ពលករ​ខ្មែរ​រាប់​រយ​នាក់​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន

ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ដើម្បី​សម្រុក​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ លំហូរ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​នេះ មាន​សន្ទុះ​កើន​ឡើង​នា​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​ច្រក​ផ្សារ​ព្រំ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​ពួក​គេ​ឆ្លង​កាត់ និង​ពុំ​មាន​ការ​ហាម​ឃាត់​រឹងមាំ​ពី​សំណាក់​ក្រុម​អាជ្ញាធរ។

0:00 / 0:00

ជន​ចំណាក​ស្រុក​ខ្មែរ ទៅ​ស្រុក​ថៃ បាន​ថ្លែង​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រយ​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​ផ្សារ​ព្រំ ពី​ខេត្ត​ប៉ៃលិន ចូល​ក្នុង​ទឹក​ដី​ខេត្ត​ចាន់បូរី ប្រទេស​ថៃ បន្ទាប់​មក អ្នក​ខ្លះ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រុង​នានា​ផ្សេង​គ្នា ទៅ​តាម​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ និង​អ្នក​ខ្លះ​ទៀត​តាម​រយៈ​មេ​ខ្យល់​ជា​អ្នក​ដឹកនាំ​ផ្លូវ៖ «ច្រើន​បង ភាគ​ច្រើន​ចេញ​តាម​ច្រក​ប៉ៃលិន។ ថ្ងៃ ខ្ញុំ​ចេញ​ចូល​ប្រហែល​ជា​១០០​នាក់ ព្រោះ​អី​ច្រក​ប៉ៃលិន អត់​មាន​អ្នក​ណា​ត្រួត​អី​ទេ។ ចូល​ផ្សារ​ផុត​ទៅ ចេញ​ពី​ផ្សារ​វិញ លួច​មក​យក​ឥវ៉ាន់​តាម​ក្រោយ។ យើង​វា​អត់ ហើយ​ធ្វើ​ម៉េច​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក នៅ​ខាង​ទឹក​ដី​ខ្មែរ»

ក្នុង​រយៈពេល​កន្លង​ទៅ នៅ​ខាង​មុខ​ច្រក​ផ្សារ​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន មាន​ការ​កកស្ទះ ដោយ​សារ​មាន​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន នាំ​គ្នា​រង់ចាំ​ឆ្លង​កាត់​ចូល​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ។ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​រយ​នាក់ នាំ​គ្នា​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ដូច្នេះ​មែន ប៉ុន្តែ​សមាសភាព​នៃ​ប្រជាពលករ​ខ្មែរ​ទាំង​នោះ ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​រយៈ​ក្រុមហ៊ុន ខ្លះ​ទៀត​ត្រូវ​គេ​សង្ស័យ​ថា​តាម​រយៈ​មេ​ខ្យល់ និង​មួយ​ចំនួន​ទៀត ចូល​ទៅ​ដោយ​ខ្លួន​ឯង។

អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ មាន​រឿង​ពីរ​ទាក់​ទិន​ទៅ​នឹង​លំហូរ​ប្រជាពលករ​ខ្មែរ​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​ច្រក​ផ្សារ​ព្រំ។ រឿង​ទី១ មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេង​គ្នា ទៅ​ស៊ី​ឈ្នួល​គេ។ ប៉ុន្តែ រឿង​ទី២ អាជ្ញាធរ​មាន​ការ​លំបាក ព្រោះ​កន្លង​ទៅ​ជិត​រដូវ​បោះ​ឆ្នោត ប្រជាជន​ចេះ​តែ​ធ្វើ​ចំណាក​ស្រុក៖ «ប៉ុន្តែ​យើង​ខ្ញុំ​ឃាត់​បី​ទៅ​បួន ហើយ​មក​បី​បួន​រយ​នាក់ ប៉ុន្តែ យើង​ទៅ​ឃើញ​ក្រដាស​ក្រុមហ៊ុន មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង អាជ្ញាធរ​ដែន​ដី មាន​ការ​លំបាក ដែល​ជួន​កាល​បើ​ធ្វើ​មិន​ស្រួល​ទេ ប៉ះពាល់​ដល់​ការ​អនុវត្ត​របស់​ក្រសួង របស់​រាជ​រដ្ឋាភិបាល​ទៀត»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន ដែល​បាន​នាំ​ពលករ​ខ្មែរ​ឆ្លង​កាត់​ច្រក​ផ្សា​ព្រំ ក្នុង​ទឹក​ដី​ខេត្ត​ប៉ៃលិន នោះ​ទេ។ លោក អ៊ី ឈាន បាន​បញ្ជាក់​ថា លោក​បាន​ណែនាំ​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​រួម​គ្នា​ទប់ស្កាត់​លំហូរ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ប៉ុន្តែ​ប្រជាពលករ​ទៅ​តាម​រយៈ​ក្រុមហ៊ុន​នោះ អាជ្ញាធរ​មិន​អាច​ទប់​ស្កាត់​បាន​ទេ៖ «ខ្ញុំ​យល់​ថា បើ​យើង​ឯកភាព​គ្នា​និយាយ​អំពី​គោលការណ៍​ទប់​ស្កាត់​អី យើង​ធ្វើ​បាន ធ្វើ​ម៉េច ទូទាំង​ប្រទេស យើង​ឯក​ភាព​គ្នា​ឲ្យ​ទប់​ស្កាត់ ជាពិសេស​ក្រុមហ៊ុន​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ពី​ក្រសួង​ផ្សេងៗ រួម​គ្នា​ទប់​ស្កាត់ ខ្ញុំ​ឃើញ​ថា ទប់​ស្កាត់​បាន ប៉ុន្តែ​បើ​ឲ្យ​អាជ្ញាធរ​ដែនដី​ទទួល ពិបាក​ណាស់»

លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅ​ពី​ទៅ​តាម​រយៈ​ក្រុមហ៊ុន ក៏​មាន​ការ​លួច​ឆ្លង​ចូល​ដោយ​ខុស​ច្បាប់​ដូច​គ្នា​ដែរ ប៉ុន្តែ​ពួក​គេ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ មិន​មែន​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទេ។

បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧ពាន់​នាក់ កំពុង​ស៊ី​ឈ្នួល​ឲ្យ​ថៃ នៅ​ក្នុង​ខេត្ត​ចាន់បូរី និង​ខេត្ត​រ៉ាក់យ៉ង។ លោក​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ថៃ ខ្លះ បាន​បោក​ប្រាស់​កម្លាំង​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុស​ច្បាប់។ មាន​ករណី​ផ្សេង​មួយ​ទៀត គឺ​កម្មករ​ខ្មែរ​ចំនួន ២៩៦​នាក់ បាន​ធ្វើ​ការ​នៅ​ទីលាន​វាយ​កូន​ហ្គោល​មួយ នៅ​ក្រុង​ប៉ាតយ៉ា ប្រទេស​ថៃ ដោយ​សន្យា​ថា​ផ្ដល់​ប្រាក់​ខែ​ក្នុង​មួយ​ខែ ៥ពាន់​បាត ស្មើ​ជាង ៧០ម៉ឺន​ប្រាក់​រៀល ប៉ុន្តែ​ធ្វើ​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ ថៅកែ​ក្រុមហ៊ុន​អត់​បើក​លុយ​ឲ្យ ហើយ​ថែម​ទាំង​ប្ដឹង​ប៉ូលិស​ថៃ អោយ​ចាប់​ខ្លួន​ទាំង​អស់ ដោយ​ចោទ​ថា ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។