កសិករ​ខ្មែរ​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ

មន្ត្រី​ខេត្ត​សុរិន្ទ​របស់​ថៃ​មាន​គម្រោង​អញ្ជើញ​មន្ត្រី​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ​និង​ប្រជា​កសិករ​ខ្មែរ​ពី​បណ្តា​ស្រុក​នៃ​ខេត្ត​នេះ​ចំនួន​ជា​ង​៣០នាក់ ឲ្យ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ស្តីពី​ការងារ​កសិកម្ម​ចំនួន​៤​ថ្ងៃ​ក្នុង​ខេត្ត​សុរិន្ទ គោល​បំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​កសិកម្ម​នៅ​តាម​តំបន់​ជាប់​ព្រំដែន​គ្នា​និង​ការ​ស្វែង​យល់​ពី​វប្បធម៌​ផង​ដែរ។

លោក Sowat Kaew Sook (សូវ៉ាត់ កែវ​ស៊ុក) ទីប្រឹក្សា​អម​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា​ថា ខេត្ត​សុរិន្ទ​របស់​ថៃ​មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​ខេត្ត​ឧត្តរ​មាន​ជ័យ​របស់​ខ្មែរ ហើយ​ក៏​ចង់​អញ្ជើញ​មន្ត្រី​កសិកម្ម​និង​តំណាង​កសិករ​ខ្មែរ មក​ពី​ស្រុក​មួយ​ចំនួន​​មាន​ស្រុក​អន្លង់​វែង ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​បន្ទាយ​អំពិល ជា​ដើម ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ផ្នែក​កសិកម្ម​នៅ​ខេត្ត​សុរិន្ទ​ចំនួន​៤​ថ្ងៃ ដោយ​នាំ​ទៅ​មើល​កសិដ្ឋាន​កសិកម្ម​ផ្សេងៗ គោល​បំណង​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​តាម​តំបន់​ព្រំដែន​ទាំង​ពីរ​ជាមួយ​នឹង​ការ​សម្ដែង​ឲ្យ​ឃើញ​និង​បង្ហាញ​នូវ​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

លោក Sowat Kaew Sook ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឲ្យ​គាត់​បាន​ជួប​ចរចា​គ្នា​ជាមួយ​ប្រជា​កសិករ​ថៃ ហើយ​ក៏​បាន​ប្ដូរ​បទ​ពិសោធន៍ ទៅ​មើល​កន្លែង​ដាំ​ដុះ​ស្រូវ ដាំ​បន្លែ ចិញ្ចឹម​ជ្រូក គោ»

លោក ឈឹម ស៊ីវុធ ជំនួយការ​របស់​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា តប​តាម​ការ​អញ្ជើញ​នេះ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចាត់​ឲ្យ​អភិបាល​ក្រុង​សំរោង​ជា​អ្នក​ដឹក​នាំ​គណៈ​ប្រតិភូ​និង​តំណាង​ប្រជា​កសិករ​ខ្មែរ​ទៅ​ទស្សន​កិច្ច​នៅ​ខេត្ត​សុរិន្ទ។

លោក ថុន ណុល អភិបាល​ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ខេត្ត​សុរិន្ទ​បាន​រៀបចំ​ឲ្យ​ប្រតិភូ​ខ្មែរ​ទៅ​មើល​កន្លែង​ត្បាញ​ក្រណាត់​និង​ត្បាញ​សូត្រ​នៅ​ខេត្ត​សុរិន្ទ​បន្ត​ទៅ​ទៀត។

គេ​មាន​គម្រោង​នាំ​ទៅ​មើល​ការ​ចិញ្ចឹម​ដំរី​របស់​ជន​ជាតិ​កួយ ទៅ​ទស្សនា​រូប​ភាព​ក្នុង​សារ​មន្ទីរ ទៅ​មើល​ការ​ដុត​ធ្យូង​ដោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​និង​ទៅ​ទស្សនា​សាកល​វិទ្យាល័យ​បច្ចេក​ទេស​ជាន់​ខ្ពស់​មួយ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ស្តី​ពី​កសិកម្ម​​ទៅកាន់​ខេត្ត​សុរិន្ទ​នេះ​នឹង​ចាប់​ផ្តើម​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី២៥​ខែ​កញ្ញា ៖ «ម្យ៉ាង​ដែរ ព្រោះ​ពេល​ដែល​យើង​ពិភាក្សា​គ្នា​អំពី​ការ​ប្រើ​ប្រាស់​ជី ឃើញ​ថា​តំណាង​ខាង​យើង​នេះ​មាន​កម្លាំង​កសិករ ក៏​មាន​តំណាង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​គាត់​អញ្ជើញ​ចូលរួម​ដែរ អ៊ីចឹង​គាត់​នឹង​ធ្វើ​ការ​ប្ដូរ​យោបល់​ពី​រូបភាព​ជាក់​ស្ដែង​នៃ​កសិករ​របស់​យើង»

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​ខេត្ត​សុរិន្ទ​របស់​ថៃ​​បាន​អញ្ជើញ​មន្ត្រី​ខេត្ត​ឧត្តរ​មាន​ជ័យ​និង​កសិករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ស្តីពី​កសិកម្ម​នៅ​ខេត្ត​សុរិន្ទ​នោះ។

កាល​ពី​ឆ្នាំ​មុន ខេត្ត​សុរិន្ទ​របស់​ថៃ​​បាន​អញ្ជើញ​កសិករ​ខ្មែរ​ចំនួន​៣០​នាក់​ទៅ​ធ្វើ​ទស្សន​កិច្ច​ស្តី​ពី​កសិកម្ម​ម្តង​មក​ហើយ ដែល​មន្ត្រី​ថៃ​និយាយ​ថា ទស្សន​កិច្ច​កាល​ពី​ឆ្នាំ​មុន​​បាន​ធ្វើ​ឲ្យ​គេ​ទទួល​បាន​បទ​ពិសោធន៍​និង​ជោគ​ជ័យ​យ៉ាង​ច្រើន៕