ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍កាលពីម្សិលមិញ ប្រាប់វិទ្យុអាស៊ីសេរីថា ឃាតកម្មនោះបានចាប់ទាក់ទងនឹងរឿងគំនុំ ៖ «នេះតាមសេចក្ដីសម្រេចរបស់យើងជាមួយ FBI យើងបានសន្និដ្ឋានថា ករណីនេះ ជាករណីគំនុំ។ កន្លងមក យើងប្រមូលផ្ដុំ ធ្វើការស្រាវជ្រាវទៅលើ លោក ឃឹម សម្បូរណ៍ ក្រោយមកយើងធ្វើការជាមួយ FBI យើងបានឯកភាពគ្នា ធ្វើការស៊ើបទៅលើកូន ឃឹម សម្បូរណ៍ ព្រោះមានចំណុចមួយចំនួន ដែលយើងធ្វើការសន្និដ្ឋានថា ឃាតករអាចបាញ់សម្លាប់នេះ ដោយសារគំនុំកូន តែបាញ់ឪពុកហើយ បានបាញ់កូនទៀត»។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ប៉ូលិសដដែល មិនបានលាតត្រដាងថា គំនុំនោះបានជាប់ពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ប៉ុន្តែលោកបន្ថែមថា គេនឹងបន្តការស៊ើបថែមទៀត ក្នុងការតាមចាប់ជនពាក់ព័ន្ធដើម្បីយកមកកាត់ទោសតាមច្បាប់។
សូមបញ្ជាក់ថា លោក ឃឹម សម្បូរណ៍ និងកូនប្រុសរបស់លោក ត្រូវឃាតករមិនស្គាល់មុខជិះម៉ូតូបាញ់សម្លាប់កាលពីវេលាល្ងាចថ្ងៃទី១១ កក្កដា គ្រាដែលលោកនិងកូនប្រុស ទើបនឹងវិលត្រឡប់មកពីហាត់ប្រាណនៅឯស្តាតអូឡាំពិក។
ចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ នៅពេលបានសាកសួរថា តើលោកយល់យ៉ាងណាដែរ ចំពោះការស៊ើបអង្កេតរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីគំនុំនោះ លោកបានឆ្លើយយ៉ាងនេះថា ៖ «មកដល់ម៉ោងនេះ ខ្ញុំមិនហ៊ានសន្និដ្ឋានថា រឿងអីទាំងអស់ ប្រគល់ឲ្យខាងសមត្ថកិច្ច ប៉ូលិសខ្មែរយើង សហការគ្នាជាមួយនឹង FBI ដើម្បីធ្វើការស្រាវជ្រាវរកមុខឃាតករជនដៃដល់ យកមកធ្វើការផ្ដន្ទាទោសទៅ»។
វិទ្យុអាស៊ីសេរី ៖ ប៉ុន្តែតើលោកយល់ថា វាជារឿងគំនុំអ៊ីចឹងទេ?
ដាំ សិទ្ធិ ៖ «ខ្ញុំបានជាប់ពន្ធនាគារ រយៈពេលមួយសប្ដាហ៍ ហើយពេលដែលខ្ញុំចេញពីពន្ធនាគារវិញ រយៈពេលខ្លីពេក ដែលគាត់ស្លាប់ហ្នឹង។ ហើយកន្លងមក ការងារដែលគាត់ធ្វើជាមួយខ្ញុំ ខ្ញុំមិនដែលបានជួបមុខគាត់ផ្ទាល់ទេ គឺការងារទាក់ទងតែតាមទូរស័ព្ទ កិច្ចការទាំងឡាយដែលគាត់ធ្វើ គឺគាត់ឲ្យកូនប្រុសគាត់ម្នាក់ ដែលស្លាប់ជាមួយគាត់ហ្នឹង ជាអ្នកយកមកឲ្យខ្ញុំ»។
វិទ្យុអាស៊ីសេរី ៖ តើដែលធ្លាប់ដឹងថា ប្រវត្តិគាត់មានរកស៊ីឈ្លោះគ្នា ឬមួយមានគំនុំអីផ្សេងៗ ជាមួយគេជាមួយអីទេ?
ដាំ សិទ្ធិ ៖ «អត់ដឹងផង សូម្បីតែការងារគាត់ធ្វើជាមួយអ្នកដទៃផ្សេងទៀត ក៏ខ្ញុំអត់ដឹង ក្រៅពីគាត់ជាអ្នកនិពន្ធកាសែតឲ្យខ្ញុំហ្នឹង ហើយរយៈពេលចុងក្រោយនេះ មុនគាត់ស្លាប់ប្រហែលជា ៣ទៅ ៤ខែហ្នឹង គាត់មិនសូវបានសរសេរឲ្យខ្ញុំជាប់លាប់ទេ ព្រោះគាត់ថា ជាប់រវល់កិច្ចការអីផ្សេងៗ គាត់ថា គាត់ជាប់ចេញទៅក្រៅ ទីអីអ៊ីចឹង ដូច្នេះខ្ញុំមិនដឹងថា គាត់មានកិច្ចការអីក្រៅពីការងារនិពន្ធកាសែតឲ្យខ្ញុំ ខ្ញុំអត់ដឹងដែរ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់បានការបញ្ជាក់បន្ថែមពីភ្នាក់ងារ FBI ដែលបានចូលរួមក្នុងការស៊ើបអង្កេតនោះឡើយ៕
