ចំណែកនៅតាមជាយដែនខ្មែរ-ថៃ នៃខេត្តឧត្តរមានជ័យវិញ អតីតក្រុមកងទ័ពសីហនុនិយម និងអតីតកងទ័ពខ្មែរក្រហមខ្លះ បានសំដែងទឹកចិត្តក្ដុកក្ដួល បន្ទាប់ពីបាត់ព្រះវត្តមានរបស់ព្រះអង្គពីក្នុងលោកនេះទៅ។
អតីតអ្នកធ្លាប់ចូលរួមតស៊ូជាមួយព្រះមហាវីរក្សត្រមួយចំនួន ដែលរស់នៅជាប់បន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងស្រុកបន្ទាយអំពិល បានឱ្យដឹងថា ពួកគេមានការសោកស្ដាយយ៉ាងធំធេង នៅពេលបាត់បង់មហាវីរជនជាតិ ដែលពួកគេស្រឡាញ់យ៉ាងប្ដូរផ្ដាច់ ដោយសុខចិត្តតាមដង្ហែព្រះអង្គ នៅតាមព្រៃក្នុងពេលតស៊ូ នៅតាមជាយដែនជាច្រើនឆ្នាំមកនោះ។
លោក ឡេង ខ្លី គឺជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត ដែលរស់នៅភូមិជប់គគីរខាងលិច នៃឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យទី ២១ ខែតុលាថា លោកធ្លាប់ចូលរួមតស៊ូ នៅតាមជាយដែនខ្មែរ-ថៃ ជាមួយកងទ័ពសីហនុនិយម ចាប់ពីអំឡុងឆ្នាំ ១៩៨០-១៩៩០។ នៅក្នុងពេលដែលលោកចូលរួមតស៊ូជាមួយកងទ័ពសីហនុនិយមនោះ គឺលោកធ្លាប់ធ្វើជាកងការពារព្រះអង្គ។ ក៏ប៉ុន្តែ នៅពេលដែលព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្តម សីហនុ យាងចូលទិវង្គតនេះ បានធ្វើឱ្យរូបលោកក្ដុកក្ដួលជាខ្លាំង។
លោក ឡេង ខ្លី បញ្ជាក់ថា ជារៀងរាល់ថ្ងៃ លោកមិនចង់មើលទូរទស្សន៍ ដែលចាក់ផ្សាយអំពីការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រទេ ពីព្រោះពេលដែលលោកមើលទូរទស្សន៍ ហើយឮសំឡេងស្មូត បានធ្វើឱ្យលោករន្ធត់ចិត្តកាន់តែខ្លាំងឡើង។ បុរសដដែលបានបង្ហាញទឹកចិត្តឱ្យឃើញថា លោកមិនចង់បាត់បង់ព្រះមហាវីរក្សត្រទេ ហើយជារៀងរាល់ថ្ងៃ នៅពេលដែលប្រជាពលរដ្ឋខ្មែរ ចេញចូលទៅក្នុងទីផ្សារថៃ គឺលោកតែងណែនាំ ឱ្យពួកគេពាក់សញ្ញាកាន់មរណទុក្ខ។
លោក ឡេង ខ្លី៖ «ដូចជាខ្ញុំអីក៏បានចូលរួមដែរ ថាបងប្អូនមុននឹងចូលទៅក្នុងផ្សារថៃ យើងត្រូវមានស្លាកខ្មៅសំគាល់កាន់ទុក្ខគ្រប់គ្នា។ ព្រះមហាវីរក្សត្រចូលទិវង្គត សូម្បីតែខាងអាជីវករមកពីអូស្មាច់អន្លង់វែង ក៏គេមានព្រះឆាយាល័ក្ខណ៍ពាក់នឹងអាវគេ ហើយខាងខ្ញុំឯណេះក៏មានក្រណាត់ខ្មៅសម្រាប់ពាក់សំគាល់កាន់ទុក្ខដែរ»។
នៅឯភូមិថ្មដូន គឺជាអតីតជំរំនៃកងទ័ពរណសិរ្ស ហ្វ៊ុនស៊ិនប៉ិច ដែរ ថ្វីត្បិតតែបច្ចុប្បន្នមានប្រជាពលរដ្ឋ រស់នៅមិនច្រើនគ្រួសារក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដូចប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែរ។
លោក ពេជ្រ ស៊ីណាត ជាមេភូមិថ្មដូន មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកប្រមាណពី ៥០-៦០ គ្រួសារ បាននាំគ្នាធ្វើចង្ហាន់ ទៅប្រគេនព្រះសង្ឃក្នុងវត្ត និងធ្វើពិធីបង្សុកូលឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រចំនួន ៣ ថ្ងៃជាប់ៗ គ្នាមកនេះ។
ចំណែកនៅស្រុកអន្លង់វែង ដែលជាអតីតតំបន់កងទ័ពខ្មែរក្រហមឯនោះវិញ អតីតកងទ័ពខ្មែរក្រហមជាច្រើន បានសំដែងការសោកស្ដាយ និងចូលរួមគោរពព្រះវិញ្ញាណក្ខន្ធដែរ។
អតីតកងទ័ពខ្មែរក្រហមមួយរូប ដែលចូលព្រៃតស៊ូ តាំងពីអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៩៦ មានប្រសាសន៍ថា លោកធ្លាប់បានជួបព្រះភក្ត្រសម្ដេចព្រះ នរោត្តម សីហនុ ម្ដង។ លោកបានចាត់ទុកព្រះមហាវីរក្សត្រ គឺជាវីរបុរសជាតិខ្មែរ។
សំឡេង៖ «ដល់បាត់ព្រះអង្គទៅ ក៏អារម្មណ៍មួយៗ មានការក្ដុកក្ដួល ដោយសារបាត់បង់វីរជន វីរបុរស។ គ្រប់កន្លែងយើងធ្វើពិធីបុណ្យគោរពបូជា ដល់ព្រះមហាវីរក្សត្រ ដែលបានសោយទិវង្គតទៅនៅតាមកន្លែងសាលាស្រុក នៅតាមសាលាឃុំ ដើម្បីគោរពបូជា ឱ្យបងប្អូនមកអុជធូប ដុតទៀន»។
ចាប់តាំងពីព្រះមហាវីរក្សត្រ យាងចូលទិវង្គត កាលពីថ្ងៃទី១៥ រហូតមកដល់ថ្ងៃទី២១ ខែតុលានេះ គឺនៅតាមបណ្ដាខេត្ត មានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បានចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។
ចំណែកនៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែតុលា មានព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់ បានដើរដង្ហែក្បួនតាមដងផ្លូវ ដើម្បីកាន់មរណទុក្ខ និងធ្វើពិធីបង្សុកូល ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
