ក្រៅពីនេះព្រះមហាក្សត្រមានគម្រោងការយាងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង នៅថៃ្ងទី១២ ខែមីនាខាងមុខនេះ ក្រោយពីបានគង់នៅក្នុងប្រទេសចិន។
មន្រ្តីទីប្រឹក្សាព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងអាទិត្យ ២១ កុម្ភៈនេះថា ៖ «លោកនឹងយាងទៅនៅព្រឹកថ្ងៃស្អែក ថ្ងៃទី២២ ដំបូងឆ្ពោះទៅប្រជាមានិតចិន គឺថា លោកត្រូវតែយាងទៅ៦ខែម្ដង ទៅត្រួតពិនិត្យព្រះរាជសុខភាពព្រះអង្គ (Check up)»។
សុខ សេរី ៖ តើព្រះអង្គនឹងទៅរយៈពេលប៉ុន្មានថ្ងៃ? អ៊ុំ ដារ៉ាវុធ ៖ ខ្ញុំមិនទាន់ដឹងនៅឡើយទេ ក៏ប៉ុន្តែគ្រាន់តែថា លោកត្រូវតែបន្តព្រះរាជវត្តមានរបស់ព្រះអង្គដល់ប្រទេសបារាំង ពីព្រោះលោកត្រូវតែយាងទៅដើម្បីទទួលនូវមហាកិត្តិយសដែលសាធារណរដ្ឋបារាំង Accadémi Francais (សភាបារាំង) គឺមាន៤០នាក់ជាសមាជិក ដើម្បីគេតែងតាំងព្រះអង្គជា Membre Accadémi ជាសមាជិកនៅក្នុងអង្គភាពដ៏ឧត្ដុង្គឧត្ដមរបស់សាធារណរដ្ឋបារាំងហ្នឹង។
លោកបានរំពឹងទុកថា មានមន្រ្តីជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រមួយចំនួន មន្រ្តីខុទ្ទកាល័យព្រះមហាក្សត្រនិងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល នឹងចូលរួមជូនព្រះរាជដំណើរការយាងចាកចេញរបស់ព្រះមហាក្សត្រ។
លោក ខៀវ កាញារីទ្ធ ជាមន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានិងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅពេលដែលវិទ្យុអាស៊ីសេរីបានទាក់ទងតាមទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយ លោកបានសុំមិនធ្វើអាត្ថាធិប្បាយអី្វទេ។
លោក ផៃ ស៊ីផាន ជាមន្រ្តីអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ «ការដែលលោកយាងទៅទីក្រុងប៉េកាំងហ្នឹង គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ គឺជាការយាងមួយដែលជាលក្ខណៈទូទៅទេ ហើយនិងការទទួលនូវតំណែងថ្មីនៃខាងសាធារណរដ្ឋបារាំង ដែលគេថ្វាយព្រះអង្គហ្នឹង យើងមានការសប្បាយរីករាយនិងមានមោទនភាពខ្ពស់ចំពោះអ្វីដែលព្រះអង្គលោកទទួលបាន ព្រោះទ្រង់ជាព្រះមហាក្សត្រជីវិតតម្កល់លើត្បូងរបស់យើង»។
ជាមួយគ្នានេះតំណាងរាស្រ្តគណបក្សសមរង្ស៊ី គឺលោក សុន ឆ័យ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ក្នុងការយាងចេញទៅក្រៅប្រទេសរបស់ព្រះអង្គហ្នឹង ធ្វើឲ្យកូនចៅរបស់ព្រះអង្គមានការព្រួយបារម្ភ ព្រោះយើងតែងចាត់ទុកថា ព្រះមហាក្សត្រលោកតែងតែគង់ជាម្លប់ដ៏ត្រជាក់របស់កូនចៅព្រះអង្គ ហើយចង់ឲ្យព្រះអង្គពេលចប់បេសកកម្មយាងត្រឡប់មកមាតុប្រទេសវិញឲ្យបានឆាប់»។
ព្រះមហាក្សត្រព្រះបរមនាថ នរោត្ត សីហមុនី បានទ្បើងគ្រងរាជនៅក្នុងព្រះរាជាភិសេកកាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៤កន្លងទៅ ជំនួសព្រះបិតាព្រះអង្គ ព្រះបាទ នរោត្តម សីហនុ ដែលបានយាងចូលនិវត្តន៍។
បច្ចុប្បន្នព្រះបិតានិងព្រះមាតារបស់ព្រះមហាក្សត្រកំពុងតែគង់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងការព្យាបាលព្រះរោគ៕
