កម្មករធ្វើកូដកម្មនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រឈ្មោះ ប៉ាតាណា ស៊ីហ្វូត (Pattana Seafood) នៅខែត្រសុងក្លា (Songkla) ប្រទេសថៃ បានបន្តមកដល់ថ្ងៃទី២ ហើយ តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ មិនតែប៉ុណ្ណោះ ការតវ៉ានេះបាន ក្លាយទៅជាមានអំពើហិង្សា ដោយសារក្រុមសន្តិសុខក្រុមហ៊ុន បានប្រើកាំភ្លើងបាញ់គំរាម ដើម្បីបង្ក្រាបហ្វូងកូដករទៀតផង។
កម្មករមួយរូបឈ្មោះ ហាន់ សុធា បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសថៃមកថា ការធ្វើកូដកម្មនៅថ្ងៃទី៩ ខែមេសា នេះ ខាងក្រុមហ៊ុនបានបំបែកពួកគាត់ជាក្រុមតូចៗ។ គេឲ្យកម្មករថៃចូលក្នុងបរិវេណរោងចក្រ កម្មករភូមាគេឲ្យនៅកន្លែងផ្សេងទៀត គេមិនឲ្យប្រមូលផ្ដុំគ្នាជាមួយកម្មករខ្មែរប្រមាណ ១ពាន់នាក់នេះទេ។
លោកបញ្ជាក់ថា គេមានការរើសអើងកម្មករខ្មែរ និងកម្មករភូមា៖ «អម្បាញ់មិញគេបាញ់ ពលករខ្មែរសំរុកចូលរោងចក្រ គេបិទទ្វារមិនឲ្យចូល»។
កម្មករជាច្រើនទៀតបានលើកឡើងថា មូលហេតុចម្បងដែលពួកគេនាំគ្នាធ្វើកូដកម្ម ដោយសារនៅថ្ងៃទី១ ខែមេសា ខាងក្រុមហ៊ុនត្រូវដំឡើងប្រាក់ឈ្នួលឲ្យកម្មករទាំងអស់ ហើយភាគីក្រុមហ៊ុនបានដំឡើងប្រាក់ឈ្នួលពី ១៧៧បាត ទៅ ២៤៦បាត ក្នុងមួយថ្ងៃ។ ប៉ុន្តែគេបានកាត់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងមួយខែទទួលបាន ៨០០បាត ក្នុង១ខែ មកនៅត្រឹម ៤០០បាតវិញក្នុងមួយខែ។ បញ្ហាទាំងនេះហើយ ដែលធ្វើឲ្យកម្មករទាំងអស់ជាងពីរពាន់ មានកម្មករខ្មែរ ថៃ និងកម្មករភូមា ធ្វើកូដកម្មតាំងពីថ្ងៃទី៨ មេសាមក៖ «ក្រុមហ៊ុនខ្មែរ CDM ហ្នឹង ប្រកាសប្រាប់ថា នៅខែ៤ ហ្នឹង គេដំឡើងលុយឲ្យក្នុងមួយថ្ងៃ ៣០០បាត តែគេដំឡើងឲ្យ ២៤៦បាតទេ ហើយគេកាត់លុយលើកទឹកចិត្ត លុយថ្លៃបាយ ២០បាតអស់ហើយ។ សូមសិទ្ធិមនុស្សខ្មែរជួយរកយុត្តិធម៌ឲ្យផង ឥឡូវនេះគេតាមចាប់កម្មករខ្មែរ តែពួកយើងទាញមកកណ្ដាល មិនឲ្យចាប់ តម្រួតគេនៅហ្នឹងគេនៅព័ទ្ធពួកយើង»។
នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណវុធ មានប្រសាសន៍ថា វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ ចំពោះការបាញ់បោះបង្ក្រាបទៅលើហ្វូងកូដករនេះ។
