ខ្មែរ​ក្រោម​ជួប​ប្រជុំ​នៅ​អូស្ត្រាលី​ដើម្បី​បង្ហាញ​អំពី​ទុក្ខ​សោក​របស់​ខ្មែរ​ក្រោម

ព្រះសង្ឃ​និង​សកម្មជន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពី​ចំនួន​៦​ប្រទេស មាន​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា បារាំង នូវ៉ែលហ្សេឡង់ អូស្ត្រាលី និង​ពី​កម្ពុជា​ផង​ដែរ បាន​នាំ​គ្នា​មក​ជួប​ជុំ​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​បង្ហាញ​សកលលោក​អំពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម​ដែល​កំពុង​តែ​តស៊ូ​តាម​មធ្យោបាយ​ច្បាប់​ដើម្បី​ទាមទារ​យក​មាតុភូមិ​កម្ពុជា​ក្រោម​នោះ​មក​វិញ។

ប្រធាន​សង្ឃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​អង្គ លី ពៅ បាន​មាន​ថេរដីកា​ពី​ប្រទេស​អូស្ត្រាលី​មក​ថា ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ បង្ហាញ​អំពី​ភាព​ទុក្ខសោក​របស់​ខ្មែរ​ក្រោម​នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម​នេះ គឺ​ក្នុង​ឱកាស​ចូលរួម​ពិធី​រំឭក​ខួប​ទី​៦០​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ព្រះ​តេជគុណ លី ពៅ មាន​ថេរដីកា​ដូច្នេះ​ថា ៖ «គណៈប្រតិភូ​ដែល​និមន្ត​និង​អញ្ជើញ​មក​ពី​គ្រប់​ទិស​ទី​ទាំង​អស់ គេ​និយាយ​ផ្សព្វផ្សាយ​អំពី​ការ​ជិះ​ជាន់​របស់​កុម្មុយនីស្ត​វៀតណាម​ដែល​បាន​ជិះ​ជាន់​លើ​ខ្មែរ​កម្ពុជា​ក្រោម​ជា​យូរយារ​ណាស់​មក​ហើយ រាប់​សតវត្សរ៍​មក​ហើយ។ ខ្មែរ​កម្ពុជា​ក្រោម ដូច​យើង​ដឹង​ស្រាប់​ហើយ មាន​ការ​រង​ទុក្ខ​វេទនា។ សព្វ​ថ្ងៃ ដោយសារ​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ វត្ត​អារាម​ទេ បាន​នៅ​ឈ្មោះ​កម្ពុជា​ក្រោម​ហ្នឹង​ឯង ប៉ុន្តែ​ការ​គ្រប់​គ្រង​គឺ​ដោយ​កុម្មុយនីស្ត​វៀតណាម ហើយ​ដោយសារ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នៅ​ឯ​ប្រទេស​ក្រៅ​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក នៅ​កាណាដា នៅ​បារាំង នៅ New Zealand នៅ​អូស្ត្រាលី ជា​ដើម ដែល​ផ្ដុំ​គ្នា​ធ្វើ​ហ្នឹង​ដើម្បី​សម្ដែង​ទុក្ខ​សោក​និង​សោកនាដកម្ម​របស់​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ឲ្យ​អង្គការ​សហប្រជាជាតិ ឲ្យ​អន្តរជាតិ ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​បាន​ឃើញ​ថា កុម្មុយនីស្ត​យួន​ធ្វើ​បាប​ខ្មែរ​យ៉ាង​ណា​ខ្លះ»

ប្រវត្តិសាស្ត្រ​បាន​លាត​ត្រដាង​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​អតីត​អាណានិគម​និយម​បារាំង បាន​កាត់​ចេញ​ពី​ដី​ខ្មែរ​ប្រគល់​ជា​ផ្លូវការ​ទៅ​ឲ្យ​វៀតណាម​កាន់កាប់​នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​តស៊ូ​ទាមទារ​យក​ដី​របស់​ខ្លួន​មក​គ្រប់គ្រង​កាន់កាប់​វិញ​តាមរយៈ​មធ្យោបាយ​តវ៉ា​តាម​ផ្លូវ​ច្បាប់ សង្ឃឹម​ថា ពិធី​បង្ហាញ​អំពី​ភាព​ទុក្ខសោក​ខ្មែរ​ក្រោម តាមរយៈ​ពិធី​ជួបជុំ​ជា​អន្តរជាតិ​នានា នឹង​អាច​ញ៉ាំង​ឲ្យ​ពិភពលោក​ជួយ​សើរើ​ដើម្បី​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នោះ​បាន​មក​វិញ៕