ខ្មែរ​ស្វាគមន៍​ជំហរ​របស់​ថៃ​ក្នុង​ការ​ទទួល​យក​អ្នក​សង្កេត​ការណ៍​អាស៊ាន

ភាគី​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល ក្នុង​ការ​ទាមទារ​ឲ្យ​ភាគី​ថៃ ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។

0:00 / 0:00

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ជំហរ​របស់​ភាគី​ថៃ ដែល​ទទួល​យក​អ្នក​សង្កេត​ការណ៍​របស់​អាស៊ាន ដើម្បី​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា នៅ​តាម​បណ្ដោយ​ព្រំដែន រវាង​កម្ពុជា និង​ថៃ ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​ញីវយ៉ក សហ​រដ្ឋ​អាមេរិក។

ការ​ស្វាគមន៍​នេះ គឺ​នៅ​មុន​ពេល​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ដែល​មាន​ប្រទេស​ចំនួន​១០ ជា​សមាជិក ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ក្នុង​វេន​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នៅ​មុន​កិច្ច​ប្រជុំ​នោះ​ចាប់​ផ្ដើម​ថា​ជំហរ​របស់​ភាគី​ថៃ គឺ​ជា​អ្វី​ដែល​កម្ពុជា​ចង់​បាន ៖ "ខ្ញុំ​អាច​និយាយ​ថា នេះ​ជា​លទ្ធផល​នៃ​ការ​ប្ដឹង​របស់​យើង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែរ។ ពី​ព្រោះ​នៅ​ក្នុង​សន្ទរកថា​របស់​ខ្ញុំ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​អ្នក​សង្កេត​ការណ៍​នៅ​ព្រំដែន ដើម្បី​មើល​ការ​ឈប់​បាញ់។ មើល​អ្នក​ណា​ឈ្លាន​ពាន​អ្នក​ណា ដោយសារ​តែ​ភាគី​ទាំង​ពីរ​ចេះ​តែ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ ថៃ​ថា​កម្ពុជា​ឈ្លាន​ពាន​ថៃ ថៃ​ថា​កម្ពុជា​ឈ្លាន​ពាន ដូច្នេះ​ចាំបាច់​ត្រូវ​តែ​មាន​អ្នក​សង្កេត​ការណ៍។ ខ្ញុំ​បាន​ស្នើ​ទៅ​អង្គការ​សហ​ប្រជា​ជាតិ ឥឡូវ​ថៃ​យល់​ព្រម​លើ​បញ្ហា​នេះ គឺ​ជា​ការ​សំខាន់​មួយ សម្រាប់​ការ​ប្រជុំ​នៅ​ហ្សាកាតា"

កាសែត​ថៃ​ឈ្មោះ​បាងកក​ប៉ុស្តិ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ដក​ស្រង់​សំដី​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​ត្រៀម​ខ្លួន​ដើម្បី​អនុញ្ញាត​ឲ្យ​អាស៊ាន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ចរចា​រវាង​កម្ពុជា និង​ថៃ។

លោក កាស៊ីត ភិរម្យ បាន​បន្ត​ថា អ្នក​សង្កេត​ការណ៍​គប្បី​ស្ថិត​នៅ​ជា​មួយ​កង​ទ័ព​ថៃ នៅ​លើ​ទឹក​ដី​ថៃ ដើម្បី​មើល​ថា ប្រទេស​ថៃ​មិន​មែន​ជា​អ្នក​បង្ក​ហិង្សា​ទេ។

អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា ជំហរ​របស់​ថៃ គឺ​ជា​អ្វី​ដែល​អន្តរ​ជាតិ​ចង់​បាន ដូច​កម្ពុជា​ផង​ដែរ ៖ "យើង​ដឹង​ហើយ​ថា ថៃ​អត់​ជម្រើស​ទេ ពី​ព្រោះ​ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប សភា​អឺរ៉ុប គេ​បាន​រុញ​ឲ្យ​ថៃ​មក​អង្គុយ​ជិត ដោយ​យក​គោល​ការណ៍​តុលាការ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២។ យើង​ឃើញ​ហើយ ទោះបី​ជា​ត្រួត​ពិនិត្យ​នៅ​ក្នុង​តំបន់​ណា​ក៏​ដោយ សំខាន់​ឲ្យ​ឈប់​បាញ់​គ្នា។ កាល​ណា​ឈប់​បាញ់​គ្នា ទើប​យើង​មាន​ដំណោះ​ស្រាយ"

នៅ​មុន​ការ​ចាក​ចេញ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំហុង បាន​បញ្ជាក់​ថា កម្ពុជា​មិន​មាន​ការ​ប្រែប្រួល​ទេ​ក្នុង​ការ​ចង់​ឲ្យ​ភាគី​ថៃ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍ ដែល​មាន ៤​ចំណុច​នោះ ដែល​បាន​ប្រកាស​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

ប៉ុន្តែ​កាសែត​ថៃ​ឈ្មោះ​បាងកក​ប៉ុស្តិ៍ បាន​ដក​ស្រង់​សំដី​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អា​ភី​ស៊ិត វេតឆា​ឈី​វ៉ាក់ (Abhisit Vejjajiva) បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នោះ មិន​ចាំ​បាច់​ទេ៕