រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​គ្រោង​ជួប​​ទ្វេ​ភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក

2009-08-07

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង មាន​គម្រោង​ជួប​ចរចា​ទេ្វ​ភាគី​ជាមួយ​លោកស្រី Hillary Clinton រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នៅ​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។

AFP Photo

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​ជាមួយ​សមភាគី​ថៃ​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៣ តុលា ២០០៨។

លោក កុយ គួង ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​៦ ខែ​សីហា ថា ៖ «ក្នុង​ខែ​៩ ដែល​លោក​ទៅ​ចូលរួម​ប្រជុំ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ នៅ​ឯ​ទីក្រុង​ញូវយ៉ក​ហ្នឹង បើ​លោក​មាន​ឱកាស​ជួប​ជាមួយ​លោកស្រី Hillary Clinton នោះ​នឹង​ជួប​នៅ​ពេល​ហ្នឹង​តែ​ម្ដង ហើយ​បើ​ក្នុង​ខែ​៩​ហ្នឹង អត់​បាន​ជួប​ទេ លោក​នឹង​មាន​គម្រោង​ទៅ​ខែ​១០។ ជា​ទូទៅ គឺ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទំនាក់​ទំនង​ទ្វេ​ភាគី​ហ្នឹង​ឯង»

ប្រភព​ដដែល​បាន​បន្ថែម​ថា លោក​ឧប​នាយក​រដ្ឋមន្រ្តី​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង គ្រោង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ ទៅ​កាន់​ទីក្រុង New York សហរដ្ឋ​អាមេរិក ប៉ុន្តែ​ប្រភព​ដដែល​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា នឹង​ទៅ​រយៈពេល​ប៉ុន្មាន​ថៃ្ង​ទេ ហើយ​មន្រ្តី​ណា​ខ្លះ​នឹង​រួម​ដំណើរ​ជាមួយ​លោក ហោ ណាំ​ហុង នោះ។

លោក John Johnson ជា​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​០៦ ខែ​សីហា ដោយ​មាន​អ្នក​ទទួល​ទូរស័ព្ទ​ឆ្លើយ​ថា លោក​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​មន្រ្តី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្នុង​នោះ បាន​ធ្វើ​អត្ថាធិប្បាយ​ថា ជា​ធម្មតា ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​អ្នក​សម្រប​សម្រួល​កិច្ចការ​ប្រជុំ​នា​ពេល​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​អំពី​កិច្ច​ប្រជុំ​នេះ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា រហូត​ជិត​ដល់​ថ្ងៃ​ជំនួប​ចរចា​នោះ។

លោក យឹម សុវណ្ណ ជា​តំណាងរាស្រ្ត​នៃ​គណបក្ស​សម​រង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ជំនួប​ទ្វេ​ភាគី​នោះ​គប្បី​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​តុលាការ​មិន​ឯករាជ្យ។

លោក យឹម សុវណ្ណ ថ្លែង​ដូច្នេះ​ថា ៖ «យើង​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ថា តុលាការ​ដែល​កាត់​សេចក្ដី​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​សម្រេច​ដែល​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ គឺ​អ្នក​ដែល​រង​គ្រោះ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ អ្នក​ដែល​រង​គ្រោះ​គឺ​ប្រទេស​ជាតិ​ទាំង​មូល»

លោក នី ចរិយា ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស (អាដហុក) បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ចង់​ឃើញ​ជំនួប​ទេ្វ​ភាគី​នោះ ផ្តោត​លើ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នឹង​អំពើ​ពុក​រលួយ ៖ «ជា​រួម​ទៅ គឺ​ថា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ហ្នឹង​ឯង អំពើ​ពុក​រលួយ​ជា​ដើម​ហ្នឹង គឺ​ថា តើ​នៅ​សហរដ្ឋ​អាមេរិក​ហ្នឹង​គេ​ធ្វើ​របៀប​ម៉េច បាន​ជា​ការ​គ្រប់គ្រង​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ​ហ្នឹង​បាន​ល្អ»

ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ថៃ្ង​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ បាន​ចេញ​សេចក្តី​ថែ្លង​ការណ៍​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៨​កន្លង​ទៅ ដោយ​បាន​រិះគន់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ទ្បើយ រាប់​ទាំង​បញ្ហា​ដី​ធ្លី ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លី ផ្ទះ​សម្បែង ប្រព័ន្ធ​តុលាការ​ទន់​ខ្សោយ និង​អំពើ​ជួញដូរ​មនុស្ស​ជា​ដើម។

បន្ទាប់​មក ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថែ្លង​ការណ៍​មួយ​ដែរ កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩ កន្លង​ទៅ ដោយ​បាន​ចាត់​ទុក​ថា សេចក្តី​ថែ្លង​ការណ៍​ខាង​លើ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-​អាមេរិក​នៅ​សិង្ហបុរី

ហោ ណាំហុង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​អ៊ីតាលី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​រុស្ស៊ី​ស្ដីពី​បញ្ហា​បំណុល

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជា​ថ្មី​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ជប៉ុន

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត