ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

និទ្ទណ្ឌភាព និង​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ​នៅ​កម្ពុជា គឺ​ជា​ចំណុច​ខ្លាំង​នៃ​ពាក្យ​បណ្ដឹង​របស់​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ដាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court = ICC) ប្ដឹង​ចោទ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
ដោយ ជី វិតា
2012-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សួន សេរីរដ្ឋា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣០៣
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
Photo: RFA

មន្ត្រី​ឃ្លាំ​មើល​តុលាការ​អន្តរជាតិ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair Duffy) នៃ​អង្គការ OSJI (Open Society Justice Initiative) មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​មាន​សមត្ថកិច្ច​ចាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋអាជ្ញា នៃ​តុលាការ​នេះ​ជឿ​ជាក់​ថា ទី១ បទ​ល្មើស​ដែល​ប្ដឹង​ទៅ​នោះ មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី២ មាន​ភស្តុតាង​បញ្ជាក់​ថា បទ​ល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយ ជា​លក្ខណៈ​ប្រព័ន្ធ។ ហើយ​ទី៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

សម្រាប់​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តាម​រយៈ​ការ​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី និង​ដី​លំនៅឋាន​នោះ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ឲ្យ​ដឹង​ថា បណ្ដឹង​នោះ​អាច​មាន​ឱកាស​ត្រូវ​តុលាការ​ចាត់​ការ ពីព្រោះ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា និង​តុលាការ​មិន​អាច​ដោះស្រាយ​បាន៖ «បញ្ហា​បណ្ដេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី ឬ​លំនៅឋាន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ របាយការណ៍​នានា​បង្ហាញ​ថា មាន​មនុស្ស​រាប់​សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ។ ចំនួន​អ្នក​រង​ផល​ប៉ះពាល់​ប្រហែល​ជា​ច្រើន​ជាង​នេះ​ទៀត​ផង ពីព្រោះ​ទិន្នន័យ​ពិត​ប្រាកដ​នៅ​មិន​ទាន់​ច្បាស់។ បញ្ហា​ត្រង់​ថា តើ​មាន​ភស្តុតាង​អាច​បញ្ជាក់​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ឬ​ក៏​មិន​មែន។ ប្រសិន​បើ​វា​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល នឹង​អាច​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​និយមន័យ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ខ្ញុំ​ចង់​បញ្ជាក់​ថា បញ្ហា​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន និង​ការ​រឹបអូស​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ​ណាស់។ ដូច្នេះ វា​អាស្រ័យ​លើ​រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ ដែល​ត្រូវ​សម្រេច ឬ​មិន​សម្រេច​ថា តើ​បទ​ល្មើស​នេះ វា​គ្រប់គ្រាន់​សម្រាប់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​វិធានការ»

ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​វិញ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី ដែល​ជា​អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី ផង​នោះ មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​បញ្ហា។ និយាយ​តាម​មួយ​បែប​ទៀត គឺ​ថា តុលាការ​កម្ពុជា បាន​រួម​ចំណែក​ក្នុង​ការ​បង្ក​អោយ​មាន​អំពើ​និទ្ទណ្ឌភាព៖ «បើ​អ្នក​សង្កេត​មើល​តុលាការ​កម្ពុជា​តែ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ថ្មីៗ​នេះ អ្នក​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ គឺ​ពិត​ជា​មិន​មែន​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឡើយ។ ដូច្នេះ នៅ​ពេល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិនិត្យ​មើល​ឆន្ទៈ និង​សមត្ថភាព​របស់​តុលាការ​កម្ពុជា គេ​នឹង​ឃើញ​ថា តុលាការ​ក្នុង​ប្រទេស​នេះ​បរាជ័យ​ក្នុង​ការ​ផ្ដន្ទាទោស​ជន​ល្មើស។ ប្រការ​នេះ​នឹង​អាច​នាំ​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្ដើម​អង្កេត​ស្រាវជ្រាវ​មើល​ឯកសារ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​កម្ពុជា។ បញ្ហា​ជាក់ស្តែង​មួយ​ទៀត គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា ឬ​ប្ដឹង​អំពី​បញ្ហា​ដីធ្លី ពួក​គេ​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ ឬ​ប៉ូលិស តែង​ប្រើ​ហិង្សា​ឃោរឃៅ​ទៅ​លើ​ពលរដ្ឋ​ដែល​សម្ដែង​ការ​តវ៉ា​រឿង​ដីធ្លី។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ដែល​ប្រទេស​កម្ពុជា​មិន​មែន​ជា​វេទិកា ឬ​ជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​កម្ពុជា​ឡើយ។ ហើយ​អំពើ​និទ្ទណ្ឌភាព​កើត​មាន​ឡើង​ជា​ប្រចាំ។ ឧទាហរណ៍ បុគ្គល​ដែល​ប្រើ​ហិង្សា​វាយ​ដំ ឬ​រហូត​ដល់​បាញ់​សម្លាប់​ពលរដ្ឋ​អ្នក​តវ៉ា តែង​តែ​រួច​ខ្លួន ដោយ​គ្មាន​ការ​ដាក់​ទោសពៃរ៍ នោះ​ហើយ​ដែល​ហៅ​ថា​និទ្ទណ្ឌភាព»

អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី បន្ថែម​ទៀត​ថា ប្រការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ (FM 105) ដាក់​ពន្ធនាគារ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ចេញ​ពី​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២ នោះ គឺ​ជា​កត្តា​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា កម្ពុជា​មាន​ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន និង​តុលាការ​មិន​ឯករាជ្យ។ ប្រការ​នេះ​នឹង​ជួយ​ជំរុញ​អោយ​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក សួន សេរីរដ្ឋា នោះ កាន់​តែ​មាន​ប្រសិទ្ធភាព។

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​ពាក្យ​បណ្ដឹង ការិយាល័យ​រាជអាជ្ញា​ក៏​បាន​បង្គាប់​អោយ​លោក​ផ្តល់​ភស្តុតាង​បន្ថែម៖ «បន្ទាប់​ពី​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ ទាម​ទារ​អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ធ្វើ​ការ​អង្កេត​អំពី​បទ​ឧក្រិដ្ឋ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហើយ​មក​ដល់​ថ្ងៃ​នេះ ក្រុម​មេធាវី​របស់​យើង កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ខាង​ផ្នែក​រដ្ឋអាជ្ញា នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ហើយ​គេ​បាន​ស្នើសុំ​នូវ​ឯកសារ ភស្តុតាង បន្ថែម​ទៀត ដើម្បី​ជំរុញ​លើ​ការ​ស៊ើប​អង្កេត។ យើង​មាន​មេធាវី​ពីរ​នាក់។ ទីមួយ លោក វិលៀម ហ្វ្រិក (William Frick) និង​ទីពីរ គឺ​អ្នកស្រី គ្រីស្ទីនា ហ្វីលីប (Christina Phillip)។ ថវិកា​សម្រាប់​ឧបត្ថម្ភ​មេធាវី យើង​អត់​មាន​ទេ តែ​មេធាវី​ទាំង​ពីរ​នាក់​នេះ គាត់​មាន​ចិត្ត​មនុស្សធម៌​សម្រាប់​ជួយ​ពលរដ្ឋ​ខ្មែរ»

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅ​ឡើយ​ទេ។

មេធាវី​របស់​រដ្ឋាភិបាល​លោក គី តិច មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​ដំណឹង​អំពី​រឿង​នេះ​នៅ​ឡើយ៖ «ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​ហ្នឹង​ច្បាស់ ដូច្នេះ​ខ្ញុំ​អត់​ទាន់​មាន​មតិ​អី​ទេ»

ចំណែក​តំណាង​រាស្ត្រ​ចាស់​វស្សា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជាម យៀប មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​កម្ពុជា​មាន​វិបត្តិ​ដីធ្លី​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នោះ​ដែរ។

