មតិ​ខ្មែរ​អ៊ិស្លាម​ជុំវិញ​សុន្ទរកថា​ប្រធានាធិបតី​អាមេរិក​អំពី​មូស្លីម

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ថ្នាក់​មេ​ដឹកនាំ​ខ្មែរ​អ៊ិស្លាម​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​សុន្ទរកថា​របស់​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដោយ​លោក​បាន​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សុំ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​រវាង​អាមេរិក​និង​មូស្លីម​ជុំវិញ​ពិភពលោក ដោយ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នាត្រូវ​តែ​បញ្ចប់។

0:00 / 0:00

បណ្តា​ប្រជា​ពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​អ៊ិស្លាម​សាសនិក​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា នេះ​ជា​សញ្ញា​មួយ​ដើម្បី​បង្ហាញ​ថា ពិភពលោក​ឆ្ពោះ​ទៅ​រក​សន្តិភាព​ដោយ​មិន​រើស​អើង​ពូជ​សាសន៍ សង្គម ឋានៈ និង​សាសនា​របស់​ជន​ជាតិ​នីមួយៗ​នៅ​ក្នុង​បណ្តា​ប្រទេស​លើ​ពិភពលោក។

លោក ហាជ្ជី អ៊ី​ព្រហ៊ីម នៅ​ភូមិ​អង្គរ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​នយោបាយ​អាមេរិក គឺ​លោក បារ៉ាក់ អូបាម៉ា ដែល​មាន​ជំហរ​ក្នុង​ការ​ចង​សម្ព័ន្ធ​មិត្ត​នឹង​បណ្តា​ប្រទេស​អ្នក​កាន់​សាសនា​អ៊ិស្លាម​លើ​ពិភពលោក។ លោក​បន្ថែម​ថា មិន​ថា​សាសនា​អ្វី​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាសនិក​នីមួយៗ​មាន​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ការ​ប្រសើរ​បំផុត។

លោក ហាជ្ជី អ៊ី​ព្រហ៊ីម ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា នយោបាយ​អាមេរិកាំង​លោក​ប្រធានាធិបតី ប៊ូស គាត់​មាន​លម្អៀង​ម្ខាងៗ​អ៊ីចឹង ហើយ​សាសនា​អ៊ិស្លាម​គ្រប់​ប្រទេស​គេ​មិន​សូវ​ចូល​ចិត្ត​គាត់ ម្ល៉ោះ​ហើយ​នយោបាយ​វា​ចេះ​តែ​បែក​បាក់។ ឥឡូវ​ហ្នឹង ប្រធានាធិបតី​ឡើង​ថ្មី​មក គាត់​បង្រួម​វិញ គាត់​ថា ទាក់ទង​ប្រភព​មូស្លីម​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្រួល យើង​ត្រេក​អរ អ៊ិស្លាម​នៅ​ស្រុក​ខ្មែរ​អី​កុំ​ឲ្យ​មាន​រឿង​ត​ទៅ​ទៀត»

ថ្នាក់​ដឹកនាំ​ភូមិ​ឬ​ហៅ​ថា ហា​កឹម ឈ្មោះ មោសា សឡេះ នៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​សាសនិក​អ៊ិស្លាម​មួយ​រូប ក៏​ដូចជា​ជន​មូស្លីម​ទូទៅ អ្វី​ដែល​ចង់​បាន​នោះ​គឺ​សន្តិភាព​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​ថា មនុស្ស​គ្រប់​រូប​មាន​ឆន្ទៈ​ដូច​គ្នា គឺ​មិន​ចង់​ឃើញ​ពិភពលោក​មាន​ភាព​រង្គោះ​រង្គើ​នោះ​ឡើយ។

ហាកឹម មោសា សឡេះ ថ្លែង​ដូច្នេះ​ថា ៖ «ប្រសិន​បើ​ពិភពលោក​មាន​ការ​សម្រប​សម្រួល​គ្នា​ដូច​ជា​គំនិត បារ៉ាក់ អូបាម៉ា ពិត​ប្រាកដ​មែន​នោះ ជា​មោទនភាព​មួយ​សម្រាប់​មូស្លីម ព្រោះ​មូស្លីម​យើង​ពុំ​មាន​ឆន្ទៈ ឬ​ក៏​គោល​គំនិត​ណា​មួយ ដែល​ចង់​ឲ្យ​ពិភពលោក​មាន​ការ​រង្គោះ​រង្គើ​ដោយសារ​សង្រ្គាម ឬ​ក៏​ថា​ដោយសារ​ទំនាស់​ទាស់​ទែង​គ្នា​ពី​បញ្ហា​ផ្សេងៗ​ទេ»

