លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ឲ្យដឹងថា ការចោទលោក ខៀវ សំផន ពីបទប្រល័យពូជសាសន៍នេះជាការចោទមួយថ្មីទៀត ក្រោយពីមន្រ្តីសាលាក្តីខ្មែរក្រហមបានធ្វើការស្រាវជ្រាវជាយូរមក។
លោក រាជ សម្បត្តិ បានបញ្ជាក់ថា ៖ «អានេះឈរលើភស្តុតាងថ្មីដែលបានរកឃើញ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង ២ឆ្នាំមក។ សម្រាប់លោក ខៀវ សំផន គឺពីថ្ងៃសុក្រហ្នឹងទៅ គាត់គឺជាជនក្នុងចំណោមមេដឹកនាំជាន់ខ្ពស់»។
លោក រាជ សម្បត្តិ បានឲ្យដឹងថា លោក ខៀវ សំផន ជាជនទី៣ហើយដែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នេះ បន្ទាប់ពីមានការចោទទៅលើរូបលោក នួន ជា អតីតប្រធានរដ្ឋសភា និងលោក អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។
លោក ស សូវ៉ាន សហមេធាវីលោក ខៀវ សំផន មិនអាចទាក់ទងសុំការអធិប្បាយទាក់ទងជាមួយបទចោទថ្មីទៅលើកូនក្តីរបស់លោកបានឡើយ។
លោក ឡុង បញ្ញាវុឌ្ឍន៍ មន្រ្តីកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ថា ការចោទថ្មីនេះជាសកម្មភាពវិជ្ជមានមួយ តែក៏អាចធ្វើឲ្យសំណុំរឿងក្តីលោក ខៀវសំផន កាន់តែត្រូវការពេលវេលាស្រាវជ្រាវច្រើនថែមទៀត។
លោក ឡុង បញ្ញាវុឌ្ឍន៍ បានអះអាងថា ៖ «ខ្ញុំគិតថា វាជាជំហានមួយវិជ្ជមានទៅមុខដែរ ព្រោះអីបទប្រល័យពូជសាសន៍កន្លងមកវាហាក់ដូចជាមិនទាន់បានស៊ើបនៅឡើយ ដោយចៅក្រមកម្ពុជា។ ដូច្នេះនៅពេលដែលមានអ៊ីចឹង ខ្ញុំគិតថា វាអាចជាជំហានរីកចម្រើនទៅមុខដែរ ហើយវាអាចធ្វើឲ្យដំណើរការហ្នឹងអាចយឺតយ៉ាវដែរ ពីព្រោះអីនេះគឺជាលើកដំបូងដែលជនជាប់ចោទអាចនឹងត្រូវសហចៅក្រមស៊ើបអង្កេតប្រាប់អំពីបទចោទប្រល័យពូជសាសន៍។ ដូច្នេះតាមផ្លូវច្បាប់ក៏ទាមទារឲ្យជនជាប់ចោទទាំង ៤នាក់ហ្នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមរៀបចំការពារខ្លួន។ ដូច្នេះខ្ញុំជឿថា អាចធ្វើឲ្យមានការយឺតយ៉ាវដែរដែលថា មេធាវីការពារជនជាប់ចោទអាចជូនដំណឹងនៅក្នុងការចោទប្រកាន់បទប្រល័យពូជសាសន៍ហ្នឹងមានរយៈពេលខ្លីពេក»។
លោក ប៊ូ ម៉េង ជនរងគ្រោះដែលធ្លាប់ជាប់គុកទូលស្លែង ក្នុងពេលរបបខ្មែរក្រហមកាន់អំណាចនោះ បានមានប្រសាសន៍ថា លោកសាទរចំពោះការចោទថ្មីនេះ ៖ «...ខ្ញុំថា បើសិនជាវាយូរអាហ្នឹងវាល្អ ប៉ុន្តែបើយូរហើយមិនបានការអី អាហ្នឹងក៏មិនល្អដែរ បើយូរហើយយុត្តិធម៌ អាហ្នឹងល្អ»។
កន្លងមកលោក ខៀវ សំផន ត្រូវបានចោទប្រកាន់ទោសចំនួនពីរ គឺមួយពីបទឧក្រិដ្ឋកម្មសង្រ្គាម និងមួយទៀតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក ខៀវ សំផន បច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំខ្លួនរបស់សាលាក្តីខ្មែរក្រហមនៅជាយទីក្រុងភ្នំពេញ ជាមួយអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមជាច្រើននាក់ផ្សេងទៀត៕
