កិច្ចប្រឹងប្រែង​របស់​ខ្មែរ​ឯនាយ​សមុទ្រ​​ចំពោះ​បញ្ហា​​ព្រះវិហារ

ខ្មែរ​ឯ​នាយ​សមុទ្រ​មិន​ថា​នៅ​អាមេរិក កាណាដា អូស្ត្រាលី ជប៉ុន ឬ​អឺរ៉ុប​ឡើយ សុទ្ធសឹង​មាន​កំហឹង​ក្នុង​ចិត្ត​កាលណា​បាន​ជ្រាប​ពី​ដំណឹង​ថា យោធា​ថៃ​បាន​ចូល​ទៅ​កាន់កាប់​ទឹក​ដី​ខ្មែរ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

នៅ​ទីក្រុង​ប៉ារីស លោក រ៉ូហ្សេ គិន ខ្មែរ​-បារាំង ដែល​បាន​តាមដាន​ស្ថានការណ៍​ប្រទេស​កំណើត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បាន​ប្រមែ​ប្រមូល​ហត្ថលេខា​ពី​ខ្មែរ​សញ្ជាតិ​បារាំង​បាន​ដល់​ខ្ទង់​ពាន់​នាក់ ដើម្បី​សម្តែង​ការប្រឆាំង​ទៅ​នឹង​ការឈ្លាន​ពាន​របស់​កងទ័ព​ថៃ​មក​លើ​ទឹកដី​ខ្មែរ ហើយ​បាន​ជូន​ញត្តិ​ដល់​តំណាង​រាស្ត្រ​របស់​លោក​គឺ​លោកស្រី ស្ហង់តាល់ ប្រ៊ូណែល ព្រមទាំង​ស្នើ​សុំឲ្យ​បញ្ជូន​ញត្តិ​បន្ត​ទៅ​ជូន​លោក​ប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី សុំ​អន្តរាគមន៍​បារាំង​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​ថៃ​នេះ។

ខ្មែរ​នៅ​បារាំង​ធ្វើ​ញត្តិ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​

លោក រ៉ូហ្សេ គិន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «[ញត្តិ]​ហ្នឹង ខ្ញុំ​បាន​ឲ្យ​ខ្មែរ​យើង​ស៊ីញ៉េ​ដែរ ហើយ​ឥឡូវ​ហ្នឹង មាន​[ហត្ថលេខា]​ចំនួន ១០០០​ហើយ​ៗ ខ្ញុំ​បាន​យក​អាហ្នឹង​ទៅ​ជូន​តំណាងរាស្ត្រ​របស់​ខ្ញុំ សូម​ឲ្យ​គាត់​ជួយ​[អន្តរាគមន៍]​ក្នុង​រឿង​ដែល​សៀម​ឈ្លានពាន​យើង។ ដូច​ថា យើង​បាន​ប្រាប់​គាត់ ឲ្យ​គាត់​យក​ពាក្យ​ហ្នឹង​ទៅ​ប្រាប់​ប្រធានាធិបតី​ផង។ យើង​ឃើញ​ថា ខ្មែរ​យើង​ស្ទុះស្ទា​ច្រើន​នៅ​ក្នុង​ការចុះ​[ហត្ថលេខា] គឺ​មួយ​ៗ​អត់​មាន​រុញរា​ទេ គឺ​ថា យើង​ធ្វើ​មិន​ដល់​មួយ​សប្ដាហ៍​ផង​ដែល​បាន​[ហត្ថលេខា]​ប៉ុណ្ណឹង ហើយ​ខ្លះ​កំពុង​តែ​ផ្ញើ​មក​បន្ត​ទៀត»

ស្តីពី​ជំហរ​ដែល​ថា ខ្មែរ​គួរតែ​សម្រក់​ទឹកភ្នែក​ជា​ជាង​សម្រក់​ឈាម​ជាមួយ​សៀម ដែល​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី ទេព វង្ស បាន​មាន​សង្ឃដីកា​នៅឯ​ប្រាសាទ​ព្រះវិហារ​មុន​នេះ​នោះ លោក រ៉ូហ្សេ គិន ដែល​បាន​សម្រក់​ទឹក​ភ្នែក​ស្ទើរ​គ្មាន​ទឹកភ្នែក​សល់​ឲ្យ​សម្រក់ កាល​ពី​សម័យ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្រោម​របប​ខ្មែរ​ក្រហម​នោះ មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​គេ​ឈ្លានពាន មិន​គប្បី​និយាយ​ពី​រឿង​សម្រក់​ទឹក​ភ្នែក​ឡើយ។