និស្សិត​មួយ​រូប​ក្នុង​ទីក្រុង​ភ្នំពេញ​ឈ្មោះ អារីហ្វ៊ីន មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់​នា​ពេល​កន្លង​មក​គឺ​មាន​ការ​រើសអើង​ពី​បណ្តា​សាធារណជន​មួយ​ចំនួន ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​ពេល​ដែល​ពួក​គេ​ជួប​អ្នក​មូស្លីម ឲ្យ​តែ​ឮ​ឈ្មោះ​ជា​លក្ខណៈ​អ៊ិស្លាម​គឺ​គេ​មិន​សូវ​ចូល​ចិត្ត ឬ​មាន​ការ​លំបាក​ក្នុង​ស្វែងរក​ការងារ​ធ្វើ​ដោយសារ​គេ​ខ្លាច​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជា​ភេរវករ​ជា​ដើម។

លោក​បញ្ជាក់​ថា នេះ​ជា​ការ​យល់​ច្រឡំ​មួយ ៖ «ផល​ប្រយោជន៍​របស់​មូស្លីម គឺ​ពួកគេ​នឹង​រួច​ផុត​ពី​ការ​យល់​ច្រឡំ​ផ្សេងៗ ដែល​សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន​ប្រទេស​លោក​ខាង​លិច​តែងតែ​ចាត់​ទុក​ពួក​មូស្លីម​ថា​ជា​ពួក​អរិភាព មាន​ន័យ​ថា ពួក​ដែល​មិន​គួរ​សេព​គប់​ជា​មិត្ត។ ដូច្នេះ​ប្រសិន​ជា​សម្ព័ន្ធ​មិត្ត​របស់​យើង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ខ្ញុំ​ចង់​និយាយ​ថា ភាព​ដែល​ចោទ​ទៅ​វិញ​ទៅ​មក​នោះ​នឹង​បញ្ចប់»

ហាកឹម​ឈ្មោះ លី មហាំម៉ាត់ នោ នៅ​ភូមិ​ជ្រោយ​ចង្វា សង្កាត់​ឫស្សីកែវ​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​បាន​លើក​ឡើង​នោះ នឹង​អាច​ធ្វើ​ពិភពលោក​ទទួល​បាន​នូវ​សន្តិភាព​ដ៏​ពិត​ប្រាកដ​ជៀសវាង​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ហាកឹម លី មហាំម៉ាត់ នោ ថ្លែង​ដូច្នេះ​ថា ៖ «ដូច្នេះ​គាត់​ចង់​ឲ្យ​អ៊ិស្លាម​ពិភពលោក​មាន​ការ​ត្រូវ​រ៉ូវ​អ៊ីចឹង យើង​ដែល​ជា​ប្រជា​ពលរដ្ឋ​មាន​ការ​ត្រេក​អរ​ណាស់ ដើម្បី​ចង់​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ ជៀសវាង​អំពី​ការ​មាន​សង្រ្គាម ឬ​ក៏​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក»

អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត មាន​ប្រសាសន៍​ដែរ​ថា ជន​ជាតិ​ចាម​នៅ​កម្ពុជា​អ្វី​ដែល​ចង់​បាន​គឺ​សន្តិភាព ទន្ទឹម​នឹង​នេះ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ក៏​ចង់​ឃើញ​ពិភព​លោក​ទាំង​មូល​ទទួល​បាន​សន្តិភាព​ដូច​គ្នា ជៀសវាង​នៃ​ការ​លាប​ពណ៌​ទៅ​លើ​ជន​ជាតិ​ណា​មួយ ឬ​សាសនា​ណា​មួយ​ថា​អាក្រក់ ឬ​មិន​ល្អ​នោះ។

លោក ស្មាន ទៀត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មូស្លីម​នៅ​កម្ពុជា​មិន​មាន​ជា​បញ្ហា​អី​ជាមួយ​នឹង​សាសនា​ដទៃ ជន​ជាតិ​ដទៃ ហើយ​រស់​នៅ​ជាមួយ​នឹង​ជន​កម្ពុជា ជាមួយ​នឹង​ពុទ្ធ​បរិស័ទ​រាប់​រយ​ឆ្នាំ មិន​មាន​បញ្ហា​ទេ ហើយ​ជាមួយ​នឹង​គ្រិស្ត ជេស៊ូ ឬ​ក៏​សាវៈ​ថ្មី​របស់​ខាង​ហ្នុង​ក៏​មិន​មាន​បញ្ហា​អី​ដែរ។ ខ្ញុំ​យល់​ថា ការ​ប្រើ​ប្រាស់​ភាសា​មូស្លីម យើង​គួរ​ច្បិច​យក​ជន​ទាំង​ឡាយ​ណា​ដែល​មិន​សម​ស្រប ភាគ​ច្រើន​គេ​ល្អ ចង់​បាន​សន្តិភាព កាល​ណា​យើង​ប្រើ​ពាក្យ​មិន​ត្រូវ បាន​ន័យ​ថា លាប​ពណ៌​ឲ្យ​គេ អាហ្នឹង​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​មិន​អាច​ដោះស្រាយ​បាន»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើក​ឡើង​របស់​លោក បារ៉ាក់ អូបាម៉ា នោះ មិន​មែន​មាន​ន័យ​ថា អាច​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ទទួល​បាន​នូវ​ផល​វិជ្ជមាន​ទាំង​ស្រុង​នោះ​ទេ សំខាន់​គឺ​ការ​អនុវត្ត​របស់​លោក អូបាម៉ា ក្នុង​ការ​ដឹកនាំ​និង​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ការ​រួម​ចំណែក​ដើម្បី​ឲ្យ​ពិភពលោក​មាន​សេចក្តី​សុខ​និង​ការ​រីក​ចម្រើន​នោះ។

