លោក ស្រី សុធី ហៅ ញ៉ បានតំណាលរឿងប្រាប់វិទ្យុអាស៊ីសេរី ពីកន្លែងលាក់ខ្លួនមកថា ក្រោយត្រឡប់ពីជួបជុំញាតិនាពិធីអវាហមង្គលការស្វាមីភរិយាថ្មី ដែលប្រព្រឹត្តទៅនៅឃុំទួលស្តី ស្រុកចន្ទ្រា ខែត្រស្វាយរៀង កាលពីថ្ងៃអាទិត្យ ទី១៥ កុម្ភៈ សប្តាហ៍មុននេះ ពលរដ្ឋខ្មែរក្រោម ១២នាក់ ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន នៅស្រុកថ្មសុរិន ដែលវៀតណាម ហៅស្រុកឌឹកវ៉េ ក្នុងខែត្រកំពង់គោ ដែលវៀតណាមហៅឈ្មោះថា ខែត្រឡុងអាង នាបច្ចុប្បន្ន។
លោក ស្រី សុធី ថ្លែងរៀបរាប់ដូច្នេះថា ៖ «ខ្ញុំបាទឈ្មោះ ស្រី សុធី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម ទីលំនៅ នៅភូមិអង្កត់សី ឃុំទួលស្ដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ មានមុខរបរធ្វើស្រែ និងជាបុគ្គលិក មិត្តសមាគមខ្មែរកម្ពុជាក្រោម។ កាលពីថ្ងៃ១៥ មានបងប្អូនកម្ពុជាក្រោម មកការនៅទួលស្ដីហ្នឹង ហើយដល់ត្រឡប់ទៅវិញ ត្រូវនគរបាលវៀតណាមចាប់ឃុំ ១២នាក់ តែដល់ម៉ោង ៩ គេក៏លែង ១១នាក់ទៅ នៅម្នាក់ទៀតឈ្មោះ គឹម វាសនា គេយកទៅដាក់ពន្ធនាគាររហូតមក។ មូលហេតុគេឆែកឃើញមានកូនសៀវភៅ ៣ គឺសៀវភៅប្រវត្តិវិទ្យាប្រទេសកម្ពុជាសម្រាប់កូនសិស្សថ្នាក់ទី៣ និងទី៤ មួយក្បាល និងកូនសៀវភៅព្រឹត្តិបត្រស្រ្ដីខ្មែរកម្ពុជាក្រោមមួយច្បាប់ និងសៀវភៅប្រជុំរឿងព្រេងខ្មែរកម្ពុជាក្រោមមួយច្បាប់»។
លោក សុធី ឲ្យដឹងទៀតថា ពេលលោកកំពុងបំពេញបេសកកម្មនៅទីក្រុងភ្នំពេញ ផ្ទះសម្បែងរបស់លោក ក៏ត្រូវបានអាជ្ញាធរខែត្រស្វាយរៀង រួមជាមួយភ្នាក់ងារវៀតណាម ធ្វើការឆែកឆេរដោយគ្មានការអនុញ្ញាតពីលោក និងភរិយាលោក ជាមុនឡើយ ៖ «ដល់ថ្ងៃទី១៩ ខែ២ ឆ្នាំ២០០៨ មាននគរបាលយួន នៅខេត្តឡុងអាង ហើយនិងនគរបាលខ្មែរ ៦នាក់ ថ្នាក់ខេត្ត និងថ្នាក់ស្រុក បានចុះមកដល់ផ្ទះខ្ញុំ ឆែកឆេរផ្ទះខ្ញុំ ហើយថតរូបក្នុងក្រៅផ្ទះជុំវិញទាំងអស់ និងថតរូបប្រពន្ធកូន សួរយកឈ្មោះប្រពន្ធកូនខ្ញុំទាំងអស់ ហើយបានសួរប្រពន្ធខ្ញុំថា តើតា ញ៉ ទៅណា? ប្រពន្ធខ្ញុំឆ្លើយថា ប្ដីខ្ញុំទៅភ្នំពេញខ្ចីលុយកូនយកមកសងគេ ៣-៤ថ្ងៃហើយ មិនទាន់ឃើញមកទេ។ រួចហើយទើបប្រពន្ធខ្ញុំសួរវិញថា ចុះលោកមានការអីដែរ? គេបានឆ្លើយប្រាប់ថា ឈ្មោះ គឹម វាសនា ហ្នឹង បានឆ្លើយថា តាញ៉ ជាអ្នកប្រគល់សៀវភៅឲ្យវា ហេតុនេះហើយទើបថ្នាក់លើប្រើឲ្យមករកចាប់រូបខ្ញុំបាទឈ្មោះ តាញ៉ ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ឈ្មោះ ស្រី សុធី»។
ការិយាល័យរដ្ឋបាលនៃសមាគមមិត្តខ្មែរក្រោម នៅទីក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ម្សិលមិញនេះ អាជ្ញាធរចម្រុះកម្ពុជា-វៀតណាម បានបន្តស៊ើបឃ្លាំមើលលំនៅលោក ស្រី សុធី ជាថ្មីទៀត និងបន្តតាមរករូបលោកនៅទីផ្សេងៗ ដោយរួមទាំងនៅទីក្រុងភ្នំពេញផង។
