ស្ត្រីវ័យ ២០ឆ្នាំ ឈ្មោះ សេង ស្រីចិន បានឲ្យដឹងពីប្រទេសម៉ាឡេស៊ីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែឧសភា ថា ថៅកែផ្ទះបានវាយធ្វើបាបនាងយ៉ាងខ្លាំង។ ស្រីចិន បន្តថា នាងធ្លាប់បានទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនពីការវាយធ្វើបាបនេះដែរ តែក្រុមហ៊ុនមិនអើពើជួយនាងឡើយ។ ហើយថ្មីៗ នេះទៀត នាងបានទូរស័ព្ទសុំការជួយអន្តរាគមន៍ពីមន្ត្រីស្ថានទូតខ្មែរនៅម៉ាឡេស៊ី។ គេសន្យាថានឹងពិភាក្សាជាមួយក្រុមហ៊ុន រួចគេជួយតែជាងមួយសប្ដាហ៍ ហើយពុំឃើញមានអ្នកណាមកជួយនាងសោះ។ ចំណែកថៅកែផ្ទះកាន់តែធ្វើបាបនាងខ្លាំងឡើង ហើយបណ្ដេញនាងចេញពីផ្ទះទៀត តែនាងសុខចិត្តទ្រាំមិនហ៊ានចេញ ព្រោះនាងគ្មានលិខិតស្នាមអីជាប់ខ្លួនសោះ ៖ «គេអត់ជួយខ្ញុំសោះ។ ខ្ញុំពិបាកខ្លាំងណាស់។ ខ្ញុំទូរស័ព្ទទៅក្រុមហ៊ុនក៏គេមិនជួយ។ ថ្ងៃមុនខ្ញុំបានទូរស័ព្ទទៅឲ្យបងស្រីខ្ញុំ ឲ្យជួយប្រាប់ទៅខាងស្ថានទូត គេថាចាំគេជួបជាមួយក្រុមហ៊ុនសិន ចាំគេជួយ តែជាង ១អាទិត្យមិនមាននរណាជួយខ្ញុំសោះ។ គេវ៉ៃខ្ញុំមួយថ្ងៃពីរបីដង បើថៅកែខ្ញុំកុំវ៉ៃហើយឲ្យខ្ញុំធ្វើការ តែមួយកន្លែង ខ្ញុំមិនចង់ទៅណាទេ ខ្ញុំខំធ្វើទាល់តែចប់អាណត្តិ តែនេះគេវ៉ៃខ្ញុំ ហើយគេបង្ខំឲ្យខ្ញុំធ្វើការ ៣កន្លែងឯណោះ។ ខ្ញុំធ្វើម៉េចទ្រាំបាន...»។
សេង ស្រីចិន មានស្រុកកំណើតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។ នាងបានចេញពីប្រទេសខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុនភីអែនធី (P&T) មានលេខកូដសម្គាល់ខ្លួន ៣៥០៦។ បើគិតតាមកិច្ចសន្យា គឺនៅសល់តែប្រមាណ ៤ខែទៀត គឺត្រូវដល់អាណត្តិ។ សេង ស្រីចិន បានឲ្យដឹងបន្ថែមថា នាងទ្រាំលែងបានហើយព្រោះកាន់តែកៀកដល់ថ្ងៃបញ្ចប់កិច្ចសន្យា ថៅកែផ្ទះកាន់តែធ្វើបាបនាងខ្លាំងឡើង ព្រោះគេមានបំណងឲ្យនាងទ្រាំមិនបាន ហើយរត់ចេញពីផ្ទះ ដើម្បីឲ្យគេរួចពីការបង់ប្រាក់ថ្លៃឈ្នួលការងារដល់រូបនាង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការពន្យល់ពីលោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេនៅល្ងាចថ្ងៃទី៤ ឧសភា នេះ។
យ៉ាងនេះក្តី ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ករណីដូចគ្នានេះបានកើតមានលើពលការិនីមួយចំនួននាពេលកន្លងទៅ។ លោកសំណូមពរឲ្យឪពុកម្ដាយពលការិនីរូបនេះមកដាក់បណ្ដឹងនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដើម្បីលោកមានជាមូលដ្ឋានក្នុងការជួយពលការិនីរូបនេះ ៖ «បើសិនជាបងនៅជិតម្ដាយគាត់ បងជួយប្រាប់ទៅម្ដាយឲ្យមកការិយាល័យខ្ញុំ ដើម្បីឲ្យគាត់ធ្វើបែបបទដាក់បណ្ដឹង ទើបខ្ញុំមានមូលដ្ឋានសម្រាប់ជួយពលការិនីរូបនេះ។ ហើយបើសិនជាស្គាល់លេខផ្ទះថៅកែយើងរឹតតែងាយស្រួលក្នុងការជួយគាត់ទៀត។ រឿងនេះគឺថៅកែវាធ្វើអ៊ីចឹង ដើម្បីឲ្យក្មេងរត់ចេញ ហើយវាអត់បង់លុយ...»។
ស្រដៀងគ្នានេះដែរ ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកស្រី ក្ដាន់ សុផល សំណូមពរឲ្យគ្រួសារពលការិនី សេង ស្រីចិន មកដាក់បណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ដើម្បីឲ្យលោកស្រីមានមូលដ្ឋានក្នុងការស្នើសុំឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃជួយពលការិនីរូបនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
