ពលទាហានខ្មែរម្នាក់ដែលកំពុងត្រៀមប្រយុទ្ធដោយអាវុធនៅដៃ នៅតំបន់ព្រលានឥន្ទ្រី បានបណ្ដេញក្រុមអ្នកកាសែត ដែលបានចូលទៅកាន់ទីនោះ ឲ្យចាកចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ពីព្រោះគេដឹងថា កងទាហានថៃបានព្យាយាមជម្រុលចូលមកក្នុងទឹកដីខ្មែរក្នុងតំបន់នោះ ៖ «ថ្ងៃហ្នឹងផ្ទុះពីរហើយ វាធ្លាប់តែឆ្មក់ចូលអ៊ីចឹង វាតែងតែលងប៉ុន្មានដងហើយ ពីមុនមានតែឈុតខ្មៅសុទ្ធ ឥឡូវលាយជាមួយប៉ារ៉ារបស់វា ទ័ពប្រយុទ្ធដែរ។ ប៉ុន្មានថ្ងៃនេះ យើងមានការប្រុងប្រយ័ត្នរហូតហ្នឹង។ ឧបមា វេន ៥នាក់អ៊ីចឹង ដេកតែ ២នាក់ទេ ៣នាក់យាមអ៊ីចឹងទៅដូរគ្នា»។
តាមសេចក្ដីរាយការណ៍ដោយវិទ្យុទាក់ទងរបស់កងទាហានខ្មែរ បានឲ្យដឹងថា សំឡេងផ្ទុះមីន២គ្រាប់នោះ បណ្ដាលឲ្យទាហានថៃម្នាក់ បានរងរបួសដាច់ជើងទាំងសងខាង និងម្នាក់ទៀត បានរងរបួសដាច់ជើងម្ខាង ហើយបន្ទាប់មកឧទ្ធម្ភាគចក្រយោធាថៃមួយគ្រឿង បានមកដឹកយកទៅ។ ក៏ប៉ុន្តែទោះយ៉ាងណា មិនមានប្រភពយោធាថៃណាមួយ បានបញ្ជាក់ឲ្យច្បាស់លាស់ អះអាងពិតប្រាកដអំពីការផ្ទុះមីននិងចំនួនទាហានថៃ ដែលបានរងរបួសនោះទេ។
មន្រ្តីយោធាខ្មែរមួយរូបរបស់កងពលថ្មើរជើងលេខ៤៣ គ្រប់គ្រងតំបន់នោះ ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃចន្ទថា កងទាហានថៃនៅតែព្យាយាមចូលដណ្ដើមយកតំបន់ព្រលានឥន្ទ្រី ដើម្បីឆ្ពោះមកដណ្ដើមកាន់កាប់តំបន់ ៥មករា ហើយកាត់ផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ។
មន្ត្រីយោធាដដែលថ្លែងដូច្នេះថា ៖ «គោលការណ៍វា វាមកនេះយក ៥មករា ហ្នឹង មកវ៉ៃនៅវាលឥន្រ្ទីហ្នឹង ដល់ក្រោយមកវាមានផែនការ តាមតេអូ យើងស្ដាប់វាបាន វាឲ្យកម្លាំងវារាវកន្លែងណាដែលចន្លោះយើងហ្នឹង គឺធ្វើម៉េចធ្វើស្ពានធ្វើផ្លូវ ដើម្បីបញ្ជូនកម្លាំងមក។ កាលណាវាមកហើយ វាអត់ចេញទេ វាអត់ចេញទេ។ ឥឡូវយើងរុញដាក់ យើងត្រូវតែប្រយ័ត្ន»។
មន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានចាត់ទុកសកម្មភាពកងទាហានថៃថា បានព្យាយាមបង្កហេតុម្ដងហើយម្ដងទៀត ក្នុងការព្យាយាមចូលលុកលុយព្រំដែនខ្មែរនៅទីនោះ ដែលទង្វើនេះ ជាការរំលោភទៅលើកិច្ចចរចារវាងមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ដែលបានព្រមព្រៀងមិនឲ្យមានការចល័តកងទ័ពនិងការផ្ទុះអាវុធកន្លងមក។
សូមរំឭកថា កាលពីថ្ងៃទី៣ ខែតុលា កន្លងមក ទាហានខ្មែរនិងថៃបានប៉ះទង្គិចគ្នាដោយអាវុធនៅឯព្រលានឥន្រ្ទី នាតំបន់ភ្នំទ្រព្យនោះ ដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់និងទាហានថៃ២នាក់រងរបួស៕
