ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសថា កម្ពុជាបិតការចរចាជាទ្វេភាគី ជាមួយភាគីថៃ នៅពេលនេះ ដោយសារការចរចាចុងក្រោយចំនួន ២លើក ថ្មីៗនេះ ដើម្បីឈប់បាញ់គ្នានៅតំបន់ប្រាសាទព្រះវិហារ ដែលបានឯកភាពគ្នារួចហើយនោះ គឺភាគីថៃបានរំលោភកិច្ចសន្យា ហើយនៅតែបាញ់ប្រហារមកលើភាគីកម្ពុជាជាបន្តទៀត។
លោក ហោ ណាំហុង គ្រោងនិងទៅចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅពេលខាងមុខនេះ នៅពេលណាលោកបានទទួលដំណឹងអំពីកាលបរិច្ឆេទប្រជុំ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបលោកបានផ្ញើពាក្យបណ្ដឹងជាបន្តបន្ទាប់ ជូនប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារា ឡូហ្សារីបៀរ៉ូ វីយ៉ូទី (Maria Luiza Ribeiro Viotti) កាលពីថៃ្ងទី៥ ខែកុម្ភៈ និងថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៧ ខែកុម្ភៈ ថាកម្ពុជាលែងជឿលើភាគីថៃទៀតហើយ ចំពោះការចរចាទ្វេភាគី ដោយសារតែមានភាពក្រឡេចក្រឡុច ៖ "ចាំមើលក្រុមប្រឹក្សាសន្តិសុខគេសម្រេចម៉េច ប៉ុន្តែខ្ញុំសុំជម្រាបដែរ ល្ងាចនេះ ខ្ញុំទទួលរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ជាប្រធានអាស៊ាន ដើម្បីមកចង់ដឹងពីសភាពការ ហើយជាប្រទេសធំជាងគេនៅអាស៊ាននេះ ហើយសូមស្វាគមន៍តួនាទីរបស់អាស៊ាន ឬក៏តួនាទីរបស់អង្គការអន្តរជាតិផ្សេងទៀត ដើម្បីជួយដោះស្រាយបញ្ហានេះ។ នេះបង្ហាញសុឆន្ទៈរបស់យើង ចង់ដោះស្រាយបញ្ហាដោយសន្តិវិធី"។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះ បានកោះហៅឲ្យមានកិច្ចប្រជុំជាបន្ទាន់មួយ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ មានដូចជាសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសចិន ប្រទេសបារាំង និងប្រទេសរុស្ស៊ីជាដើម ប្រចាំនៅក្នុងប្រទេសកម្ពុជា ដើម្បីប្ដឹងតវ៉ាប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ នៅតំបន់ប្រាសាទព្រះវិហារ។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ប្រតិកម្មថា យន្តការអន្តរជាតិជាជម្រើសចុងក្រោយរបស់កម្ពុជា ៖ "យើងត្រូវអញ្ជើញអង្គការ UNESCO ដើម្បីឲ្យគេមកកត់សំគាល់ និងធ្វើយ៉ាងណាឲ្យគេមើលឃើញសោកនាដកម្មមកលើប្រាសាទព្រះវិហារ។ បើគេចុះត្រួតពិនិត្យ ខ្ញុំជឿថា សង្គ្រាមនៅប្រាសាទព្រះវិហារត្រូវបញ្ចប់"។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កងទ័ពថៃបានបន្តការបាញ់ផ្លោងនៅថ្ងៃទី៧ ខែកុម្ភៈនេះទៀត ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈកន្លងមក។ ភាគីថៃបានប្រើប្រាស់គ្រាប់បែងចង្កោម និងអាវុធគីមី ដែលច្បាប់អន្តរជាតិហាមឃាត់។
នាយករដ្ឋមន្ត្រីថៃ លោក អាប់ហ្វីស៊ីត ហ្វេឆាឈីវ៉ាក់ (Abhisit Vejjajeva) ត្រូវបានអ្នកសែតដកស្រង់សំដីមានប្រសាសន៍កាលពីថ្ងៃទី៦ ខែកុម្ភៈថា លោកបដិសេធការសម្រុះសម្រួលពីសំណាក់សមាគមអាស៊ាន ជាអ្នកទី៣ ដោយរក្សាយន្តការចរចាទ្វេភាគីជាមួយកម្ពុជា។
ប្រទេសកម្ពុជាកំពុងតែរង់ចាំចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក្រោយពីបានប្ដឹងជាបន្ទាន់ថ្មីៗនេះ។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានខ្មែរ (AKP) របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ថាស្លាបម្ខាងរបស់ប្រាសាទព្រះវិហារ បានដួលរលំដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។ គេនៅមិនទាន់បានឃើញប្រតិកម្មជាផ្លូវការនៅឡើយទេ ពីអង្គការយូនីស្គូ (UNESCO) ចំពោះការខូចខាតសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារនេះ៕
