នាយករដ្ឋមន្រ្តី​ខ្មែរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ជប៉ុន

2009-11-05

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-​ជប៉ុន ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៦-​៧ វិច្ឆិកា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

AFP/TANG CHHIN SOTHY

លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន។

គណៈប្រតិភូ​ចាក​ចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​មាន​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​អម​ដំណើរ​ផង មាន​ជា​អាទិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​ជប៉ុន​នេះ នឹង​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ប្តេជ្ញា​ចិត្ត​នយោបាយ​ក្នុង​កម្រិត​ខ្ពស់​បំផុត នៃ​ប្រទេស​មេគង្គ​និង​ជប៉ុន សម្រាប់​ការ​អភិវឌ្ឍ​ដ៏​ទូលំ​ទូលាយ​នៃ​តំបន់​មេគង្គ រួម​ទាំង​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ចូល​ជួប​សវនាការ​ជាមួយ​ព្រះអង្គម្ចាស់​រាជ​ទាយាទ ណារ៉ូ ហ៊ីតុ នៅ​ព្រះ​បរម​រាជវាំង​ជប៉ុន និង​ជួប​ជាមួយ​លោក​ប្រធាន​រដ្ឋ​សភា​ជប៉ុន ប្រធាន​ព្រឹទ្ធ​សភា​ជប៉ុន និង​នាយករដ្ឋមន្រ្តី​ជប៉ុន។

នៅ​ចុង​បញ្ចប់​កិច្ចប្រជុំ​នោះ មាន​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​មួយ និង​មាន​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ក្រុង​តូក្យូ ស្តី​ពី​ភាព​ជា​ដៃ​គូ​ថ្មី​មួយ​សម្រាប់​អនាគត​រីក​ចម្រើន​រុងរឿង​រវាង​ជប៉ុន ជាមួយ​បណ្តា​ប្រទេស​តំបន់​មេគង្គ​ដោយ​មាន​សកម្មភាព​ជប៉ុន មេគង្គ ជា​ឧបសម្ពន្ធ័៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង