ខ្មែរ-វៀតណាម-លាវ បង្កើត​គេហទំព័រ​រួម

ប្រទេស​វៀតណាម កម្ពុជា និង​លាវ​បាន​ព្រមព្រៀង​គ្នា​បង្កើត​គេហទំព័រ​វេបសាយ​រួម​គ្នា​មួយ ដើម្បី​លើក​កម្ពស់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ធ្វើ​​វិនិយោគ​ទុន សហ​ប្រតិបត្តិការ ជា​ពិសេស​ការ​អភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ ដែល​ជា​ចំណុច​ជួប​ប្រសប់​គ្នា​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​បី។

យោង​តាម​បណ្ដាញ​ព័ត៌មាន​វៀតណាម Saigon តំណាង​ពី​ប្រទេស​កម្ពុជា លាវ និង​វៀតណាម​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ មីនា ដើម្បី​ពិភាក្សា​គ្នា​លើ​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​រៀបចំ​បង្កើត​គេហទំព័រ វេបសាយ រួម​មួយ​នេះ​ឡើង។

កិច្ច​ពិភាក្សា​គ្នា​នោះ បាន​ផ្ដោត​លើ​ការ​ចាត់ចែង​ការ​គ្រប់គ្រង ការ​ត្រួត​ពិនិត្យ​ព័ត៌មាន និង​នីតិ​វិធី​កែ​សម្រួល​ព័ត៌មាន និង​ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​គេហទំព័រ វេបសាយ រួម​គ្នា​នោះ។

គេហទំព័រ​រួម​គ្នា​នេះ​នៃ​ប្រទេស​ទាំង​បី​នៃ​ជ្រោយ​ឥណ្ឌូចិន​នេះ ផ្ដួច​ផ្ដើម​ឡើង​ដោយ​ក្រសួង​ផែនការ និង​វិនិយោគ​ទុន​នៃ​ប្រទេស​វៀតណាម។

យោង​តាម​ប្រភព​ដដែល​ខាង​លើ ចុះ​ថ្ងៃ​ទី​៦ មីនា ម្សិល​មិញ​នេះ បាន​បន្ត​ទៀត​ថា ក្នុង​កិច្ច​ព្រមព្រៀង​បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​រួម​គ្នា​នេះ ត្រូវ​ស្រប​តាម​វិធាន​របស់​គេហទំព័រ និង​ច្បាប់​របស់​ប្រទេស​នីមួយៗ។ ហើយ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នឹង​មិន​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​នីមួយៗ នៃ​ប្រទេស​ទាំង​បី គឺ​វៀតណាម កម្ពុជា និង​លាវ​ឡើយ។

តំបន់​អភិវឌ្ឍ​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​លាវ មាន​ខេត្ត​ទាំង​អស់​ចំនួន​១៣។ ខេត្ត​មក​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​បួន គឺ​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ​។ ចំណែក​ខេត្ត​ពី​ប្រទេស​វៀតណាម​មាន​ចំនួន​៥ គឺ​ខេត្ត​កន់ទុម ចាឡាយ ដាក់ឡាក់ ដាក់ណុង និង​បីញផឿក។ ចំណែក​ឯ​ខេត្ត​ពី​ប្រទេស​លាវ​វិញ​មាន​ចំនួន​៤ គឺ​មាន​ខេត្ត​សេកុង អាតាពូ សារ៉ាវ៉ាន៉ និង​ចំប៉ាសាក់។

គេហទំព័រ​វេបសាយ​ដែល​កំពុង​បង្ហោះ​សាក​ល្បង​របស់​តំបន់​ត្រីកោណ​នោះ មាន​ជា​ភាសា​អង់គ្លេស វៀតណាម ខ្មែរ និង​លាវ ដែល​មាន​អាសយដ្ឋាន clv-triangle.vn៕