លោក កុយ គួង ជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងព្រហស្បតិ៍ ទី៦ ខែសីហា ថា ៖ «ក្នុងខែ៩ ដែលលោកទៅចូលរួមប្រជុំនៅឯអង្គការសហប្រជាជាតិ នៅឯទីក្រុងញូវយ៉កហ្នឹង បើលោកមានឱកាសជួបជាមួយលោកស្រី Hillary Clinton នោះនឹងជួបនៅពេលហ្នឹងតែម្ដង ហើយបើក្នុងខែ៩ហ្នឹង អត់បានជួបទេ លោកនឹងមានគម្រោងទៅខែ១០។ ជាទូទៅ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីហ្នឹងឯង»។
ប្រភពដដែលបានបន្ថែមថា លោកឧបនាយករដ្ឋមន្រ្តីជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង គ្រោងចាកចេញពីប្រទេសកម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក ប៉ុន្តែប្រភពដដែលនេះនៅមិនទាន់អាចបញ្ជាក់ឲ្យដឹងថា នឹងទៅរយៈពេលប៉ុន្មានថៃ្ងទេ ហើយមន្រ្តីណាខ្លះនឹងរួមដំណើរជាមួយលោក ហោ ណាំហុង នោះ។
លោក John Johnson ជាអ្នកនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា មិនអាចទាក់ទងបានទេនៅថៃ្ងព្រហស្បតិ៍ ទី០៦ ខែសីហា ដោយមានអ្នកទទួលទូរស័ព្ទឆ្លើយថា លោកនៅក្រៅប្រទេសកម្ពុជា។
ប៉ុន្តែមន្រ្តីនៃស្ថានទូតអាមេរិកប្រចាំនៅក្នុងនោះ បានធ្វើអត្ថាធិប្បាយថា ជាធម្មតា ស្ថានទូតអាមេរិកនៅក្នុងប្រទេសកម្ពុជាជាអ្នកសម្របសម្រួលកិច្ចការប្រជុំនាពេលខាងមុខនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនទាន់អាចបញ្ជាក់អំពីកិច្ចប្រជុំនេះបានទេ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា រហូតជិតដល់ថ្ងៃជំនួបចរចានោះ។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍អត្ថាធិប្បាយថា ជំនួបទ្វេភាគីនោះគប្បីផ្តោតជាសំខាន់លើបញ្ហាតុលាការមិនឯករាជ្យ។
លោក យឹម សុវណ្ណ ថ្លែងដូច្នេះថា ៖ «យើងឃើញយ៉ាងច្បាស់ក្រឡែតថា តុលាការដែលកាត់សេចក្ដីប៉ុន្មានថ្ងៃនេះ គឺជាសេចក្ដីសម្រេចដែលទទួលឥទ្ធិពលពីគណបក្សនយោបាយ គឺអ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋខ្មែរ អ្នកដែលរងគ្រោះគឺប្រទេសជាតិទាំងមូល»។
លោក នី ចរិយា ជាប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស (អាដហុក) បានមានប្រសាសន៍ថា សង្គមស៊ីវិលចង់ឃើញជំនួបទេ្វភាគីនោះ ផ្តោតលើបញ្ហាគោរពសិទ្ធិមនុស្សនឹងអំពើពុករលួយ ៖ «ជារួមទៅ គឺថាសិទ្ធិមនុស្សជាមូលដ្ឋានហ្នឹងឯង អំពើពុករលួយជាដើមហ្នឹង គឺថា តើនៅសហរដ្ឋអាមេរិកហ្នឹងគេធ្វើរបៀបម៉េច បានជាការគ្រប់គ្រងមិនឲ្យមានអំពើពុករលួយហ្នឹងបានល្អ»។
ក្រសួងការបរទេសអាមេរិក កាលពីថៃ្ងទី២៦ ខែកុម្ភៈ ឆ្នាំ២០០៩ កន្លងទៅនេះ បានចេញសេចក្តីថែ្លងការណ៍មួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០០៨កន្លងទៅ ដោយបានរិះគន់ថា ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានៅមានភាពទន់ខ្សោយនៅទ្បើយ រាប់ទាំងបញ្ហាដីធ្លី ការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែង ប្រព័ន្ធតុលាការទន់ខ្សោយ និងអំពើជួញដូរមនុស្សជាដើម។
បន្ទាប់មក ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថែ្លងការណ៍មួយដែរ កាលពីខែមីនា ឆ្នាំ២០០៩ កន្លងទៅ ដោយបានចាត់ទុកថា សេចក្តីថែ្លងការណ៍ខាងលើនេះមិនបានឆ្លុះបញ្ចាំងអំពីការពិតនៅក្នុងប្រទេសកម្ពុជា៕