លោក ស្មាន ទៀត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សង្កថា​របស់​លោក បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ទីក្រុង ហ្កែ នៃ​ប្រទេស​អេហ្ស៊ីប ជា​ការ​ត្រឹម​ត្រូវ ប៉ុន្តែ​អ្វី​ដែល​ត្រឹម​ត្រូវ​ជាង​នេះ គឺ​ការ​ធ្វើ​ឲ្យ​ជាក់​ស្ដែង ឲ្យ​ត្រឹម​ត្រូវ ហើយ​ឲ្យ​មាន​ភាព​លេច​ធ្លោ​នូវ​សមភាព​រវាង​សាសនា ជន​ជាតិ​នីមួយៗ​នៅ​ក្នុង​ទឹក​ដី​របស់​យើង​នេះ»

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោក Barack Hussein Obama បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​នៅ​ពេល​សម្ពោធ​ឡើង​កាន់​តំណែង​របស់​លោក កាល​ពី​ខែ​មករា​កន្លង​ទៅ​ថា បញ្ហា​សង្រា្គម​នៅ​ប្រទេស​អ៊ីរ៉ាក់ លោក​បាន​ប្រឆំាង​ទៅ​នឹង​សង្រ្គាម​នោះ​តាំង​ពី​ដើម​ទី​មក ហើយ​ចំពោះ​​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​វិញ សហរដ្ឋ​អាមេរិក​នឹង​ស្វែងរក​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​ដោះស្រាយ ដែល​ឈរ​លើ​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ៖ «ខ្ញុំ​បាន​ជំទាស់​នឹង​សង្រ្គាម​នោះ​រហូត ពី​ឆ្នាំ​២០០២, ២០០៣, ២០០៤, ២០០៥, ២០០៦, ២០០៧, ២០០៨ ហើយ​ខ្ញុំ​នឹង​បញ្ចប់​សង្រ្គាម​នោះ​ក្នុង​ឆ្នាំ​២០០៩»

នៅ​ក្នុង​សុន្ទរកថា​របស់​លោក Barack Obama កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត នៅ​ទីក្រុង​គែរ នៃ​ប្រទេស​អេហ្ស៊ីប​គឺ​លោក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​មិន​ព្យាយាម​ចង់​បាន​មូលដ្ឋាន​អចិន្រ្តៃយ៍​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហ្កានីស្ថាន​នោះ​ឡើយ។ លោក​បាន​សន្យា​ថា នឹង​ដក​ទាហាន​អាមេរិក​ទាំង​អស់​ពី​អ៊ីរ៉ាក់​នៅ​ក្នុង​ឆ្នាំ​២០១២។

អ្នក​ស្រាវជា្រវ​ឯករាជ្យ​លើ​ជន​ជាតិ​ចាម លោក អ៊ីសា អូស្មាន មាន​ប្រសាសន៍​ថា ការ​មិន​រើស​អើង​ជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ពិសេស​ទៅ​ទៀត​នោះ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ដទៃ អនុវត្ត​នូវ​ចំណុច​ដែល​ល្អៗ​របស់​អាមេរិក។

លោក អ៊ីសា អូស្មាន ថ្លែង​ដូច្នេះ​ថា ៖ «ហើយ​ខ្ញុំ​ក៏​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក​មិន​មាន​ចេតនា​ណា​មួយ​ដែល​ថា អ៊ិស្លាម​ជា​សត្រូវ ហើយ​អ៊ិស្លាម​ក៏​ដូច្នេះ​ដែរ អ៊ិស្លាម​មិន​ដែល​មាន​ចេតនា​ណា​មួយ​ចាត់​ទុក​សហរដ្ឋ​ជា​សត្រូវ​របស់​ខ្លួន​ទេ ដូច្នេះ​ការ​យល់​ច្រឡំ​កន្លង​មក គ្រាន់​តែ​ជា​ក្រុម​តូច​មួយ»

លោក អ៊ីសា អូស្មាន បាន​លើក​ឡើង​ទៀត​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បំភ្លេច​ចោល​នូវ​អ្វី​ដែល​មិន​ល្អ ដែល​បង្ក​ឡើង​ពី​បុគ្គល​មួយ​ចំនួន​តូច ដែល​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​បាន​បង្ក​ឡើង ប៉ុន្តែ​ទង្វើ​ទាំង​នោះ សាសនិក​អ៊ិស្លាម​លើ​ពិភពលោក​ក៏​ថ្កោល​ទោស​ដែរ​ចំពោះ​ទង្វើ​ទាំង​នោះ ដែល​មនុស្ស​គ្រប់​រូប​ទាមទារ​នូវ​សេចក្តី​សុខ​មិន​ថា​ជន​ជាតិ​អ្វី​ឬ​អ្នក​កាន់​សាសនា​អ្វី​នោះ​ឡើយ៕