ក្រុម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ដែល​បាត់​បង់​ដី​ស្រែ

2009-09-15

អង្គការ​និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​បាន​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ជា​ច្រើន​គ្រួសារ​ដែល​បាត់​បង់​ដី​ស្រែ​ដោយសារ​ការ​ជីក​ព្រែក​របស់​វៀតណាម។

Photo supplied

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)។

អង្គការ​និង​សមាគម​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៩​នៅ​កម្ពុជា បាន​សរសេរ​លិខិត​លើ​ញតិ្ត​រួមគ្នា​មួយ​ផ្ញើ​ជូន​មេ​ដឹកនាំ​នៃ​រដ្ឋាភិបាល​និង​សភា​វៀតណាម ព្រមទាំង​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សុំ​ឲ្យ​កិច្ច​អន្តរាគមន៍​ផ្តល់​សំណង​នៃ​ការ​បាត់​បង់​ដី​ស្រែ​កសិកម្ម ជូន​ប្រជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង​៤០០​គ្រួសារ នៅ​ក្នុង​ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​កាន់​កាប់​ដោយ​អាជ្ញាធរ​វៀតណាម ដោយសារ​ផែនការ​ជីក​ព្រែក​កន្លង​មក​នេះ។

យោង​តាម​លិខិត​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​លិខិត​នោះ បាន​និយាយ​ថា ដើម្បី​ឲ្យ​ស្ថាន​ការណ៍​នោះ មាន​សភាព​ល្អ​ប្រសើរ​ទ្បើង​វិញ​និង​ជៀសវាង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​យើង​ខ្ញុំ​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​ឯកឧត្តម​ថ្នាក់​ដឹកនាំ​កំពូល​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ទាំង​អស់ ជួយ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​នូវ​តម្លៃ​ដី​ស្រែ​ជាក់​សែ្តង​ទាំង​អស់ ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ជៀសវាង​ការ​រឹប​យក​ដី​ធ្លី​ដោយ​គ្មាន​សំណង​ឬ​សង់​ដោយ​តម្លៃ​ទាប​បំផុត។

លិខិត​ដដែល​បាន​ចុះ​ថៃ្ង​ទី​១១ ខែ​កញ្ញា គឺ​បាន​ផ្ញើ​ជូន​លោក ងៀង តឹង​យ៉ុង នាយក​រដ្ឋមន្រ្តី​លោក ងៀង មិនត្រៀក ប្រមុខ​រដ្ឋាភិបាល​លោក ងៀង ភូ​ត្រុង ប្រធាន​សភា និង​លោក ណុង ឌឹក​ម៉ាញ់ អគ្គលេខាធិការ​នៃ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម តាមរយៈ​លោក ង៉ូ អាន់​យុង ជា​ឯក​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ថាច់ សេដ្ឋា ជា​ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​អង្គការ​និង​សមាគមន៍​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៩ បាន​ផ្ញើ​ញតិ្ត​រួម​គ្នា​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «យក​ដី​ស្រែ​គាត់​ធ្វើ​ប្រឡាយ ធ្វើ​ព្រែក​អ៊ីចឹង​ហើយ ដូច្នេះ​ត្រូវ​តែ​គិតគូរ​ដោះ​ដូរ​ធ្វើ​ម៉េច​ឲ្យ​មាន​សំណង​សម​ស្រប»

មិន​អាច​ទាក់ទង​មន្ត្រី​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​នៅ​ថៃ្ង​អង្គារ ទី​១៥ ខែ​កញ្ញា ដើម្បី​បញ្ជាក់​ថា តើ​លិខិត​ឬ​ញតិ្ត​រួម​នោះ បាន​ដល់​ដៃ​ស្ថានទូត​វៀតណាម​ហើយ​ឬ​យ៉ាង​ណា។

ស្រ្តី​ម្នាក់​នៃ​ស្ថានទូត​វៀតណាម​បាន​ឆ្លើយ​ជា​ភាសា​ខែ្មរ​ថា លោកស្រី​មិន​បាន​ដឹង​ទេ។

ប្រជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ឬ​ខេត្ត​មាត់​ជ្រូក​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​ថែ្លង​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា មេ​ដឹក​នាំ​កំពូល​វៀតណាម​ក៏​មាន​ការ​ខ្វល់​ខ្វាយ​ចំពោះ​បញ្ហា​នេះ​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​សូវ​អើពើ​ទេ ៖ «ណុង ឌឹកម៉ាញ់ គេ​ក្ដាប់​រួម។ គាត់​ស្រែក​ខ្លាំង​ដែរ គាត់​ស្រែក​តាម​ទូរទស្សន៍ ក៏​ប៉ុន្តែ​ថ្នាក់​ក្រោម​អត់​អនុវត្ត​តាម​គាត់។ ឥឡូវ​កំពុង​មាន​បញ្ហា​ហ្នឹង​ខ្លាំង​ណាស់ (បាត់​បង់​ដី​ស្រែ)»

សូម​ជម្រាប​ថា អាជ្ញាធរ​វៀតណាម​នៅ​ក្នុង​ស្រុក​ទិន​បៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់​ជ្រូក ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​កាន់​កាប់​ដោយ​អាជ្ញាធរ​វៀតណាម បាន​ដាក់​កម្លាំង​យោធា​និង​នគរបាល​ចំនួន​ប្រមាណ​៨០០​នាក់ និង​សត្វ​ឆ្កែ​ប្រដេញ​ផង កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ ដើម្បី​ត្រៀម​បង្រ្កាប​និង​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​មួយ​ខ្សែ​ប្រវែង​១០​គីឡូម៉ែត្រ និង​ទទឹង ៥០​ម៉ែត្រ ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង ៤០០​គ្រួសារ ប្រឈម​មុខ​នឹង​ការ​បាត់បង់​ដី​ស្រែ​កសិកម្ម​ដោយ​គ្មាន​សំណង​ក្រោម​ផែនការ​ជីក​ព្រែក​នោះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

វៀតណាម​ដក​កម្លាំង​ចេញ​ពី​កន្លែង​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​សរសើរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក

មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម