ចលនា​ខ្មែរ​ម្ចាស់​ស្រុក​នឹង​ធ្វើ​សន្និបាត​លើក​ទី​២​នៅ​ថ្ងៃ​៣០ សីហា នៅ​អាមេរិក

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​គ្រោង​នឹង​រៀបចំ​មហា​សន្និបាត​លើក​ទី​២​របស់​ខ្លួន នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​សីហា ឆ្នាំ​២០០៨ នេះ ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់ ដល់​ម៉ោង ៥​ល្ងាច នៅឯ​សណ្ឋាគារ Double Tree នៃ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូស្សិត សហរដ្ឋ​អាមេរិក។

0:00 / 0:00

លោក ស៊ាន ម៉ាសាវ៉ាង ប្រធាន​គណៈកម្មការ​នយោបាយ​និង​ផ្សព្វផ្សាយ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​បន្ថែម​អំពី​ប្រធាន​បទ​សំខាន់​ដែល​មហា​សន្និបាត នឹង​លើក​ឡើង យ៉ាង​ដូច្នេះ​ថា ៖ «ប្រធាន​បទ​សំខាន់​ដែល​យើង​ចង់​បង្ហាញ​បងប្អូន​យើង គឺ​ដំណើរ​កម្ពុជា​ឆ្ពោះ​ទៅរក​ជ្រោះ​មរណៈ​សហព័ន្ធ​ឥណ្ឌូចិន។ ហើយ​នៅក្នុង​ប្រធានបទ​នេះ យើង​នឹង​និយាយ​អំពី​ដើម​កំណើត​របស់​សហព័ន្ធ​ឥណ្ឌូចិន បង្ហាញ​អំពី​សកម្មភាព​របស់​វៀតមិញ ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ចលនា​ទាមទារ​ឯករាជ្យ​ពី​បារាំង មុន​យើង​បាន​ឯករាជ្យ។ យើង​ក៏​បង្ហាញ​ដែរ​អំពី​សកម្មភាព​របស់​វៀតមិញ នៅក្រោយ​ឯករាជ្យ មាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ចេញ​មុខ ហើយ​និង​មាន​ចលនា​ប្រជាជន​បដិវត្តន៍ ជា​ចលនា​នៅ​ក្នុង​ព្រៃ ហើយ​ក៏​យើង​ចង់​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្មែរ​វៀតមិញ នៅ​ចន្លោះ​ឆ្នាំ​៧០ ដល់ ៧៩ យើង​បង្ហាញ​អំពី​ការ​កសាង​សហព័ន្ធ​ឥណ្ឌូចិន នៅ​ចន្លោះ​ឆ្នាំ ១៩៧៩, ១៩៩១ ដោយ​គណបក្ស​ប្រជាជន ដែល​បន្តុប​ដោយ​កងទ័ព​យួន ជាពិសេស​យើង​ចង់​បង្ហាញ​អំពី​ការ​កសាង​សហព័ន្ធ​ឥណ្ឌូចិន ដោយ​គណបក្ស​ប្រជាជន ដែល​ខ្លួន​ជាប់​ឆ្នោត​តាំង​ពី​ឆ្នាំ​៩៣ មក​ដល់​ឆ្នាំ​២០០៨»

លោក ស៊ាន ម៉ាសាវ៉ាង មាន​ប្រសាសន៍​ថា អង្គមហា​សន្និបាត​នឹង​មាន​សមាជិក​សមាជិកា​មក​ពី​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​និង​មក​ពី​ប្រទេស​ដទៃ​ខ្លះ​ទៀត សរុប​អាច​ចាប់​ពី​ចំនួន ២០០ ទៅ ៣០០​នាក់ គ្រោង​នឹង​ចូលរួម។

ចលនា​ខ្មែរ​ម្ចាស់ស្រុក នឹង​ធ្វើការ​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​រៀបចំ​ជា​អង្គការ​ចាត់តាំង​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ខ្មែរ​តាម​ផ្លូវ​ច្បាប់។

លោក ស៊ាន ម៉ាសាវ៉ាង ថ្លែង​បន្ថែម​ដូច្នេះ​ទៀត​ថា ៖ «លទ្ធផល​មហា​សន្និបាត​នេះ ទីមួយ យើង​ធ្វើ​ថា​ម៉េច ឲ្យ​បង​ប្អូន​ខ្មែរ​យើង​មាន​ជំហរ​រឹងមាំ ក្នុង​ការ​ការពារ​ជន​ជាតិ​របស់​យើង ហើយ​ទី​ពីរ នៅក្នុង​មហា​សន្និបាត​ទីពីរ​ហ្នឹង​ដែរ យើង​ចង់​ធ្វើ​យ៉ាងម៉េច​ឲ្យ​ខ្មែរ​ម្ចាស់​ស្រុក ឲ្យ​ទៅ​ជា​អង្គការ​មួយ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ពេល​ហ្នុង​យើង​អាច​រៀបចំ​សំណុំ​រឿង​នានា ដើម្បី​ទៅ​ទាមទារ ការពារ​អធិបតេយ្យ ឯករាជភាព និង​បូរណភាព​ទឹក​ដី​ខ្មែរ តាម​ច្បាប់​អន្តរជាតិ»

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ២០០៦។

លោក ស៊ាន ម៉ាសាវ៉ាង បញ្ជាក់​ថា មក​ដល់​ពេល​នេះ ចលនា​ខ្មែរ​ម្ចាស់​ស្រុក​បង្កើត​បាន​ជាង ១០​សាខា​ហើយ នៅ​តាម​រដ្ឋ​មួយ​ចំនួន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​បារាំង អូស្រ្ដាលី និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ក្នុង​ទ្វីប​អឺរ៉ុប ដោយ​មាន​សមាជិក​សរុប​ជាង ១​ម៉ឺន​នាក់៕