រីឯនៅតំបន់ជាំតែនៅតែបន្តការប្រយុទ្ធ។ គេបានរកឃើញគ្រប់ផ្លោងជាច្រើននៅក្នុងបរិវេណប្រាសាទព្រះវិហារ។
លោក ហង្ស សាវយុត បានរាយការណ៍កាលពីម៉ោង៧យប់នេះថា ទាហានខ្មែរ-ថៃ ឈរជើងនៅតំបន់ជិតប្រាសាទព្រះវិហារបានប្រយុទ្ធគ្នាមួយប្រាវទៀតនៅវេលាម៉ោង៦ និង២៩នាទី ថ្ងៃទី៦ កុម្ភៈនេះ។
ការផ្ទុះអាវុធកើតឡើងចាប់ពីតំបន់ចាក់ច្រែង តំបន់ភ្នំទ្រព្យ ហើយនិងតំបន់វាលឥន្ទ្រី។ រហូតមកដល់ម៉ោង១០ យប់ថ្ងៃទី៦ ខែកុម្ភៈ ភាគីទាំងសងខាងនៅកំពុងប្រយុទ្ធគ្នានៅចំណុចជាំតែ។ មិនទាន់មានរបាយការណ៍អំពីការស្លាប់ របួស ឬការខូចខាតនៅឡើយទេ។
ចំពោះការផ្ទុះអាវុធនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ប៉ុន្តែមុនពេលផ្ទុះអាវុធបន្តិច មានកងនគរបាលខ្មែរមួយក្រុមបានធ្វើឲ្យផ្ទុះគ្រាប់ដែលថៃបាញ់សល់នោះ បណ្ដាលឲ្យរបួស ៦នាក់ និងស្លាប់ម្នាក់។ ហើយបន្ទាប់មកក៏មានការផ្ទុះអាវុធនៅខាងមុខប្រាសាទព្រះវិហារ។
ព័ត៌មានពីផ្ទៃក្នុងថៃបានឲ្យដឹងថា មេដឹងនាំថៃបានបញ្ជាឲ្យកងទាហានធ្វើយ៉ាងណាវាយដណ្ដើមឲ្យបានប្រាសាទព្រះវិហារ ទោះបីត្រូវចំណាយធនធានច្រើនយ៉ាងណាក៏ដោយ។ មានសេចក្ដីរាយការណ៍ពីព្រំដែនមកថា ថៃត្រៀមបញ្ចេញយន្តហោះ និងអាវុធផ្សែងពុលសម្រាប់ធ្វើសង្គ្រាមជាមួយកម្ពុជា។
នៅយប់ថ្ងៃទី៦ ខែកុម្ភៈនេះ ខណៈដែលកងទ័ពខ្មែរ-ថៃកំពុងតែប្រយុទ្ធគ្នានៅព្រំដែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានសរសេរលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើឲ្យកោះប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ៕