តុលាការក្រុងភ្នំពេញ គ្រោងនឹងកាត់ទោសចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ ក្រោមបទព្រហ្មទណ្ឌដែលបានចោទប្រកាន់ថា លោកបានផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ក្រោយពីលោកបានចុះផ្សាយព័ត៌មានមួយចំនួន កាលពីឆ្នាំ២០០៩ កន្លងទៅ និយាយថា សាកលវិទ្យាល័យកម្ពុជា បានលក់ពាក្យសុំប្រឡងទទួលអាហារូបករណ៍ ឬឌឺម៉ង់ក្នុងតម្លៃថ្លៃជាង២ម៉ឺនរៀល ក្នុងម្នាក់ៗ កន្លងមក។
ដើមបណ្ដឹងនៃសំណុំរឿងនេះ គឺលោក កៅ គឹមហួន ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជានាយកនៃសាកលវិទ្យាល័យកម្ពុជានោះ នៅក្នុងទីក្រុងភ្នំពេញ។ លោកបានប្តឹងតាមមាត្រាទី១០ នៃច្បាប់របបសារព័ត៌មាន និងមាត្រាទី៦៣ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល សម័យ UNTACT ប្រឆាំងនឹងកាសែតខ្មែរអមតៈនោះ។

ចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា អាយុ៤៦ឆ្នាំ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែកក្កដានេះថា លោកត្រៀមខ្លួនរួចហើយ ដើម្បីតទល់ក្ដីនេះ នៅក្នុងសវនាការ ៖ «មានមេធាវីខ្ញុំជាតំណាង។ ខ្ញុំមានការព្រួយបារម្ភ ពីព្រោះគាត់ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ដល់អ៊ីចឹងខ្ញុំមានការព្រួយបារម្ភ។ រឿងនេះខ្ញុំបារម្ភច្រើនជាងរឿងបុគ្គល»។
លោក ប៊ុន ថា បានទទួលដីកាជាលើកទី២ កាលពីថៃ្ងទី១៦ ខែកក្កដាថ្មីៗ នេះ ឲ្យចូលរួមក្នុងសវនាការខាងមុខនេះ គឺចេញដោយព្រះរាជអាជ្ញារង លោក មាស ចាន់ពិសិទ្ធិ ចុះថ្ងៃទី៧ ខែកក្កដាថ្មីៗ នេះ។
មេធាវីការពារក្តីឲ្យលោក ប៊ុន ថា គឺលោក សំ សុគង់ បានមានប្រសាសន៍ថា លោកនឹងបង្ហាញឯកសារនានា នៅក្នុងសវនាការ ដើម្បីការពារក្ដីនេះ ៖ «ត្រៀមអស់ហើយទាំងផ្លូវច្បាប់ ទាំងភស្តុតាង និងទាំងអង្គហេតុ ដែលខ្ញុំបានស្រាវជ្រាវរកបានហ្នឹង។ និងយកទៅបង្ហាញនៅតុលាការ ក៏ដូចជានៅក្នុងអង្គជំនុំជម្រះហ្នឹង ដើម្បីការពារកូនក្តីខ្ញុំនៅពេលនោះ»។
មូលហេតុដែលនាំឲ្យលោក ប៊ុន ថា កំពុងតែរងការប្ដឹងនេះ គឺដោយសារតែកាសែតខ្មែរអមតៈរបស់លោក បានចុះផ្សាយព័ត៌មានមួយចំនួន កាលពីខែកញ្ញា ឆ្នាំ២០០៩ កន្លងទៅ ដែលបានដកស្រង់ប្រភពសំដីរបស់និស្សិតមួយចំនួន បានត្អូញត្អែរថា សាកលវិទ្យាល័យកម្ពុជា បានលក់ពាក្យសុំប្រឡងទទួលអាហារូបករណ៍ក្នុងតម្លៃថ្លៃជាង ២០០០០រៀល ក្នុងសិស្សម្នាក់ៗ នៅក្នុងចំណោមសិស្សច្រើនពាន់នាក់។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានមានប្រសាសន៍ថា លោកមានមេធាវីរួចហើយដែរ ដើម្បីតទល់ក្ដីនេះ ដោយលោកបានបន្ទោសថា ការចុះផ្សាយរបស់ខ្មែរអមតៈកន្លងមក គឺខុសការពិត។ លោកបានបន្តថា ការប្ដឹងកាសែតខ្មែរអមតៈនេះ គឺជាជម្រើសចុងក្រោយ ដោយសារតែលោក ប៊ុន ថា មិនព្រមចុះកែតម្រូវតាមសំណូមពរ ៖ «រឿងវាបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ហើយនឹងសាលារបស់ខ្ញុំ ដែលគាត់មិនព្រមចរចារឿងហ្នឹង ដោះស្រាយរឿងហ្នឹង។ គាត់តែងតែជំរុញឲ្យយើងទៅតុលាការ។ គឺថាខ្ញុំនេះ គឺមិនចង់ឡើងតុលាការដូច្នេះទេ»។
ចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា កាលពីថ្ងៃទី១៥ ខែកក្កដាថ្មីៗនេះ បានសុខចិត្តសុំទោសរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ នឹងសន្យាចុះផ្សាយកែតម្រូវនានា ចំពោះអ្វីដែលលោកបានចុះផ្សាយ កាលពីថ្ងៃទី៥ ខែកក្កដាថ្មីៗនេះ ក្រោមចំណងជើងថា ខួបទី១៣ឆ្នាំ នៃរដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧ ជាសញ្ញាប្រមូលអំណាចផ្ដាច់មុខ របស់លោក ហ៊ុន សែន។
ប្រភពអ្នកច្បាប់បានឲ្យដឹងថា បើសិនណាតុលាការរកឃើញថា លោក ប៊ុន ថា មានទោសកំហុសមែននោះ ចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា មានទោសទទួលផាកពិន័យជាប្រាក់។ មិនមានទោសជាប់គុកនោះទេ។
កាលពីឆ្នាំ២០០៩ កន្លងមកនេះ ចាងហ្វាងកាសែតប្រឆាំងចំនួន ២នាក់ហើយ បានរងការប្ដឹងដោយមន្ត្រីរដ្ឋាភិបាល ក្រោមបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ នៅក្នុងនោះមានលោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរ និងលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក៕