លោកបញ្ជាក់ថា បញ្ហានេះរដ្ឋាភិបាលកម្ពុជា ឬស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ត្រូវធ្វើការដោះស្រាយបញ្ហានេះជាមួយភាគីថៃ ឲ្យបានច្បាស់លាស់៖ «ពលករ តាមច្បាប់ការងារ គឺថា មានសិទ្ធិបង្កើតសហជីព ឬមានសិទ្ធិចូលរួមដើម្បីការពារពលករ តែមានតាមជាក់ស្ដែង ដូចជានៅម៉ាឡេស៊ី និងថៃនោះ គេមិនអនុញ្ញាតឲ្យកម្មករហ្នឹងបង្កើតសហជីពបានទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងមន្ត្រីនាំពាក្យនៃក្រសួងការបរទេសខ្មែរ លោក កុយ គួង ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែមេសា។
ក្រុមកម្មករបានលើកឡើងទៀតថា ស្ថានភាពរបស់ពួកគាត់បច្ចុប្បន្នប្រឈមនឹងបញ្ហាលំបាក ដោយសារតែប្រាក់ឈ្នួលទាប។ កម្មករទាំងអស់ត្រូវចំណាយលើថ្លៃជួលផ្ទះ ថ្លៃអាហារ និងថ្លៃព្យាបាលជំងឺ ព្រមទាំងបញ្ហាផ្សេងៗទៀត គឺត្រូវចំណាយអស់ច្រើន តែប្រាក់ខែដែលទទួលបានមានចំនួនតិច ធ្វើឲ្យពួកគាត់រស់នៅលំបាកក្នុងប្រទេសថៃ ហើយចង់ត្រឡប់មកស្រុកកំណើតវិញក៏មិនបាន ព្រោះក្រុមហ៊ុនបានដកហូតយកលិខិតឆ្លងដែន។
កម្មករមួយរូបទៀតបានឲ្យដឹងថា ពួកគាត់ត្រូវជួលបន្ទប់នៅរួមគ្នាក្នុងមួយខែអស់ចំនួន ១.២០០បាត។ ក្នុងបន្ទប់មួយស្នាក់នៅពី ៣ ទៅ ៤នាក់ ដែលធ្វើឲ្យពួកគាត់ពិបាករស់នៅ។
ក្រុមកម្មករបានអះអាងថា មុនពេលពួកគាត់ទៅធ្វើការនៅក្រុមហ៊ុន Pattana Seafood នេះ ភ្នាក់ងារក្រុមហ៊ុនជ្រើសរើសពលករនៅទីក្រុងភ្នំពេញ គឺក្រុមហ៊ុន ស៊ីឌីអឹម (CDM Trading Manpower) បានប្រាប់ពួកគាត់ថា ទៅធ្វើការនៅប្រទេសថៃ គេឲ្យប្រាក់ឈ្នួលក្នុងមួយថ្ងៃ ៣០០បាត តែពេលទៅដល់គេឲ្យបាក់ឈ្នួលជាង ១៦០បាតទៅវិញ៖ «អ្នកខ្លះមានលុយក៏បង់ថ្លៃបន្ទប់ អ្នកខ្លះគ្មានលុយ ធ្វើការគេកាត់លុយ។ ម្នាក់ៗ ឥឡូវនេះពិបាកណាស់ មកពីខ្មែរអ្នកខ្លះជំពាក់គេ ពិបាកខ្លាំងណាស់ឥឡូវនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន Pattana Seafood ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៩ ខែមេសានេះ។
គេហទំព័ររបស់ក្រុមហ៊ុន Pattana Seafood បានសរសេរថា ក្រុមហ៊ុន Pattana Seafood ជាក្រុមហ៊ុនមួយក្នុងក្រុមហ៊ុនសម្ព័ន្ធ PTN Group ដែលជាក្រុមហ៊ុននាំចេញគ្រឿងសមុទ្រដ៏ធំមួយទៅកាន់សហរដ្ឋអាមេរិក ទ្វី អឺរ៉ុប និងអាស៊ី។ ហើយក្រុមហ៊ុននេះមានកម្មករខ្មែរធ្វើការជាង ១ពាន់នាក់ក្នុងចំណោមកម្មករសរុបជាង ២ពាន់នាក់ ក្នុងនោះមានកម្មករថៃ និងកម្មករមកពីប្រទេសភូមា។
ភ្នាក់ងារក្រុមហ៊ុនជ្រើសរើសពលករ ស៊ីឌីអឹម នៅទីក្រុងភ្នំពេញ លោក សៅ បុល បានបដិសេធថា ក្រុមហ៊ុនរបស់លោកមិនបានសន្យាថា គេនឹងឲ្យប្រាក់ឈ្នួលក្នុងមួយថ្ងៃ ៣០០បាត ដូចដែលក្រុមកម្មករបានលើកឡើងនោះទេ។
លោកបញ្ជាក់ថា ប្រាក់ឈ្នួលដែលគេផ្ដល់ជូននោះ ចន្លោះពីជា ១៦០បាត ទៅ ១៨០បាត៖ «មុននឹងចេញទៅប្រាក់ថ្ងៃបានប៉ុន្មាន ខ្ញុំប្រាប់ពលករច្បាស់ណាស់ ខ្ញុំមានធ្វើកិច្ចសន្យាផ្តិតមេដៃទៀត ហើយកម្មករណាប្រាប់ថា បានមួយថ្ងៃ ៣០០បាតហ្នឹង ខុសហើយ ហើយខ្ញុំប្រាប់ថា បើពលករណាស្ម័គ្រចិត្តទៅ ទើបឲ្យទៅ កុំឲ្យទៅហើយនាំគ្នាធ្វើកូដកម្មធ្វើអីអ៊ីចឹងវាខុស»។
លោក សៅ បុល បានបញ្ជាក់ទៀតថា ក្រុមហ៊ុន CDM បានជញ្ជួនតំណាងរបស់ខ្លួនទៅប្រទេសថៃ ដើម្បីធ្វើការដោះស្រាយបញ្ហាកម្មករធ្វើកូដកម្មនេះហើយ នៅថ្ងៃទី៩ មេសា នេះ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា នៅក្នុងកិច្ចសន្យារវាងក្រុមហ៊ុន Pattana Seafood និងកម្មករខ្មែរ កម្មករភូមានោះ គេបានសរសេរលក្ខខណ្ឌការងារល្អ មានដូចជា ធ្វើការក្នុងមួយថ្ងៃ ៨ម៉ោង មានថ្ងៃឈប់សម្រាក ថ្លៃស្នាក់នៅ និងថ្លៃសេវាសុខភាព ថៅកែជាអ្នកចេញឲ្យ តែផ្ទុយទៅវិញ ការអនុវត្តផ្ទាល់គឺមិនបានធ្វើដូចមានចែងនៅក្នុងកិច្ចសន្យានោះទេ។
លោក មឿន តុលា៖ «យើងបានជជែកជាមួយភាគីថៃ គឺក្រសួងការងារថៃហ្នឹង ក៏អសកម្មដែរ គេមិនដែលចុះទៅពិនិត្យមើលលក្ខខណ្ឌការងាររបស់កម្មករទេ។ ទី២ ខាងភាគីខ្មែរយើងក៏មិនដែលទៅមើល ឬសួរសុខទុក្ខពួកគាត់ យើងមិនដែលដឹងអំពីសុខទុក្ខរបស់ពួកគាត់ទេ»។
ក្រុមកម្មករបានលើកឡើងទៀតថា ក្នុងកម្មករម្នាក់ត្រូវបង់លុយឲ្យក្រុមហ៊ុននៅស្រុកខ្មែរ គឺក្រុមហ៊ុន CDM ថ្លៃរត់ការឯកសារច្បាប់ ពី ១ម៉ឺន៤ពាន់បាត ទៅ ១ម៉ឺន៨ពាន់បាត ដូច្នេះប្រាក់ឈ្នួលដែលពួកគេធ្វើបាន ត្រូវចំណាយលើការជួលបន្ទប់ស្នាក់នៅ ថ្លៃម្ហូបអាហារ និងថ្លៃបង់រំលោះឲ្យក្រុមហ៊ុន។ ពួកគាត់មិនសល់លុយទេក្នុងមួយខែៗ ហើយចង់មកផ្ទះវិញក៏មិនបាន ដោយសារគ្មានលិខិតឆ្លងដែន។
លោក មឿន តុលា បានពន្យល់ទៀតថា កម្មករខ្មែរកំពុងប្រឈមនឹងបញ្ហាកេងប្រវ័ញ្ចការងារជាច្រើនដែលស្ថិតនៅក្នុងទម្រង់រំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ ពីព្រោះថា កម្មករធ្វើការនៅទីនោះហាក់បីដូចជាមានចំណងចងពួកគេមិនឲ្យទៅណារួច។ ទី១ពួកគេកំពុងជំពាក់បំណុលក្រុមហ៊ុន ដែលគេកាត់ប្រាក់ខែជារៀងរាល់ខែ ទី២ ក្រុមហ៊ុនដកហូតលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធតម្កល់ទុកនៅក្រុមហ៊ុនជាដើម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
