កម្ពុជា-ថៃ​គ្រោង​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ

កម្ពុជា​និង​ថៃ គ្រោង​ជួប​ពិភាក្សា​គ្នា​នៅថ្ងៃ​អង្គារ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ស្តីពី​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ ។

យោងតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា លោក Weerasak Futrakul លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ថៃ បាន​ត្រូវ​តែងតាំង​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុង​សំណើ​របស់​កម្ពុជា ដែល​ចង់បាន​ដាក់​ប្រាសាទ​ព្រះវិហារ ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការគ្រប់គ្រង​របស់​អង្គការ យូណេស្កូ ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា រដ្ឋាភិបាល​ថៃ​គាំទ្រ​ពេញទំហឹង​ដល់​សំណើ​របស់​រដ្ឋាភិបាល​ខ្មែរ ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ពីព្រោះ​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ ក៏​ប៉ុន្តែ​ដី​ព័ទ្ធ​ជុំវិញ​ប្រាសាទ នៅ​ពុំទាន់​ច្បាស់​ថា​ផ្នែក​ខាងណា​ជា​របស់​ខ្មែរ ឬ​ជា​ដី​របស់​ថៃ ហេតុនេះ​ហើយ ភាគី​ទាំង​សងខាង​ត្រូវ​ជជែក​គ្នា​ជាមុន ៕