កិច្ចប្រជុំនោះគឺរៀបចំឡើងនៅថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង ៩កន្លះព្រឹកដល់ម៉ោង ៤រសៀល នៅក្នុងបរិវេណវត្តលីន នៃទីក្រុងលីន រដ្ឋម៉ាស្សាឈូស្សិត ។ ប្រធានបទនៃកិច្ចប្រជុំគឺផ្តោតសំខាន់អំពីបញ្ហាភាពក្រីក្ររបស់ពលរដ្ឋខ្មែរ បញ្ហាព្រំដែន បញ្ហាអាណានិគមវៀតណាម និងអំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ។
លោកស្រីបណ្ឌិត ចាក់ សាខុន អគ្គប្រតិភូនៃចលនាខ្មែរម្ចាស់ស្រុក មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទនៅថ្ងៃនេះឲ្យដឹងអំពីប្រធានបទសំខាន់ៗមួយចំនួនទៀត ដែលនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំនោះ ៖ «ប្រធាបទហ្នឹងគឺថារឿងសន្តិភាពសព្វថ្ងៃហ្នឹង មិនមែនជាសន្តិភាពធិបតេយ្យទេ ជាសន្តិភាពក្លែងក្លាយនៅស្រុកខ្មែរ ហើយពីរឿងអន្តោប្រវេសន៍ ដើម្បីប្រាប់ឲ្យប្រជាជនយើងបានដឹង ។ ហើយបន្ទាប់មកទៀត យើងនិយាយពីរឿង... សេដ្ឋកិច្ចខ្មែរទៅឲ្យយួន ពីរឿងពុករលួយ ពីរឿងប្លន់ដីធ្លីអីទាំងអស់ហ្នឹង ដែលជាពិសេសគឺថា សព្វថ្ងៃហ្នឹងរដ្ឋាភិបាលខ្មែរកំពុងតែដឹកដៃខ្មែរទាំងអស់ចូលទៅសហព័ន្ធឥណ្ឌូចិន ដោយខ្មែរអត់ដឹងខ្លួន ។ អ៊ីចឹងបានយើងនៅស្រុកក្រៅហ្នឹងយើងខំពន្យល់ ឲ្យគាត់យល់ថា តិចទៀតហ្នឹងអស់ជាតិសាសន៍យើងហើយ យើងទៅជាឥណ្ឌូចិន» ។
លោកស្រីបណ្ឌិត ចាក់ សាខុន មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះចលនាខ្មែរម្ចាស់ស្រុក ចេញធ្វើការផ្សព្វផ្សាយជម្រាបដល់ពលរដ្ឋខ្មែរដែលនៅក្រៅស្រុក ឲ្យបានជ្រាបអំពីវិបត្តិធំៗក្នុងសង្គមកម្ពុជាសព្វថ្ងៃ ដើម្បីឲ្យពលរដ្ឋនៅក្រៅស្រុកបានយល់បានឃើញច្បាស់នូវគ្រោះថ្នាក់ដែលប្រជាជាតិខ្មែរកំពុងប្រឈមមុខ ។
លោកស្រីបណ្ឌិតបញ្ជាក់ថា ចលនាខ្មែរម្ចាស់ស្រុកមិនផ្ញើសេចក្តីថ្លែងការណ៍ជាអនុសាសន៍ឬសំណើជូនទៅរដ្ឋាភិបាលខ្មែរ ដើម្បីឲ្យដោះស្រាយបញ្ហាទាំងអស់នោះទេ ព្រោះថា ៖ «ខ្មែរម្ចាស់ស្រុកមិនបាច់ធ្វើសំណើទេ ព្រោះសំណើហ្នឹង Amnesty International ក៏គេធ្វើ នៅខាង Global Witness ក៏គេធ្វើ អង្គការក្រៅរដ្ឋាភិបាលនានាគេធ្វើមួយកញ្ឆេរ ពីរកញ្ឆេរ អស់រាប់តោនហើយ ដូច្នេះខ្មែរម្ចាស់ស្រុកមិនបាច់ធ្វើទេ រដ្ឋាភិបាលដឹងហើយថាខ្លួនត្រូវធ្វើស្អី ជាពិសេសទៅទៀតហ្នឹងរដ្ឋាភិបាល បើគោរពសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹង វាគ្រប់គ្រាន់ហើយ ប៉ុន្តែខ្លួនមិនគោរព ប្រទេសខ្មែរហ្នឹងជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាទីក្រុងប៉ារីស រំលោភសន្ធិសញ្ញារបស់ខ្លួនទៀត ដែលគេធ្វើសម្រាប់ប្រយោជន៍ខ្លួនហ្នុង ។ រដ្ឋាភិបាលសព្វថ្ងៃអត់មានឯករាជ្យ ធ្វើការដោះស្រាយបញ្ហាដោយខ្លួនឯងទេ ព្រោះខ្លួននៅក្រោមគំនាបប្រទេសវៀតណាមតែម្ដង បើនិយាយឲ្យចំទៅ ។ ប្រហែលជាមានឆន្ទះនឹងដោះស្រាយដែរ ប៉ុន្តែអត់មានសិទ្ធិនឹងដោះស្រាយ ដូច្នេះហើយមានតែប្រជាពលរដ្ឋខ្មែរទេ ប្រជាពលរដ្ឋខ្មែរដឹងជ្រាបទាំងអស់ទៅ ប្រហែលជាគេអាចជួយរដ្ឋាភិបាលបាន រឿងដោះស្រាយបញ្ហាស្រុកហ្នឹង ។ អ៊ីចឹងបានថាក្នុងស្រុកធ្វើមិនបាន យើងបំផុសបំផុលគ្នាទៅ ហើយច្បាប់យើងមានមួយគំនរតើ! យើងទាមទារទៅតាមផ្លូវច្បាប់ ព្រោះប្រទេសវៀតណាមក៏ជាហត្ថលេខី នៃសន្តិភាពទីក្រុងប៉ារីសដែរតើ!» ។
ប៉ុន្តែកន្លងមកនេះរដ្ឋាភិបាលកម្ពុជាតែងបដិសេធនូវការចោទប្រកាន់នេះដោយអះអាងថា ការចោទប្រកាន់ទាំងនេះ គ្មានមូលដ្ឋានច្បាស់លាស់ទេ ៕