លោក​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​មាន​កំហុស​ខ្លះ​មែន ប៉ុន្តែ​កំហុស​ទាំង​នោះ​មិន​មែន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូច​ការ​ចោទ​ប្រកាន់​នៅ​ឡើយ៖ «យើង​ចង់​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​គេ​ហ្នឹង ឈរ​លើ​មូលដ្ឋាន​អី​ខ្លះ? បើ​និយាយ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​គ្រប់​កន្លែង​ហ្នឹង ក្លាយ​ជា​អ្នក​ប្រល័យ​ពូជសាសន៍ ដូច​ពួក ប៉ុល ពត គ្មាន​នរណា​ចង់​ធ្វើ​មន្ត្រី​រាជការ ធ្វើ​កុងស៊ី ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ។ គាត់​ធ្វើ មាន​បទ​ពិសោធន៍​ជា​នាយក​រដ្ឋមន្ត្រី តាំង​ពី​ឆ្នាំ​១៩៨៥ មក​ទល់​បច្ចុប្បន្ន​នេះ គាត់​មិន​អាច​ល្ងង់​ពេក​ទេ។ មេធាវី​ល្អ​យ៉ាង​ណា គាត់​មាន​អ្នក​ច្បាប់​នៅ​ជុំវិញ​គាត់។ ប៉ុន្តែ​ច្បាប់​អន្តរជាតិ ខ្ញុំ​ពិនិត្យ​ឃើញ​ថា វា​តឹង​ណាស់​មិន​អាច​ចេះ​តែ​មក​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី ឬ​ប្រជាជន​កម្ពុជា​បាន​ពាស​វាល​ពាស​កាល​នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្តី វិទ្យុ​អាស៊ី​សេរី ទទួល​បាន​លិខិត​ចម្លង​បញ្ជាក់​ទទួល​ពាក្យ​បណ្ដឹង​របស់​ការិយាល័យ​រាជអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ ដែល​បាន​ផ្ញើ​ទៅ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជា​ដើម​បណ្ដឹង។

លិខិត​ចុះ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១២ បញ្ជាក់​ថា ពេល​ណា​មាន​សេចក្តី​សម្រេច​ចិត្ត​ណា​មួយ​ទាក់​ទង​នឹង​ពាក្យ​បណ្ដឹង​នេះ ការិយាល័យ​នៃ​រដ្ឋអាជ្ញា​នឹង​ជូន​ដំណឹង​ទៅ​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​បណ្ដឹង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ការ​ដែល​ការិយាល័យ​រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​ពាក្យ​បណ្ដឹង ហើយ​ចុះ​ក្នុង​បញ្ជី​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ដើម​បណ្ដឹង៖ «មាន​ន័យ​ថា គេ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ពិនិត្យ​មើល​អា​ដំបូង​ដៃ​ហ្នឹង ថា​មាន​ភស្តុតាង​អី​ល្មម​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ។ មួយ​ទៀត (គេ) មើល​ទោស​ឧក្រិដ្ឋកម្ម​ហ្នឹង​បាទ ក្នុង​ទោស​មួយ​ណា។ ដូច​ជា​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ហ្នឹង។ តើ​វា​មាន​ការ​រៀបចំ មាន​ផែនការ​ទេ? ហើយ​ទំហំ​ហ្នឹង​ប៉ុណ្ណាៗ? ហើយ​ជម្លៀស​ហ្នឹង ស្រប​ច្បាប់​ទេ? តើ​យើង​នៅ​ហ្នឹង ស្រប​ច្បាប់​ទេ? ខ្ញុំ​លើក​ឧទាហរណ៍ ដូច​ជា​នៅ​បុរី​កីឡា កម្ទេច​ផ្ទះ​គ្នា​ចោល​ហើយ​ដឹក​គ្នា​យក​ទៅ​ដាក់​ចោល​ទីតាំង​កន្លែង​មួយ ដែល​ជា​វាល​រហោស្ថាន អត់​មាន​ស្អី​ដើម្បី​រស់នៅ​នោះ អាហ្នឹង​ក៏​គេ​អាច​ចោទ​ប្រកាន់​បាន​ដែរ។ កាល​ណា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​សិក្សា​ស៊ី​ជម្រៅ ដើម្បី​ចេញ​ដីកា​នាំ​ខ្លួន ឬ​ចាប់​ខ្លួន»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ស្ថានភាព​ទំនាស់​ដីធ្លី​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា ការ​ប្រើ​កម្លាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​លំនៅឋាន និង​ការ​រឹបអូស​យក​ដី​ស្រែ​ចម្ការ​រហូត​មក​ដល់​ពេល​នេះ កើត​មាន​ពាស​ពេញ​ផ្ទៃ​ប្រទេស។ បញ្ហា​នេះ​មាន​ទ្រង់ទ្រាយ​ធំ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​នោះ ពុំ​ទទួល​បាន​សំណង ឬ​ទទួល​សំណង​មិន​សមរម្យ។

លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​អោយ​ដឹង​ថា កម្ពុជា​មាន​ពលរដ្ឋ​ប្រមាណ​១លាន​នាក់ រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី។

ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​រ៉ូម (Rome ឬ Rome Statute) ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០០២ បាន​ផ្តល់​សមត្ថកិច្ច​ជូន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ស៊ើប​អង្កេត​លើ​បទ​សង្ស័យ​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​កម្រិត​ធ្ងន់ធ្ងរ កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​ហត្ថលេខី នៃ​តុលាការ​នោះ ហើយ​មិន​មាន​ឆន្ទៈ ឬ​មិន​មាន​លទ្ធភាព​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ។

សម្រាប់​កម្ពុជា សភា​ជាតិ​បាន​ផ្តល់​សច្ចាប័ន​ទទួល​ស្គាល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០០២។

ចំពោះ​ពាក្យ​បណ្ដឹង​របស់​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កម្ពុជា តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន និង​រឹបអូស​យក​ដី​ស្រែ​ចម្ការ​នោះ ក្រុម​អ្នក​វិភាគ​អោយ​ដឹង​ថា វា​អាស្រ័យ​លើ​សាក្សី និង​ភស្តុតាង​ដាក់​បន្ទុក ដែល​ត្រូវ​ដាក់​ជូន​ការិយាល័យ​ព្រះរាជអាជ្ញា នៃ​តុលាការ​អន្តរជាតិ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

We should for justict, Hun is qutie betray. VN come to take our land, He does for student to make land for community is tricky and political interest, We all Khmer now know him very well. He should go to court and keeping in jail. Like pol Pot,Eng Sary,Kheo Sam Phan, Noun Chea.
please take action ICC.
Bravo,Bravo

Aug 28, 2012 01:56 AM

TRY CHHUN HEARN

ពី USA

GEOGE WAHINGTON IS THE FATHER OF USA.
SOURN SEREY RATHA IS THE FATHER OF CAMBODIA.
HUN SEN IS GOING TO BE OUT OF GAS.

Aug 24, 2012 10:12 AM

khmer

ពី Baden-Württemberg

Wunderbar Herr Suon Sery Ratha. Danke schön! som orkoun lok yang klang choun paor lok aoy totuol chok chey loeu monouh kbort cheat.

Aug 23, 2012 03:56 PM

អ្នក​អាន​អនាមិក

Soun serey eatha shold have gone to the international crimenal court figth whith Polpot 's regime only not with Hun sen. You are doing wrong now soun serey ratha .

Aug 23, 2012 04:08 AM

អ្នក​អាន​អនាមិក

ខ្មោច មនុស្ស​ និងទេវតា មិនអធ្យាស្រយ័ដែលរក្សាគតិយុត្តមិនលំអៀងមិនព្រមលើកលែងទោសឲ្យជនក្បត់ជាតិសាស្រ្តខ្លួនឯងឡើយ​។

Aug 23, 2012 03:14 AM

មើល​មតិ​ទាំង​អស់.