ក្រុម​សិល្បៈ​ខ្មែរ​នៅ​ខេត្ត​កោះកុង​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ

ខេត្ត​កោះកុង ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់​មាត់​សមុទ្រ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​នាំ​យក​របាំ​ជូន​ពរ​ទៅ​សម្ដែង​ក្នុង​ស្រុក​ក្លងយ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ នៅ​ថ្ងៃ​សុក្រ ទី​១៣ មេសា ជា​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង។

ស្រុក​ក្លងយ៉ៃ​ថៃ មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ប្រទេស​កម្ពុជា។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កោះកុង លោក អ៊ុក នឿន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មេសា ថា ការ​បញ្ចូន​របាំ​ជូនពរ​របស់​ខ្មែរ​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ថៃ ៖ «ស្រុក​ក្លងយ៉ៃ និង​ស្រុក​មណ្ឌល​សីមា​គេ​សហការ​គ្នា​គេ​ធ្វើ​បុណ្យ គេ​អញ្ជើញ​យើង​ឲ្យ​ចូល​រួម ខេត្ត​គេ​ឲ្យ​ក្រុម​យើង​ជា​អ្នក​រក​របាំ​ស្រុក​អត់​មាន​របាំ​ចុះ​គេ​ឲ្យ​យើង​ជួយ​យក​សិស្សៗ មួយ​របាំ​ជួយ​រាំ​គេ»

លោក​បន្ត​ថា ក្រុម​សិល្បករ​ថៃ​ក៏​បាន​មក​សម្ដែង​ជា​មួយ​ក្រុម​សិល្បករ​ខ្មែរ​ក្នុង​ស្រុក​មណ្ឌល​សីមា ប្រទេស​កម្ពុជា​ដែរ នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ចំនួន​បី​ថ្ងៃ​នេះ។ ប៉ុន្តែ​កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ក្នុង​បរិវេណ​ការស៊ីណូ​ខេត្ត​កោះកុង ជាប់​នឹង​ច្រក​ចាំយាម និង​ច្រក​ហាក​លេក​ប្រទេស​ថៃ។

អភិបាល​ខេត្ត​កោះ​កុង លោក ប៊ុន ល៉ើត មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​ក្រុម​សិល្បៈ​គ្នា​នេះ គឺ​ដើម្បី​រឹត​ចំណង​សាមគ្គី​ភាព​រវាង​ប្រទេស​ជិត​ខាង​គ្នា និង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ឡើង​ស្រប​ពេល​គ្នា​តែ​មួយ ៖ «ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក៏​ដោយ ថៃ​ក៏​ដោយ ជួនកាល​គេ​អញ្ជើញ​យើង ជួន​យើង​អញ្ជើញ​គេ​ផ្លាស់​ប្ដូរ​គ្នា»

អនុ​ប្រធាន​ការិយាល័យ​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កោះកុង អ្នក​ស្រី ធូរ វលក្ខណ៍។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៣ មេសា ថា នៅ​ក្នុង​ការ​សម្ដែង​សិល្បៈ​ចម្រុះ​ក្នុង​បរិវេណ​ការស៊ីណូ ឬ​មជ្ឈ​មណ្ឌល​កម្សាន្ត​ដ៏​ធំ​ជាង​គេ​នៅ​ខេត្ត​កោះកុង​នោះ។ ក្រុម​សិល្បៈ​នៅ​ខេត្ត​កោះកុង​បាន​លើក​យក​របាំ​ប្រពៃណី និង​បុរាណ​ជា​ច្រើន ជា​ពិសេស​របាំ​ដែល​តំណាង​ឲ្យ​អត្តសញ្ញាណ​នៃ​ខេត្ត​នេះ​មក​សម្ដែង​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា ៖ «ច្រើន​ណាស់ វា​មាន ១៥​របាំ វា​មាន​ជូនពរ ត្រឡោក នេសាទ គែន របាំ​ខ្វារ​ក្ដាម​ដែល​ខេត្ត​ខ្ញុំ​ផលិត​ខ្លួន​ឯង ព័ទ្ធ​រុង និង​ដេញ​ក្រពើ​ចាប់​ត្រី​នៅ​ខេត្ត​កោះកុង​បី​របាំ​ហ្នឹង»

ក្រៅ​ពី​ក្រុម​សិល្បៈ​នៅ​ខេត្ត​កោះកុង ក៏​មាន​ក្រុម​សិល្បៈ​មក​ពី​ភ្នំពេញ និង​ប្រទេស​ថៃ​ចូល​រួម​សម្តែង​ជា​លក្ខណៈ​មិត្តភាព​ក្នុង​ពិធី​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​រោង ឆ្នាំ​២០១២ នេះ​ដែរ។

នៅ​ម្តុំ​ផ្សារ​ដង​ទង់ ជា​ទី​ប្រជុំ​ជន​នៃ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នា​ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ មាន​សភាព​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា និង​ពុំ​មាន​អ្នក​ភូមិ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដូច​ជា​បោះ​អង្កុញ ចោល​ឈូង ឬ​លេង​លាក់​កន្សែង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​តាម​ផ្លូវ​ទៅ​ទី​អារាម​ខ្លះ ឃើញ​មាន​ក្រុម​យុវជន​មួយ​ចំនួន​លេង​កុប​ទឹក និង​ប៉ាត​ម្សៅ។ អ្នក​ចាស់​ទុំ​នៅ​ខេត្ត​នេះ​អះអាង​ថា ក្មេងៗ​លេង​បែប​នេះ​គឺ​ចម្លង​យក​មក​ពី​ទំនៀម​ទម្លាប់​របស់​ថៃ។

នៅ​ក្នុង​រយៈ​ពេល ៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ មេសា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ច្រក​ទ្វារ​ចាំ​យាម​ព្រំដែន​កម្ពុជា-ថៃ បាន​បន្ថែម​ម៉ោង​ឆ្លង​កាត់​តំបន់​នេះ ដោយ​ចាប់​បើក​ឲ្យ​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ភ្ញៀវ​ទេសចរណ៍​ដទៃ​ទៀត​ចេញ​ចូល​ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ១២​យប់ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្រជា​ពល​រដ្ឋ​សប្បាយ​រីក​រាយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។