ទាហានខ្មែរ1

លោក រ៉ូហ្សេ គិន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការសម្រក់​ទឹក​ភ្នែក ឬ​សម្រក់​ឈាម យើង​មិន​អាច​សម្រេច​នៅ​លើ​ខ្លួន​យើង​បាន​ទេ ពីព្រោះ​បើ​គេ​រំលោភ​មក​យើង គេ​ចង់​យក​ឈាម​មក​លេង​ជាមួយ​យើង យើង​នៅ​តែ​សម្រក់​ទឹក​ភ្នែក គឺ​យើង​នឹង​មិន​យល់​ហេតុការណ៍។ គឺ​មើល​សភាព​ការណ៍​ឲ្យ​ច្បាស់លាស់​មុន​នឹង​យើង​ថា។ ធម្មតា គ្មាន​អ្នក​ណា​ចង់​សង្រ្គាម​ទេ ខ្មែរ​យើង​មាន​សង្គ្រាម​ហ្នឹង​វា​ឆ្អែតឆ្អន់​ហើយ។ យើង​មិន​ចង់​ទេ ក៏​ប៉ុន្តែ​បញ្ហា​ដែល​ថា វា​គ្មាន​ជម្រើស អាហ្នឹង​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដែរ... យើង​មិន​ត្រូវ​និយាយ​ពី​រឿង​ទឹក​ភ្នែក​ទេ ដែល​គេ​ចូល​មក​ឈ្លាន​ពាន​យើង តើ​យើង​ទៅ​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ម៉េច? បង្ហូរ​ទឹក​ភ្នែក​ឲ្យ​គេ​យក​ទឹក​ដី​យើង​ឬ? មក​ដល់​សម័យ​ហ្នឹង​ហើយ តើ​នៅ​ឈរ​ឱប​ដៃ​យំ​ឬ? អត់​មាន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ ត្រូវការ​បង្ហូរ​ឈាម ត្រូវការ​លះបង់​កូន​ចៅ ក៏​លះបង់​ដែរ ត្រូវការ​ការលះ​បង់​ទ្រព្យ​ធន​ក៏​យើង​ត្រូវ​ធ្វើ​ដែរ។ យើង​អត់​មាន​ត្រូវការ​បង្ហូរ​ទឹក​ភ្នែក​ចំពោះ​មុខ​សត្រូវ​ដែល​លុកលុយ​យើង​ទេ»

និស្សិត​ខ្មែរ​នៅ​បារាំង​រៃ​អង្គាស​ប្រាក់​សម្រាប់​ទាហាន​នៅ​ព្រះវិហារ

ទាក់ទង​នឹង​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​នេះ កាលពី​ថ្ងៃ​ពុធ វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ថា ក្រុម​និស្សិត​ខ្មែរ​រៀន​នៅ​ខេត្ត​លីយ៉ុង ប្រទេស​បារាំង បាន​នាំគ្នា​រៃ​ប្រាក់កាស​ដើម្បី​ផ្ញើ​ទៅ​ជួយ​ទាហាន​ការពារ​ទឹកដី​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

និស្សិត សុខ រិទ្ធិចក្រ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី អំពី​កិច្ច​ប្រឹងប្រែង​នោះ​ដូច្នេះ ៖ «ខ្ញុំ ក៏​ដូច​ជា​ប្រធាន​សមាគម​និស្សិត​ខ្មែរ​នៅ​ក្នុង​ទីក្រុង​លីយ៉ុង​នេះ ពួក​ខ្ញុំ​បាន​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១​នេះ ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ ទី​មួយ។ ហើយ​ទី​ពីរ ទន្ទឹម​នេះ​ដែរ យើង​បាន​រៃ​អង្គាស​ប្រាក់កាស​ពី​បងប្អូន​ខ្មែរ​នៅ​លីយ៉ុង​នេះ បាន​ខ្ទង់​ប្រហែល​ជា ២០០០​អឺរ៉ូ។ ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​លោក​បាន​ខិតខំ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​នេះ​គឺ​ជា​ការខិតខំ​បន្ថែម​នៅ​ពេល​ដែល​យើង​ឃើញ​មាន​ការខ្វះខាត។ ព្រោះ​យើង​ឃើញ បងប្អូន​យើង​ខ្លះ​គាត់​ពាក់​ស្បែកជើង​ផ្ទាត់ បងប្អូន​ខ្លះ​គាត់​នៅ​ក្រោម​ភ្លៀង។ ទិសដៅ​យើង​ធំ​គឺ​យើង​ចង់​ជួយ​ដល់​យុទ្ធជន»

ប្រតិកម្មទៅនឹងការអះអាង​របស់​និស្សិត​សុខ​រិទ្ធិចក្រ ថាលោក​យល់ ថា​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ជួយ​បងប្អូន​ខ្មែរ​ព្រះសង្ឃ​និង​ទាហាន​នៅតំបន់​ប្រាសាទ​ព្រះវិហារ​ហើយ​នោះ លោក លី ផឿង ខ្មែរ​-បារាំង​នៅ​ខេត្ត​លីយ៉ុង មួយរូប ដែល​បាន​ចូល​វិភាគទាន​ក្នុង​ការរៃ​អង្គាស​ដោយ​ក្រុម​និស្សិត​​ដែរ​នោះ បាន​សុំ​បដិសេធ​មិន​ចូលរួម​សរសើរ​ទង្វើ​របស់​រដ្ឋាភិបាល​ផង​ទេ។

