ខ្មែរ​ក្រោម​១០​គ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​ត្រូវ​អាជ្ញាធរ​វៀតណាម​គំរាម

ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ប្រមាណ ១០​គ្រួសារ រស់នៅ​ក្នុង​ខេត្ត​អាងយ៉ាង ឬ​ខេត្ត​មាត់​ជ្រូក កំពុង​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​នគរបាល​វៀតណាម​មួយ​ក្រុម​បាន​មក​គំរាម​ពួក​គាត់​មិន​ឲ្យ​បន្ត​ការ​ទាមទារ​យក​ដី​ធ្លី​កសិកម្ម បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​ចាប់​ខ្លួន​ដាក់​គុក។

0:00 / 0:00

លោក ចៅ សុខ ជា​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម ដែល​អះអាង​ថា​រស់​នៅ​ក្នុង​ឃុំ​ចៅទ្បាំង ស្រុក​ស្វាយទង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាងយ៉ាង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «គេ​គំរាម​ថា រឿង​ដី​ស្រែ​ដី​ចម្ការ​គេ​មិន​ឲ្យ​ទេ មិន​បាច់​តវ៉ា​អី​ទេ ចាប់​ដាក់​គុក​ឥឡូវ។ ប៉ុន្តែ​កន​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ»

ស្រប​គ្នា​នោះ​ដែរ ប្រភព​បាន​ឲ្យ​ដឹង​ថា នគរបាល​វៀតណាម​បាន​ចាប់​ខ្លួន​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ឈ្មោះ ចៅ ប៊ន អាយុ​៣០​ឆ្នាំ កាល​ពី​ថៃ្ង​អង្គារ​កន្លង​ទៅ​នេះ នាំ​ខ្លួន​ទៅ​សាលា​ឃុំ​ដើម្បី​សួរ​ចម្លើយ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថៃ្ង​ដដែល​នោះ។

លោកស្រី នាង ហាន តំណាង​ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម ១០​គ្រួសារ​នៅ​ក្នុង​ភូមិ​នោះ បាន​ថែ្លង​ថា ៖ «ខ្ញុំ​តវ៉ា​មក ឥឡូវ​មិន​ព្រម​សង​ខ្ញុំ​សោះ ឥឡូវ​គេ​មក​គំរាម​កំហែង​ដល់​ផ្ទះ ខ្ញុំ​ថា លិខិត​ស្នាម​ដែល​ខ្ញុំ​បញ្ជូន​ទៅ​គ្រប់​កន្លែង​អស់ ចុះ​មក គេ​អត់​ឲ្យ​ទេ គេ​ឲ្យ​ខ្ញុំ​យក​ក្រដាស​ស្នាម​វិញ​ទៅ»

អ្នក​ភូមិ​ជា​ច្រើន​រស់​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង ១០០​គ្រួសារ កំពុង​តែ​បាត់​បង់​ដី​ធ្លី​កសិកម្ម​ជា​ច្រើន​រយ​ហិកតារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ នៅ​គ្រា​ដែល​មាន​ការ​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​វៀតណាម​និង​ខែ្មរ​ក្រហម ហើយ​ជន​ជាតិ​វៀតណាម​បាន​ចូល​កាន់​កាប់​ដី​ធ្លី​នោះ​ជា​រៀង​រហូត​មក។

ក្រុម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ជាង ១០០​គ្រួសារ​នោះ ធ្លាប់​បាន​ងើប​តវ៉ា​ទាមទារ​យក​ដី​ធ្លី​នោះ​មក​វិញ​កាល​ពី​ឆ្នាំ​២០០០ ឆ្នាំ​២០០១ កន្លង​ទៅ ដោយ​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និង​រដ្ឋាភិបាល​វៀតណាម សុំ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​ឡើយ ហើយ​បែរ​ជា​បាន​ទទួល​រង​ការ​គំរាម​ថា​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ដាក់​គុក បើ​សិន​ណា​នឹង​មាន​ការ​ងើប​តវ៉ា​ទៀត។

មិន​អាច​ទាក់ទង​លោក ទ្រីញ បាកឹម អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ភ្លាមៗ​ទេ​ជុំវិញ​រឿង​ខាង​លើ​នេះ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ទាក់ទង​នឹង​បញ្ហា​នេះ​ថា មាន​មនុស្ស​មួយ​ក្រុម​តែ​ប៉ុណ្ណោះ បាន​ងើប​តវ៉ា​រឿង​ដី​ធ្លី​នោះ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ដី​មួយ​ចំនួន ការ​ប្ដឹង​ផ្ដល់​គ្នា រដ្ឋាភិបាល​យួន​អត់​ដោះ​ស្រាយ​ទេ ដី​ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​មាន​កម្មសិទ្ធិ​ត្រឹម​ត្រូវ​ដែល​គាត់​កាន់​កាប់ ប៉ុន្តែ​យួន​គេ​បដិសេធ​ទៅ​វិញ។ នេះ​មាន​ន័យ​ថា យួន​បាន​រំលោភ​ខ្លាំង​ក្លា​មែន​ទែន ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ការ​រឹប​អូស​យក​ដី​ធ្លី ផ្ទះ​សម្បែង»

កាល​ពី​ខែ​មេសា​កន្លង​ទៅ ព្រះសង្ឃ យឿង ស៊ិន ប្រធាន​សមាគម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​សភា​ជាតិ​កម្ពុជា​និង​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា សុំ​ឲ្យ​បង្កើត​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ក្នុង​ក្រុង​ព្រែក​ឫស្សី​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខែ្មរ​កម្ពុជា​ក្រោម នៅ​គ្រា​ដែល​ប្រទេស​វៀតណាម​មាន​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរ​តែ​គ្រប់ ២៤​ខេត្ត​ក្រុង ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​វិញ​ពី​សភា​ជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​នៅ​ទ្បើយ​ទេ៕