ជាប់​គុក​ទូលស្លែង ក្នុង​ពេល​របប​ខ្មែរ​ក្រហម​កាន់​អំណាច​នោះ បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​ចោទ​ថ្មី​នេះ ៖ «...ខ្ញុំ​ថា បើ​សិន​ជា​វា​យូរ​អា​ហ្នឹង​វា​ល្អ ប៉ុន្តែ​បើ​យូរ​ហើយ​មិន​បាន​ការ​អី អា​ហ្នឹង​ក៏​មិន​ល្អ​ដែរ បើ​យូរ​ហើយ​យុត្តិធម៌ អា​ហ្នឹង​ល្អ»

កន្លង​មក​លោក ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ទោស​ចំនួន​ពីរ គឺ​មួយ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​មួយ​ទៀត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោក ខៀវ សំផន បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ជាមួយ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