កម្ពុជា​មិន​គួរ​ចរចា​ជាមួយ​ថៃ​​អំពី​រឿង​ព្រះវិហារ​ទេ

លោក លី ផឿង មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មិន​បាន​សរសើរ​ពី​ទង្វើ​របស់​រដ្ឋាភិបាល​ទេ ខ្ញុំ​ជួយ​ក្នុង​ន័យ​មនុស្ស​ធម៌ ហើយ​ចង់​បង្ហាញ​មតិ​ជាតិ​និង​អន្តរជាតិ​ឲ្យ​យល់​ថា រដ្ឋាភិបាល​ខ្មែរ​ខ្សោយ​ហួសហេតុ ព្រោះ​ថា ប្រាក់​ដែល​គេ​ជួយ​ទាំង​ប៉ុន្មាន​សម្រាប់​ការកសាង​ស្រុក រដ្ឋាភិបាល​បាន​ដក ៤០%​សម្រាប់​ឧបត្ថម្ភ​កងទ័ព តែ​ផ្ទុយ​ទៅ​វិញ កងទ័ព​ខ្មែរ​សូម្បី​តែ​ស្បែកជើង​ក៏​អត់​មាន​ពាក់​ផង។ ដូច​ជ្រាប​ស្រាប់​ហើយ នៅ​ស្រុក​ខ្មែរ​អ្នកមាន​ម្នាក់​ៗ មាន​ឡាន​ប៉ុន្មាន ហើយ​រដ្ឋាភិបាល​ដែល​ស្ថិត​ក្នុង​កន្សោម​របស់​លោក ហ៊ុន សែន ម្នាក់​ៗ​មាន​ឡាន​ប៉ុន្មាន ដី​ប៉ុន្មាន​រយ​ឡូតិ៍ តើ​ហេតុ​អី​បាន​ជា​កងទ័ព​ខ្មែរ​សូម្បី​តែ​ស្បែក​ជើង​ក៏​គ្មាន​ដែរ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​លីយ៉ុង​មួយ​ភាគ​ធំ គ្មាន​ការគាំទ្រ​រដ្ឋាភិបាល​ខ្មែរ​ទេ»

លោក លី ផឿង ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ទេ​ថា​តើ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ពលរដ្ឋ​ខ្មែរ​នៅ​លីយ៉ុង ស្រឡាញ់​និង​គាំទ្រ​គណបក្ស​ណា។

ស្តីពី​កិច្ចចរចា​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ជា​បន្តបន្ទាប់ ក្រោយ​ដែល​កងទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ទឹក​ដី​ខ្មែរ​ក្បែរ​ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃទី​១៥ កក្កដា​នោះ លោក លី ផឿង ដែល​ធ្វើការ​នៅក្នុង​វិទ្យុ​ខេមរ​ភាសា​ក្រុង​លីយ៉ុង មាន​យោបល់​ដូច្នេះ ៖ «បញ្ហា​ព្រះវិហារ​គឺ​ជា​រឿង​មួយ ដែល​គ្មាន​រឿង​អី​ដែល​ត្រូវ​ទៅ​ចរចា​ទ្វេ​ភាគី ហើយ​សុំ​ដក​ទ័ព​ទាំង​សង​ខាង តើ​ដក​ទ័ព​ទៅ​ណា​ទៀត បើ​ទ័ព​របស់​យើង​ស្ថិត​នៅ​លើ​ទឹក​ដី​យើង​ស្រេច​ទៅ​ហើយ​នោះ? តើ​យើង​ដក​ទៅ​ណា​ទៀត? ទង្វើ​អស់​នេះ ជា​ទង្វើ​នយោបាយ​សុទ្ធសាធ​ដែល​រដ្ឋាភិបាល​ដែល ហ៊ុន សែន ដឹកនាំ​នោះ​ធ្វើ ដើម្បី​បង្ហាញ​ថា ខ្លួន​មាន​ឆន្ទៈ​ល្អ ចំពោះ​ជាតិ​និង​ចំពោះ​អ្នក​ជិត​ខាង តែ​ផ្ទុយ​ទៅ​វិញ​ការខាតបង់​នឹង​មាន នៅតែ​បន្ត​ការចរចា​ជា​ទ្វេ​ភាគី ព្រោះ​ថា ដី​ព្រះវិហារ​ជា​ដី​របស់​យើង យើង​គ្មាន​ត្រូវការ​ចរចា​ទេ យើង​ប្ដឹង​តែ​ម្ដង​ទៅ នោះ​យើង​នឹង​មិន​ខាត​ពេលវេលា​ផង ទុក​ពេល​វេលា​ហ្នឹង​កសាង​ស្រុក ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​រួសរាន់ ល្អ​ជាង​ទៅ​ធ្វើការ​ចរចា​មួយ​ថ្ងៃ​ជា​មួយ​ថ្ងៃ​ជាមួយ​ថៃ»