ការជួបជុំក្រុមខ្មែរក្រោមដែលមានប្រមាណ ៤០០នាក់គឺស្ថិតក្រោមការរៀបចំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលប្រឆាំងនឹងនយោបាយរបស់រដ្ឋាភិបាលយៀកណាម។
សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទាំងនោះខ្លះមកពីរដ្ឋកាលីហ្វ័រនីញ៉ា រដ្ឋតិចសាស់ រដ្ឋហ្វ្លរីដា រដ្ឋផិនស៊ីលវ៉េនីញ៉ា រដ្ឋញូចឺស៊ី នៃសហរដ្ឋអាមេរិក មកពីប្រទេសកាណាដានិងពីប្រទេសឯទៀតនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ ប្រទេសស្វ៊ីស ហុល្លង់ ប្រទេសបារាំង បែលហ្ស៊ីក។ល។ ជាដើម។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលកំពុងតែធ្វើនេះ គឺដើម្បីពិនិត្យតាមដានស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅតាមប្រទេសរៀងៗខ្លួន។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ បានថ្លែងឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលអង្គការសហប្រជាជាតិតម្រូវឲ្យតំណាងប្រទេសរៀងខ្លួនៗទាំង១៩២ប្រទេស ធ្វើសេចក្តីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស។
ហើយដោយឡែកចំពោះវៀតណាម គឺនឹងតម្រូវឲ្យប្រទេសនេះរាយការណ៍អំពីករណីរំលោភសិទ្ធិមនុស្សនារយៈពេល៤ឆ្នាំចុងក្រោយនេះដោយសារតែប្រទេសវៀតណាមជាប្រទេសហត្ថលេខីមួយនៃកតិកាសញ្ញានិងអនុសញ្ញាដែលរដ្ឋាភិបាលក្រុងហាណូយបានចុះហត្ថលេខានៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៨១នោះមក។
លោក ថាច់ ង៉ុកថាច់ ថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ ខ្មែរកម្ពុជាក្រោមទាំងអស់ត្រៀមនឹងធ្វើពិធីសាសនាមួយនៅឯក្បែរកិច្ចប្រជុំនោះដើម្បីរកការជួយគាំទ្រពីអន្តរជាតិប្រឆាំងនឹងវៀតណាមដែលគេបានចោទថាបានរំលោភសិទ្ធិរស់នៅរបស់ប្រជាជនខ្មែរកម្ពុជាក្រោម ៖ «យើងមានធ្វើពិធីបួងសួងនៅមុខរូបសំណាក មហាត្មា គន្ធី នៅទល់មុខអង្គការសហប្រជាជាតិហ្នឹងតែម្ដង ហើយនៅពេលថ្ងៃហ្នឹង គឺថាដើម្បីទៅអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ទាំង៤៧ប្រទេស ព្រមទាំងរដ្ឋាភិបាលផ្សេងៗពេញមួយថ្ងៃ ថ្ងៃស្អែក រហូតដល់យប់តែម្ដង»។
គេនៅមិនទាន់ឃើញសេចក្តីថ្លែងការណ៍ឬការប្រកាសណាមួយពីប្រទេសវៀតណាមជុំវិញរឿងបញ្ហាខ្មែរក្រោមធ្វើការជំទាស់ប្រឆាំងនឹងវត្តមានតំណាងមន្ត្រីរដ្ឋាភិបាលក្រុងហាណូយក្នុងក្រុងហ្សឺណែវនេះនៅឡើយទេ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដដែល បានថ្លែងទៀតថា នៅថ្ងៃសុក្រ ខ្មែរក្រោមទាំងអស់នឹងធ្វើបាតុកម្មជំទាស់មួយទៀតប្រឆាំងវៀតណាមនៅមុខការិយាល័យអង្គការសហប្រជាជាតិ ៖ «គោលបំណងដែលទាមទារហ្នឹង គឺយើងសំដៅទៅលើមួយដែលយើងធំបំផុត គឺធ្វើយ៉ាងណាឲ្យខ្មែរនៅកម្ពុជាក្រោមមានសិទ្ធិដាច់ដោយឡែក ឯករាជ្យខាងផ្នែកជំនឿលើព្រះពុទ្ធសាសនាហ្នឹង ឲ្យដាច់ កុំឲ្យនៅក្រោមរដ្ឋាភិបាលយួនគ្រប់គ្រង។ ហើយទី២ គឺការរឹបអូសយកដីធ្លីរបស់បងប្អូនយើងនៅកម្ពុជាក្រោម ត្រូវតែប្រគល់មកឲ្យវិញ ហើយទី៣ បន្តបន្ទាប់ គឺផ្នែកវប្បធម៌ ផ្នែកខាងសិក្សាអប់រំ ដែលមិនមាននិស្សិតខ្មែរក្រោមបានមករៀននៅបរទេស ដូចជាកូនចៅយួននិងកូនចៅជាតិសាសន៍ដទៃផ្សេងទៀត»។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះប្រព្រឹត្តទៅក្នុងរយៈពេល៣សប្តាហ៍។ លោកបានថ្លែងថា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបនិងធ្វើការជាមួយនឹងមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិចាប់តាំងពីដើមសប្ដាហ៍នេះមកដែរ៕