ទាក់ទងនឹងសៀវភៅទាំងបីក្បាលនោះ លោក កឹម ប៊ុកកែវ ប្រធានរដ្ឋបាលនៃសមាគមមិត្តខ្មែរកម្ពុជាក្រោម ឲ្យដឹងថា គឺជាសៀវភៅ ដែលបោះពុម្ពផ្សាយក្នុងប្រទេសកម្ពុជា ដោយស្ថាប័នសមត្ថកិច្ច ដែលមានសេចក្តីអនុញ្ញាតត្រឹមត្រូវ ហើយក៏ពុំមែនជាការបោះពុម្ពផ្សាយរបស់សហព័ន្ធខ្មែរក្រោមឡើយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សប្រទេសកម្ពុជា មានប្រសាសន៍ថា លោកមានកង្វល់ជាខ្លាំងចំពោះអាកប្បកិរិយារបស់អាជ្ញាធរខ្មែរ ដែលពុំបានយកចិត្តទុកដាក់ចំពោះសុខទុក្ខពលរដ្ឋខ្មែររបស់ខ្លួនដូច្នេះ។
លោក អ៊ូ វីរៈ អំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ៖ «យើងដឹងថា ប្រទេសវៀតណាម កំពុងតែរំលោភទៅលើច្បាប់អន្តរជាតិមួយចំនួន។ វៀតណាម គាបសង្កត់ទៅលើជនជាតិដើម ទី១ គាបសង្កត់សេរីភាពបញ្ចេញមតិ សេរីភាពនយោបាយ សេរីភាពក្នុងការចូលរួមសម្រេចកិច្ចការរបស់ខ្លួន។ ទី២ គឺទាក់ទងនឹងសេរីភាពវប្បធម៌ និងសាសនា។ យើងមានការព្រួយបារម្ភ រដ្ឋាភិបាលខ្មែរយើងអត់យកចិត្តទុកដាក់ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរយើង ទោះបីនៅក្នុងប្រទេសវៀតណាម ឬក្នុងប្រទេសកម្ពុជាក៏ដោយ។ ហើយឲ្យប៉ូលិសវៀតណាមចូលមកប្រទេសកម្ពុជាបែបហ្នឹង គឺជាការរំលោភឯករាជភាពប្រទេសកម្ពុជាហើយ អត់ត្រឹមត្រូវទាល់តែសោះ។ រដ្ឋាភិបាលខ្មែរយើងគួរតែស៊ើបអង្កេត។ យើងមានព័ត៌មានច្រើនណាស់ ដែលថា ប៉ូលិសនៅខេត្តស្វាយរៀង បានប្រព្រឹត្តនូវអំពើពុករលួយមួយចំនួន ជាពិសេសគឺការចាប់ខ្លួនអ្នកដែលរំលោភក្មេងស្រីដែលយើងបានដឹងមក ហើយប៉ូលិសខេត្តស្វាយរៀងបានដោះលែងដោយសារយកលុយ ១.៥០០ដុល្លារ។ អ៊ីចឹងក្នុងករណីនេះ ទាមទារឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតការងាររបស់ប៉ូលិសនៅខេត្តស្វាយរៀងនេះ បើប៉ូលិសទីរួមខេត្តធ្លាប់ប្រព្រឹត្តនូវអំពើពុករលួយ ឬមួយក៏អនុញ្ញាតឲ្យប៉ូលិសមកពីប្រទេសដទៃចូលដោយសេរី ហ្នឹងបានន័យថា ប៉ូលិសហ្នឹងមិនបានបំពេញតួនាទីរបស់ខ្លួនទេ»។
លោក ឈាង វុន អ្នកតំណាងរាស្រ្តខែត្របាត់ដំបង និងជាប្រធានគណៈកម្មការរដ្ឋសភាទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ពុំអាចបញ្ជាក់បានភ្លាមៗអំពីព្រឹត្តិការណ៍នេះ ដោយពុំមានព័ត៌មានគ្រប់គ្រាន់ ៖ «ខ្ញុំឆ្លើយឲ្យខ្លីថា រហូតដល់ឥឡូវនេះ ខ្ញុំមិនដឹងថា ព័ត៌មាននេះពិត ឬមិនពិតនៅឡើយ។ ខ្ញុំអត់ទាន់ដឹងផង ខ្ញុំមិនអាចឆ្លើយទៅតាមសំណួររបស់វិទ្យុទេ ព្រោះការពិតប៉ុណ្ណាខ្ញុំក្ដាប់អត់ទាន់ជាប់»។
សូមរំឭកថា អតីតព្រះគ្រូចៅអធិការវត្តភ្នំឌិន នៃខែត្រតាកែវ បានត្រូវចាប់ផ្សឹកដោយរាជាគណៈសង្ឃ និងអាជ្ញាធរជាតិកម្ពុជា ហើយបញ្ជូនទៅឲ្យប្រទេសវៀតណាមដាក់គុកកាលពីឆ្នាំ២០០៧ កន្លងទៅ ដោយមូលហេតុនៃការមានព្រឹត្តិបត្រនិងឯកសារផ្សេងៗ ផលិតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក្តី យើងពុំទាន់អាចរកសេចក្តីបញ្ជាក់ពីមន្ត្រីផ្លូវការនៃក្រសួងមហាផ្ទៃចំពោះហេតុការណ៍នេះបានភ្លាមៗទេ៕