ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ កាលពីចុងសប្តាហ៍នេះ បានដកស្រង់ការអះអាងប្រកបទៅដោយទំនុកចិត្តរបស់ទាហានខ្មែរដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ ឈ្មោះ ជុំ ខ្លា ដែលបានពោលឲ្យដឹងថា បើទោះជាទាហានថៃមានអាវុធទំនើបក៏ដោយ លោកមិនខ្លាចទេ ពីព្រោះរូបលោកមានវត្ថុស័ក្តិសិទ្ធិសម្រាប់ការពារខ្លួន។
ក្រៅពីក្បាលជូតកន្សែង យុទ្ធជន ជុំ ខ្លា អាយុ២៨ឆ្នាំ ក៏មានពាក់ខ្សែកថាស័ក្តិសិទ្ធិជុំវិញចង្កេះនិងមានរូបដិមាព្រះពុទ្ធជាប់នឹងខ្លួនទៀតផង។
យុទ្ធជន ជុំ ខ្លា បានបន្ថែមថា រូបគេបានចូលច្បាំងក្នុងសមរភូមិរាប់មិនអស់ជាមួយអតីតទាហានខ្មែរក្រហម ប៉ុន្តែមិនដែលមានគ្រោះថ្នាក់ទេ ដោយសារតែមន្តអាគមនិងវត្ថុស័ក្តិសិទ្ធិទាំងនេះការពាររូបគេ។
ទាហានខ្មែរមួយរូបឈ្មោះ កុយ សាន បានបន្ថែមថា រូបលោកជើឿលើវត្ថុស័ក្តិសិទ្ធិទាំងនេះ ១០០ភាគរយ ក្នុងការរក្សាការពារជីវិតរបស់លោកនៅក្នុងសមរភូមិ។
លោកចៅអធិការវត្តខ្មែរមួយស្ថិតនៅក្នុងតំបន់ជម្លោះនាប្រាសាទព្រះវិហារនោះ បានមានថេរដីកាថា មានទាហានខ្មែរច្រើនរាប់មិនអស់ទេ ដែលបានមកសុំឲ្យព្រះអង្គធ្វើខ្សែយ័ន្តការពារខ្លួនពួកគេ ដែលមានឆ្លាក់ចារព្រះធម៌របស់ព្រះពុទ្ធនៅក្នុងនោះផងដែរ។
ស្របពេលមានជម្លោះព្រំដែនជាមួយកងទ័ពថៃថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនថវិកាជាតិចំណាយប្រចាំឆ្នាំ២០០៩ ទៅលើការពង្រឹងវិស័យយោធា រហូតទៅដល់ ៥០០លានដុល្លារឯណោះ ដែលគេសង្ឃឹមថា ចំនួនថវិកានេះអាចនឹងជួយឧបត្ថម្ភដល់ជីវភាពកងទ័ពខ្មែរ ក៏ដូចជាបំពាក់អាវុធឲ្យបានល្អប្រសើរ៕
