លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង ថ្លែងថា ការសម្រេចឃុំខ្លួន ខៀវ សំផន ជាបន្តទៀតនោះ គឺដោយសារដីកាឃុំខ្លួនលើកដំបូងត្រូវអស់សុពលភាពកាលពីថ្ងៃពុធម្សិលមិញ ហើយការឃុំខ្លួននោះទៀតសោត គឺដោយសារតែមានការបារម្ភចំពោះសុវត្ថិភាពនិងការរត់គេចខ្លួនរបស់ជនជាប់ចោទ។
ក៏ប៉ុន្តែលោកមេធាវីរបស់ ខៀវ សំផន គឺលោក ស សូវាន បានថ្លែងថា លោកនឹងដាក់ពាក្យប្តឹងទៅឧទ្ធរណ៍បន្ថែមទៀតចំពោះការចេញដីកាបន្តឃុំខ្លួនកូនក្តីលោកនេះ។
លោកមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ «មិនឲ្យគាត់នៅក្រៅឃុំ ខ្ញុំប្ដឹងឧទ្ធរណ៍មួយហើយ ឥឡូវនេះគាត់ពន្យារទៀត ខ្ញុំប្ដឹងឧទ្ធរណ៍ទៀត ដូច្នេះគិតមកដល់ថ្ងៃនេះ ឧទ្ធរណ៍យើងមាន ៣។ ឧទ្ធរណ៍ពីរឿងសហចៅក្រមស៊ើបអង្កេតមិនព្រមឲ្យបកប្រែពីភាសាអង់គ្លេសមកបារាំង រួចរឿងបកប្រែហ្នឹងវាពាក់ព័ន្ធរឿងដោះលែងគាត់។ បើកាលណាឲ្យបកប្រែបានសេចក្ដីថា ត្រូវតែលែងគាត់សិន ដល់អ៊ីចឹងទៅ យើងសុំឧទ្ធរណ៍មួយទៀតថា ភ័យខ្លាចគាត់រត់គាត់អី ឥឡូវវាអត់ខ្លាចអីទេ សហចៅក្រមស៊ើបអង្កេតមិនឲ្យទៀត យើងឧទ្ធរណ៍ទៀត ទី២។ ឥឡូវហ្នឹង គេពន្យារទៀត ពន្យារទៀត ឧទ្ធរណ៍ទៀត ឧទ្ធរណ៍ ៣ហើយ»។
សូមជម្រាបថា ខៀវ សំផន មានអាយុ៧៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ដោយចោទពីបទឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ខៀវ សំផន នឹងបង្ហាញមុខនៅសាលាក្តីខ្មែរក្រហមសាជាថ្មីទៀត នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះដើម្បីដោះស្រាយលើសំណុំរឿង១ ក្នុងចំណោមបណ្តឹងឧទ្ធរណ៍ចំនួន៣ករណីនោះ៕
