កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ២១ មីនា ផ្សាយអត្ថបទមួយថាថៃមានការមន្ទិលសង្ស័យគំនិតបង្កប់ខាងភាគីកម្ពុជា ដែលថា យោធាកម្ពុជាបានស្នើឲ្យមានច្រកត្រួតពិនិត្យការចេញចូលចំនួន ១៥កន្លែង នៅក្នុងបរិវេណផ្ទៃដី ៤,៦គ.ម.ក្រឡា ជិតប្រាសាទព្រះវិហារ ដែលថៃក៏ទាមទារចង់កាន់កាប់ដែរនោះ។ កាសែតអះអាងថា គំនិតនេះ មានគេបង្ហើរចេញតាមរយៈប្រទេសឥណ្ឌូណេស៊ី ក្នុងពេលត្រូវវេនធ្វើជាប្រធានអាស៊ាន ទៅឲ្យយោធា និងក្រសួងការបរទេសថៃ។ កាសែតបន្តថា សំណើបង្កើតច្រកត្រួតពិនិត្យរួមគ្នានៅព្រំដែន ដែលនឹងត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូណេស៊ី មិនរាប់បញ្ចូលវត្តកែវសិក្ខាគិរីស្វរៈ ដែលកម្ពុជាចាត់ទុកថាជាវត្តរបស់ខ្មែរ។
ប្រភពយោធាប្រាប់កាសែតថា ចំណុចត្រួតពិនិត្យទាំង ១៥កន្លែង ស្នើឡើងដោយកម្ពុជានោះ ស្ថិតក្រោមការគ្រប់គ្រងនៃយោធាថៃ ហើយថា សំណើនេះនឹងធ្វើឲ្យកម្ពុជាមានប្រៀប និងអាចមានអ្វីនៅពីក្រោយផង។ តាមកាសែត សេចក្ដីពណ៌នាលំអិតនឹងត្រូវគេបោះចោលមិនខានទេ ក្នុងកិច្ចប្រជុំឯក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី គ្រោងប្រព្រឹត្តទៅពីថ្ងៃ៧ ដល់ថ្ងៃ៨ ខែមេសាខាងមុខ ដែលចូលរួមដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ ប្រ៉ាវិត វង្សូវ៉ុន។ សំណើថ្មីនេះ ថៃថាធ្វើឡើងបន្ទាប់ពីកម្ពុជាបានតវ៉ាឲ្យបញ្ឈប់ការស្ថាបនាផ្លូវថ្នល់ប្រវែង ២គ.ម. ទៅកាន់ជណ្ដើរឡើងប្រាសាទព្រះវិហារ ក្នុងពេលក្រុមទាហាននៃកងកម្លាំងស៊ូរ៉ាណារី បានសង់រួច ៧០% ទៅហើយ មុនមានការវាយប្រហារគ្នានៅថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ។ ប្រភពយោធានៅព្រំដែនថា ទាហានខ្មែរគំរាមថានឹងបាញ់ដាក់ទាហានថៃ បើមិនឈប់សង់ថ្នល់នោះទេ។
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា រួមនិងក្រុមបញ្ញវន្តជាតិនិយមខ្មែរមួយចំនួន បានបញ្ចេញប្រតិកម្មទៅនឹងអត្ថបទមួយ សរសេរដោយអ្នកកាសែតអាមេរិកាំងឈ្មោះ Michael Hayes ផ្សាយក្នុងកាសែតជាច្រើននៅតំបន់នេះ កាលពីថ្ងៃទី១៧ កុម្ភៈ ដែលស្នើថា ហេតុអ្វីមិនបង្វិលតំបន់វិវាទទំហំ ៤,៦គ.ម.ការ៉េនោះ ទៅជាឱទ្យានមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ ហើយរៀបចំចាត់ចែងរួមគ្នា រវាងក្រសួងទេសចរណ៍កម្ពុជា និងថៃ ឲ្យចំណេញទាំងសងខាងទៅវិញ? អ្នកខ្លះបានហៅការស្នើដូច្នោះ ថាជាការព្យាយាមចង់ឲ្យខ្មែរខាត ហើយឲ្យសៀមចំណេញ។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក ប៉ែន ងួន បានហៅ Michael Hayes ក្នុងអត្ថបទឆ្លើយតបនៅថ្ងៃទី២២ កុម្ភៈ ថាជាអ្នកពូកែថ្ពិនភ្នែក។ អត្ថបទរបស់លោក Michael Hayes និយាយគាំទ្រជំហរកម្ពុជាដោយបញ្ជាក់ថា រឿងអ្វីឲ្យខ្មែរត្រជាក់ចិត្ត បណ្ដោយឲ្យថៃយកតំបន់នោះបានស្រួលៗ ទោះជាខាតបង់អ្វីក៏ដោយ។ ទោះជាដូច្នេះក្តី លោកសរសេរថា ការតាំងចិត្តឲ្យត្រជាក់ដឹងខុសដឹងត្រូវ ចាំបាច់ត្រូវឈ្នះ។
បណ្ឌិត អាប់ឌុលហ្គាហ្វា ពៀងម៉េដ អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យហ្គាម សរសេរអត្ថបទផ្សាយក្នុងកាសែត Guam Pacific Daily News ថ្ងៃទី១៦ កុម្ភៈ ដោយដាក់ចំណងជើងថា មនុស្សចាស់ៗ បី បួននាក់ ដែលកំពុងរុញឲ្យមានវិបត្តិ។ និពន្ធនាយកកាសែតថៃម្នាក់សរសេរក្នុងកាសែតបាងកកប៉ុស្តិ៍ ឈ្មោះលោក វរ៉ាណៃ វ៉ានិច្ចកា (Voranai Vanijaka) រកឃើញថា អ្នកជាតិនិយមថៃ និងអ្នកជាតិនិយមខ្មែរ មានលក្ខណៈពីរយ៉ាងដូចគ្នា ៖ ទី១ គឺក្រុមមនុស្សចាស់ៗមួយក្រុម ងើបពីដេក ឆ្លុះកញ្ចក់មើលឃើញឯងដូចជាគ្មានន័យអ្វី ហើយក៏នាំគ្នាបង្កើតរឿងឲ្យមានជម្លោះទាំងងងឹតងងល់ ដោយយកជាតិនិយមមកធ្វើរនាំង។ ទី២ គឺក្រុមអ្នកមានចាស់ៗ ដែលមានប្រាជ្ញា ពូកែនិយាយបំផុសអារម្មណ៍ ហើយគិតតែពីចង់បញ្ជូនពលរដ្ឋក្មេងៗ ទៅរងគ្រាប់កាំភ្លើង ទាំងគ្រាប់ជ័រ ទាំងគ្រាប់សំណ៕