គណៈប្រតិភូចាកចេញពីភ្នំពេញ នៅថ្ងៃទី៥ វិច្ឆិកា ដោយមានមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួនអមដំណើរផង មានជាអាទិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលនៅប្រទេសជប៉ុននេះ នឹងបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត នៃប្រទេសមេគង្គនិងជប៉ុន សម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយនៃតំបន់មេគង្គ រួមទាំងការគ្រប់គ្រងទន្លេមេគង្គ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា នៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលជួបសវនាការជាមួយព្រះអង្គម្ចាស់រាជទាយាទ ណារ៉ូ ហ៊ីតុ នៅព្រះបរមរាជវាំងជប៉ុន និងជួបជាមួយលោកប្រធានរដ្ឋសភាជប៉ុន ប្រធានព្រឹទ្ធសភាជប៉ុន និងនាយករដ្ឋមន្រ្តីជប៉ុន។
នៅចុងបញ្ចប់កិច្ចប្រជុំនោះ មានសន្និសីទសារព័ត៌មានរួមគ្នាមួយ និងមានការចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងតូក្យូ ស្តីពីភាពជាដៃគូថ្មីមួយសម្រាប់អនាគតរីកចម្រើនរុងរឿងរវាងជប៉ុន ជាមួយបណ្តាប្រទេសតំបន់មេគង្គដោយមានសកម្មភាពជប៉ុន មេគង្គ ជាឧបសម្ពន្ធ័៕
